Tuesday, November 26, 2024

សណ្ឋាគារចំនួនពីរ ចេញមករិះគន់ចំៗ អាជីវកម្ម នៅម្តុំ Pub Street រឿងការបំពងសំឡេងរំខានដល់ភ្ញៀវរបស់ពួកគាត់ 

ខេត្តសៀមរាប៖ សណ្ឋាគារចំនួនពីរ ចេញមករិះគន់ចំៗ អាជីវកម្ម នៅម្តុំ Pub Street រឿងការបំពងសំឡេងរំខានដល់ភ្ញៀវរបស់ពួកគាត់ដេកមិនបាន។ នេះបើយោងតាមការឱ្យដឹង ពីម្ចាស់សណ្ឋាគារទាំងនោះ ដែលអង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី ទទួលបាននៅព្រឹកថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២៣ នេះ។

សណ្ឋាគារទាំងពីរនោះ បានលើកឡើងប្រហែលគ្នាថា អាជីវកម្ម នៅម្តុំ Pub Street ធ្វើឱ្យមានការបំពងសំលេង ធ្វើអោយរំខានដល់ភ្ញៀវរបស់ពួកគាត់កំពុងស្នាក់នៅ ដែលមិនអាចដេកបាន ហើយភ្ញៀវបានមករករឿង មិនសុខចិត្ត មានការខឹងសម្បារ និងសុំឱ្យសណ្ឋាគារសងលុយវិញ តាមរយះពេលប៉ុន្មានថ្ងៃដែលគាត់ស្នាក់នៅ។

សណ្ឋាគារទី១ ថា អាជីវកម្ម បារ និងភោជនីយដ្ឋាន នៅម្តុំ Pub street ដែលនៅ ខាងលិចឈៀងខាងត្បូងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលស្ថិតក្នុងភូមិមណ្ឌលមួយសង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានបើកការបំពងសំឡេង លឺសំលេងខ្លាំងៗ កាលពីព្រលប់ថ្ងៃទី ២៩ រហូតដល់ ម៉ោង ២ និង ៣០នាទីឈានចូលថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២៣ បានធ្វើអោយរំខាន ដល់ភ្ញៀវកំពុងស្នាក់នៅ គេងមិនបាន ក្នុងសណ្ឋាគាររបស់គាត់។

សណ្ឋាគារទី១ បន្ថែមថា ភ្ញៀវបានចំណាយលុយរាប់រយដុល្លា ក្នុងមួយយប់ៗ ដើម្បីមកស្នាក់នៅ ហើយមកជួបរឿង គេងមិនលក់ដោយសារតែសំលេងរំខាន ពីការប្រគុំតន្រ្តីនៅម្តុំ pub street នេះឯង។ ភ្ញៀវរបស់គាត់មិនសុខចិត្ត ខឹងសម្បារ សុំយកលុយវិញ រយះពេលបុន្មានថ្ងៃដែលគាត់ស្នាក់នៅ។

សណ្ឋាគារទី១ បញ្ជាក់ បែបឆ្ងល់ផងដែរថា មិនដឹងការចេញច្បាប់នែការបំពងសំលេង កំណត់ម៉ោង នេះ មិនបានជួយអោយប្រសើរ រិតតែធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ភ្ញៀវទេសចរណ៍ កាន់តែខ្លាំងឡើងៗ ហើយសំរាប់អូតែលត្រូវបាត់បងចំណូល ទៀត។

សណ្ឋាគារទី២ បានលើកឡើងថា មានការបង្កសំឡេងរំខានដោយក្រុម mobile Bar ដែលបើកលក់នៅលើដីផ្លូវសាធារណៈ រៀងរាល់រាត្រី នៅត្រង់ចំណុចខាងមុខហាងលក់សំលៀកបំពាក់ Zando ដែលស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប រហូតដល់ម៉ោង ៥- ៦ព្រឹកទើបបញ្ចប់។

សូមបញ្ជាក់ជូនផងដែរថា កាលពីពេលកន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តសៀមរាប បានចេញនូវសេចក្ដីណែនាំ លេខ ០០២/២៣ ស.ណ.ន ស្ដីអំពី ការគ្រប់គ្រង និងវិធានការទប់ស្កាត់ ការរំខានដោយសំឡេងក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលចុះហត្ថលេខាដោយ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៣ រួចមកហើយ ប៉ុន្តែម្ចាស់អាជីវកម្មមួយចំនួន នៅត្រង់ចំណុច pub street និងបៀរហ្កាដិន ជាច្រើន ក្នុងភូមិសាស្ត្រខេត្តសៀមរាប ហាក់ព្រងើយកន្តើយ ក្នុងចូលរួមអនុវត្តតាម ពុំនោះទៀតសោត បែរជាផ្គើនលើសដើមទៅទៀត។

ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មសណ្ឋាគារ ក៍បានធ្វើការគោរពស្នើសុំ ថ្នាក់ដឹកនាំខេត្ត ស្នងការដ្ឋាននគរបាលខេត្ត និងអភិបាលក្រុងសៀមរាប មេត្តាជួយចាត់វិធានការ ឱ្យបានមឺងម៉ាត់ផង។

ទោះបីជាយ៉ាងណា អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី នៅពុំទាន់អាចទទួលការបំភ្លឺ ជុំវិញការលើកឡើងខាងលើនេះ ពីអ្នកនាំពាក្យសាលាខេត្ត អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្ត និងលោកអភិបាលក្រុងសៀមរាប បាននៅឡើយទេ៕នាគស

ព័ត៌មានពេញនិយម