Saturday, November 23, 2024

មិនដល់១០០ ដុល្លារផង ម្ចាស់ហាងមួយកន្លែង នៅក្រោយស្តាត មិនព្រមបើកប្រាក់ខែឱ្យបុគ្គលិក

ខេត្តសៀមរាប៖ ហាងផឹកស៊ីមួយកន្លែង នៅក្រោយស្តាតយីហោ “ពន្លឺច័ន្ទសៀមរាប” ដែលមានម្ចាស់ឈ្មោះ មាស អ៊ុយ ភេទប្រុស អាយុ ៣២ឆ្នាំ ទីកន្លែងកំណើត និង ស្នាក់នៅក្នុងខេត្តសៀមរាប បានបញ្ឈប់បុគ្គលិកមុនពេលកំណត់ ហើយក៍មិនព្រមបើកប្រាក់ខែឱ្យផងដែរ។ ដោយលុយនៅសល់ពីការ ដែលបុគ្គលិកនោះខ្ចីចាយមុន មិនដល់១០០ដុល្លារផង។ នេះបើយោងតាមការឱ្យដឹងពីបុគ្គលិក ដែលត្រូវបានម្ចាស់ហាងផឹកស៊ីខាងលើ បានបញ្ឈប់ ប្រាប់មកកាន់អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី កាលពីព្រលប់ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ។

