ខេត្តសៀមរាប៖ នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថា ការអះអាងរបស់ម្ចាស់គណនីហ្វេសបុក “Rom Lyhov” មានខ្លឹមសារទាញយក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឱ្យពាក់ព័ន្ធនឹងករណីខ្លួន និងបានធ្វើការបដិសេដថា ពុំមានការពាក់ព័ន្ធនឹងនាយកដ្ឋានឡើយ។
នាយកដ្ឋានថា កាលពីពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃើញការចុះផ្សាយព័ត៌មានតាមរយៈគណនីហ្វេសបុកឈ្មោះ ធារ៉ា ហង្សតូច ក្រុងសៀមរាប ដោយសរសេរថា “ត្រូវបានបុរសម្នាក់ដែលជាម្ចាស់គណនេយ្យ facebook មានឈ្មោះ “Rom Lyhov” បានអះអាង ថាខ្លួនមានសាច់ញាតិជាមន្ត្រីនៅក្នុងក្រសួង ហើយនិងជាមន្ត្រីប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបានអះអាងថាខ្លួន ជាសាច់ញាតិក្មេងស្រីមិនទាន់គ្រប់អាយុ ដែលបើកបររថយន្ដ Mecedez GLA 180 ផ្លាកលេខ រដ្ឋ36 2-0245 ដែលបុកជាមួយនឹងម៉ូតូហុងដា Scoopy ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1M-7888 បានផ្ញើរសារមកគំរាម អ្នកសារព័ត៌មានឱ្យលុបវីដេអូដែលបានផ្សាយចេញ បើមិនដូច្នោះទេនឹងត្រូវក្រុមពួកគេចូលទៅ Report Page និង Facebook ឱ្យខូចជាមិនខាន”។
នាយកដ្ឋានបន្តថា ក្នុងកិច្ចសន្ទនារវាងម្ចាស់គណនី “Rom Lyhov” ជាមួយអ្នក សារព័ត៌មានបានរំលេចថា “ខ្លួនមានបងប្រុសនៅខាងក្រសួងព័ត៌មាន ប៉ូលីសខាងព័ត៌មានប៉ូលីសខាងបច្ចេកវិទ្យា ខាង Facebook គឺគ្មានបញ្ហាធំជាមួយការ Report វីដេអូមួយ និងបិទ Account មួយ”។
នាយកដ្ឋានបញ្ជាក់ថា តាមសេចក្ដីប្រកាសរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប អត្ថបទខាងលើ និងការចុះផ្សាយរបស់បណ្តាញសារព័ត៌មានផ្សេងៗ មានភាពមិនច្បាស់លាស់ និងមិនគ្រប់ជ្រុងជ្រោយក្នុងដំណើរការនៃនីតិវិធីជាក់ស្តែងនោះទេ។
បន្ថែមពីនោះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមបញ្ជាក់ជូនសារធារណៈជនជ្រាបថា ពាក់ព័ន្ធនឹងករណីខាងលើនេះនាយកដ្ឋាន និងមន្ត្រីក្រោមឱវាទទាំងអស់គ្មានភារកិច្ចក្នុងការរាយការណ៍គណនី Facebook ឬ Page ណាមួយទៅក្រុមហ៊ុន Meta ឡើយ ក្រៅពីដែនសមត្ថកិច្ច និងតួនាទីភារកិច្ចរបស់នាយកដ្ឋាន។
ការអះអាងរបស់ម្ចាស់គណនីហ្វេសបុក “Rom Lyhov” ដែលមានខ្លឹមសារទាញយក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ឱ្យពាក់ព័ន្ធនឹងករណីខាងលើ នាយកដ្ឋានសូមបដិសេដថាពុំមានការពាក់ព័ន្ធនឹងនាយកដ្ឋានឡើយ ហើយសូមឱ្យម្ចាស់គណនី “Rom Lyhov” ព្រមទាំងបណ្តាញសារពត៌មាន បញ្ជាក់ព័ត៌មានខាងលើឲ្យបានច្បាស់លាស់ និងមានការទទួលខុសត្រូវខ្ពស់ ចៀសវាងមានការភ័ណ្ឌច្រលំ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេវិទ្យា សូមគាំទ្ររាល់ការផ្សព្វផ្សាយព័ត៌មានដែលប្រកបដោយវិជ្ជាជីវៈ និងការដោះស្រាយដោយសន្តិវិធី និងស្របតាមនីតិវិធី៕នាគស