ខេត្តសៀមរាប៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបថា លោក អ៊ី ប៊ុនផេង ដែលបង្កហិង្សាដោយចេតនា ទៅលើលោក ហេង ឆាយហួរ បានពឹងពាក់មេធាវីការពារក្ដី ដើម្បីសម្របសម្រួលសំណងរដ្ឋប្បវេណី តែបណ្ដឹងអាជ្ញា ត្រូវបានចាត់ការតាមនិតិវិធីច្បាប់។ នេះបើយោងតាមសេចក្ដីបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបដែលគ្មានលេខ ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ។
ខ្លឹមសារនៃលិខិតឲ្យដឹងថា កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១២ និង ០០នាទីកន្លងទៅ ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានទទួលពាក្បណ្ដឹង(មិនបានបញ្ជាក់លេខ) ពីឈ្មោះ ហេង ឆាយហួរ ភេទប្រុសអាយុ ២៣ ឆ្នាំ(មិនបញ្ជាក់មុខរបរ និងទីលំនៅ) ដោយប្ដឹងចោទទៅលើឈ្មោះ អ៊ី ប៊ុនផេង ភេទប្រុសអាយុ ២៦ ឆ្នាំ (មិនបញ្ជាក់មុខរបរ និងទីលំនៅ) ករណីហិង្សាដោយចេតនា។
ខ្លឹមសារបន្តថា ក្រោយពីទទួលបណ្ដឹងរួច នៅវេលាម៉ោង ១៤ និង ០០ នាទីសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ នាំខ្លួនជនសង្ស័យឈ្មោះ អ៊ី ប៊ុនផេង មកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយទទួលកំហុសថា៖ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២២ និង ៣០ នាទី រូបខ្លួននិងបក្សពួកពិតជាបានធ្វើសកម្មភាពវាយ ទៅលើឈ្មោះ ហេង ឆាយហួរ ដោយរូបខ្លួនបានយកកៅអី វាយទៅលើជនរងគ្រោះ ឈ្មោះ ហេង ឆាយហួរ ចំកណ្ដាលក្បាលចំនួន ០១ កៅអីបណ្ដាលឱ្យបែកក្បាល ប្រាកដមែន។ មូលហេតុ ឈ្មោះ ហេង ឆាយហួរ មានទំនាស់ជាមួយនឹងខ្លួន ឈ្មោះ ហេង ឆាយហួរ បានធ្លាប់មានគំនុំកន្លងមក និងរកគប់កញ្ចក់រថយន្តរបស់ខ្លួន ទើបធ្វើឱ្យខ្លួននិងបក្សពួកមានកំហឹង ក៏បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះតែម្ដង ហើយក្រោយធ្វើសកម្មភាពខ្លួន និងបក្សពួកក៏នាំគ្នាគេចខ្លួន។
ខ្លឹមសារលិខិតបានបញ្ជាក់ថា ក្រោយពេលទទួលបណ្ដឹង និងបន្តការស្រាវជ្រាវ ភាគីជនបង្កបានពឹងពាក់មេធាវីការពារក្ដី ដើម្បីសម្របសម្រួលបណ្ដឹងរដ្ឋប្បវេណី រីឯបណ្ដឹងអាជ្ញាត្រូវបានចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ជូនថា ការចេញនូវលិខិតបំភ្លឺព័ត៌មាន របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបនៅពេលនេះ ធ្វើឡើងបន្ទាប់ពីមាន អង្គភាពសារព័ត៌មាន បានផ្សាយនិងដាក់ចំណងជើងថា “មានករណីហិង្សាដោយចេតនា ត្រង់ចំណុចហាងកាហ្វេយីហោ “ឃ្វីនកាហ្វេ” ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប”។
សូមជម្រាបជូនផងដែរថា កន្លងមកមានសារព័ត៌មានជាច្រើនបានធ្វើការចុះផ្សាយ ពាក់ព័ន្ធនឹងករណីដែល លោក អុី ប៊ុនហេង និងបក្សពួកប្រហែល២០នាក់ ដោយប្រើប្រាស់រថយន្តចំនួន ៤គ្រឿង នឹងម៉ូតូជាច្រើនគ្រឿង ធ្វើសកម្មភាពទៅវាយទៅលើ ម្ចាស់ហាងកាហ្វេ យីហោរ “ឃ្វីនកាហ្វេ” ឱ្យរងរបួស ដេរ ២០ថ្នេរ ស្ថិតត្រង់ចំណុចខាងមុខ វិទ្យាល័យអង្គរ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ករណីខាងលើនេះកើតហេតុ កាលពីវេលាម៉ោង ២២ និង ០០នាទី ថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។
សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហេង ឆាយហួរ បានអង្គុយលេងនៅក្នុងហាងកាហ្វេរបស់ខ្លួនជាមួយមិត្តភក្តិចំនួន២នាក់ ហើយស្រាប់តែមានលេចមុខជនសង្ស័យ និងគ្នីគ្នាប្រហែល២០នាក់ ចូលទៅវាយជនរងគ្រោះ នៅក្នុងហាង ជនរងគ្រោះបានរត់ឲ្យញាតិជិតខាងបានជួយ ពេលនោះជនងរងគ្រោះបានរត់ចូលក្នុងហាង តាម៉ាប់ ស្លាបមាន់ក្រឡុកនៅក្បែរនោះផងដែរ ។
សាច់ញាតិជនរងគ្រោះដ៍ដែលបានបន្តថា ជាសំណាងល្អពេលដែលចូលដល់ក្នុងហាងក្បែរនោះ ក៍មកមានប្រជាពលរដ្ឋ ជួយរំដោះជនរងគ្រោះទៅគ្លីនិកបានទាន់ពេល។
សាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា សមត្ថកិច្ចនគរបាលមិនបានចាប់ ជនសង្ស័យ និងបក្សពួកនោះទេ។
ពាក់ព័ន្ធនិងករណីខាងលើ អង្គភាពបណ្ដាញ សារព័ត៌មាន គេហទំព័រ គូលែនដេលី បានធ្វើការទំនាក់ទំនងទៅកាន់សាច់ញាតិជនរងគ្រោះ គាត់ក៏បានឆ្លើយតបយ៉ាងខ្លីថា រឿងនេះត្រូវបានសម្របសម្រួល តាមសំណង់រដ្ឋប្បវេណីហើយ។
ជុំវិញករណីនេះ មហាជនបានធ្វើការ រិះគន់យ៉ាងចាស់ដៃ អំពីបញ្ហាអសន្តិសុខ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលបង្កឡើងដោយក្មេងទំនើង ជាពិសេសក្រុមក្មេងទំនើង មានលុយ នឹងបក្សពួក បង្កហិង្សាដោយចេតនា តែក៍នៅមិនត្រូវបានឃាត់ខ្លួន បើទោះបីជាមាន វីដេអូកាមេរ៉ាសុវត្ថិភាព និងការបំភ្លឺរបស់ជនរងគ្រោះយ៉ាងណាក៏ដោយ។
តែទោះជាយ៉ាងណា មហាជនមួយចំនួនក៏សម្ដែងនូវក្ដីអំណរសាទរ និងអរគុណ ចំពោះសមត្ថកិច្ច ដែលបានជួយធ្វើការសម្របសម្រួល បញ្ចប់រឿងក្ដីនេះត្រឹមរដ្ឋប្បវេណី និងទុកឱ្យជនសង្ស័យស្ថិតក្រោមនីតិវិធីនៃបណ្ដឹងអាជ្ញា៕នាគស