បុគ្គលិករូបនោះថា គាត់មានឈ្មោះ គីម ចន្ថារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ កើតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បច្ចុប្បន្នរស់បន្ទប់ជួល ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ គាត់ត្រូវបានអនុញ្ញាតិឱ្យចូលធ្វើការ នៅហាងផឹកសុីមួយកន្លែងយីហោ “ពន្លឺច័ន្ទសៀមរាប” នៅក្រោយស្តាតចាស់ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ជាអ្នកគ្រប់គ្រងទូទៅ(GM) ដែលអាចទទួលបានប្រាក់ខែ ២៥០ ដុល្លារក្នុងការងារនេះ និងបានចាប់ផ្ដើមធ្វើការ តាំងពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣មក។
បុគ្គលិករូបនោះបន្តថា គាត់បានធ្វើការងារជា GM រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ក៍ត្រូវទទួលបានទូរស័ព្ទពីថៅកែហាងខាងលើ ឱ្យឈប់ពីការងារ ក្រោមហេតុផលថា គាត់យកឈ្មោះហាងទៅអះអាងក្នុងការខ្ចីប្រាក់តាមអុីធឺណែត ហើយប៉ះពាល់ដល់ឈ្មោះហាង។ ក្រោយមក GM រូបនេះបានព្យាយាមទាក់ទង ទៅថៅកែហាងដើម្បីស្នើសុំបើកប្រាក់ការងារ ប៉ុន្តែត្រូវថៅកែហាងឆ្លើយថា ត្រូវដោះស្រាយរឿងកម្ចីអ៊ីនធឺណែត កុំឱ្យប៉ះពាល់នឹងឈ្មោះហាងគាត់សិន ទើបគាត់ព្រមបើកប្រាក់ឱ្យ។
បុគ្គលិកហាងរូបនោះបានបញ្ជាក់ថា តាមពិតទៅរូបគាត់ពិតជាបានខ្ចីប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត ចំនួន ៣០០ដុល្លារពិតប្រាកដមែន ប៉ុន្តែរូបគាត់ពុំបានយកឈ្មោះ របស់ហាង ទៅធានាអះអាង នៅក្នុងរឿងនេះទេ ដោយភាគីកម្ចីតាមអ៊ីនធឺណិតខាងលើ គ្រាន់តែឲ្យគាត់ថតវីដេអូ និងរូបមួយចំនួនផ្ញើរទៅគេ នោះគេក៍បានអនុម័តឲ្យខ្ចី ដោយចំនួនកម្ចី ៣០០ ដុល្លារ តែគាត់ទទួលបានត្រឹមតែ ១២០ ដុល្លារប៉ុណ្ណោះ ចំណែកឯង ១៨០ ដុល្លារទៀតនោះ ត្រូវបានខាងកម្ចីអ៊ីនធឺណិត ដកយកហើយប្រាប់ថាសម្រាប់សេវាកម្មរដ្ឋបាល និងច្បាប់។
បុគ្គលិកនោះបានបញ្ជាក់បន្ថែមថា បន្ទាប់ពីខកខានក្នុងការបង់ត្រឡប់ទៅវិញ ភាគីខាងកម្ចីអ៊ីនធឺណិត បានធ្វើការទាក់ទំនងតាមទូរសព្ទមកគាត់ ដោយជេរប្រមាថ គំរាមកំហែង ថាបើមិនសងលុយទេ នឹងធ្វើឱ្យ GM នេះបាត់បង់ការងារជាមិនខាន។ ក្រោយមកភាគីខាងកម្ចីអ៊ីនធឺណិតខាងលើ បានយករូបថត និងវីដេអូ របស់គាត់រួមជាមួយនឹង រូបថតរបស់ហាងផឹកស៊ីដែលគាត់កំពុងតែធ្វើការ ផ្ញើទៅកាន់តេឡេក្រាមរបស់ម្ចាស់ហាង។ ដោយមិនស្ដាប់ហេតុផលរបស់ GM នោះឡើយ ម្ចាស់ហាងក៏បានបញ្ឈប់ ការងាររបស់គាត់ និងមិនព្រមទូទាត់ប្រាក់ ថ្លៃកម្លាំងពលកម្មឱ្យGM នេះឡើយ។
ដោយឡែកភាគីខាងម្ចាស់ហាង ក៏បានប្រាប់មកកាន់អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី កាលពីយប់ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះថា រូបគាត់ពិតជាបានទទួលបុរសខាងលើឲ្យធ្វើការនៅក្នុងហាងរបស់គាត់ ដោយមានតួនាទីជាអ្នកគ្រប់គ្រងទូទៅ (GM)ពិតប្រាកដមែន ដោយថ្លៃឈ្នួលខាងការងារ ២៥០ ដុល្លារក្នុងមួយខែ។
ម្ចាស់ហាងខាងលើបានបន្តថា គាត់ទទួលបានសារតាមរយៈតេឡេក្រាម ពីរខាងភាគីកម្ចីអ៊ីនធឺណិត ដោយបានបញ្ជាក់ថាបុគ្គលិក GM របស់គាត់ បានធ្វើការខ្ចីប្រាក់ពីខាងគេ នឹងបានយកឈ្មោះហាងទៅសំអាង ហើយពេលនេះ GM រូបនោះ មិនបានសងប្រាក់ត្រឡប់ទៅគេវិញនោះទេ ដូច្នេះប្រសិនបើមិនសង ភាគីខាងកម្ចីអ៊ីនធឺណិត គំរាមថានឹងយកឈ្មោះហាង និងGM នោះទៅធ្វើការផ្សព្វផ្សាយជាសាធារណៈ។
ម្ចាស់ហាងផឹកស៊ីរូបនោះបានបន្តថា ដោយឮថា GM របស់គាត់ បានយកឈ្មោះហាងរបស់គាត់ទៅសំអាងយ៉ាងដូច្នោះ និងរួមទាំងកន្លងមក GM រូបនោះធ្វើការមិនបានទៀងទាត់ ដោយមានការឈប់សម្រាកច្រើន (៤ថ្ងៃក្នុងអំឡុងពេលការងារជាង១០ថ្ងៃ) ក៏នៅព្រឹកថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២៣ ក៏បានទូរសព្ទប្រាប់ថាមិនបាច់មកធ្វើការទៀតទេ។
ថៅកែហាងរូបនោះបានបញ្ជាក់ថា បន្ទាប់ពីជួបចរចាគ្នា ថៅកែក៏នឹងសម្រេចចិត្តបើកប្រាក់ការងារឲ្យ ប៉ុន្តែត្រូវកាត់ថ្ងៃដែលគាត់ឈប់លើស ចំនួន ២ថ្ងៃ ស្មើរហ្នឹង ១៦ ដុល្លារ កាត់ថ្លៃមិនមកចូលរួមពលកម្ម ៥ដុល្លារ និងប្រាក់ដែល GM រូបនោះបានខ្ចីយកទៅចាយមុន រួមជាមួយបុងដែល GM ផឹកស៊ីជាមួយមិត្តភក្តិ ចំនួន ៣បុង សរុប ប្រហែល ៦០ ដុល្លារ។ ដូច្នេះ GM រូបនោះនៅសល់ប្រាក់ត្រឹមតែ ៤៨ ដុល្លារតែប៉ុណ្ណោះ។
យ៉ាងណាមិញឆ្លើយតប ទៅនឹងម្ចាស់ហាង បុរសដែលជា GM នោះថា គាត់ពិតជាបានខ្ចីលុយពីម្ចាស់ហាងមែន ហើយតាមការទូទាត់របស់គាត់ គឺខាងភាគីហាង ត្រូវបើកឱ្យគាត់ចំនួនប្រហែល ៨០ដុល្លា។
មិនមែន ៤៨ ដុល្លារនោះទេ។
ទោះបីជាយ៉ាង ភាគីទាំងសងខាងនៅមិនទាន់ត្រូវរូវគ្នាចំពោះចំនួនលុយ ៨០ដុល្លា និង ៤៨ដុល្លា។ បុគ្គលិកដែលជា GM រូបនោះស្នើរសុំឱ្យ មន្ទីរការងារមេត្តាចុះត្រូតពិនិត្យ ស្តង់ដារការងារ និងជួយឱ្យគាត់អាចទទួលបានលុយដែលជាកម្លាំងញើសឈាមរបស់គាត់ផង៕នាគស

ព័ត៌មានពេញនិយម