Monday, November 25, 2024

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចេញសេចក្តីបំភ្លឺព័ត៌មាន 

ខេត្តសៀមរាប៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើ សេចក្តីបំភ្លឺព័ត៌មាន ប្រតិកម្មទៅនឹង ផេកសារព័ត៌មានឈ្មោះ FireBuzz និងផេកសារព័ត៌មានផ្សេងៗទៀត នៅរសៀលថ្ងៃទី ២៩ ខែកក្កដាឆ្នាំ ២០២៣ នេះ។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាបថា សារព័ត៌មានទាំងនោះបានបង្ហោះចំណងជើងថា៖ កូនស្រីមន្ត្រីមានឥទ្ធិពលម្នាក់ បុកគេបាក់ជើងបាក់ដៃស្ទើរស្លាប់ស្ទើររស់ ហើយជនសង្ស័យ ប៉ូលីសចរាចរណ៍ឲ្យគេចខ្លួន គ្មានអ្នកជួយដោះស្រាយ។

ស្នងការដ្ឋាននគរបាលបន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាទៅកាន់ លោក វរសេនីយ៍ឯក សោម វីរះ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីចុះធ្វើការស្រាវជ្រាវ ដែលជាលទ្ធផលទទួលបានមានដូចខាងក្រោម៖

ជាក់ស្ដែងកាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៣ វាលាម៉ោង ១២ និង ១៥ នាទី នៅត្រង់ចំណុចលើផ្លូវរុក្ខវិថីព្រះសីហនុ(ស្តុបសារមន្ទីរជាតិអង្គរ) ភូមិសាលាកន្សែង សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប រវាងរថយន្ត mercedes ពណ៌ស្លាកលេខ រដ្ឋ 36 2-0245 និងម៉ូតូ scopy ពណ៌ក្រហម ផ្លាកលេខ 1M-7888 បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសស្រាល និងខូចខាតម៉ូតូស្រាល ហើយអ្នកបើកបររថយន្តមិនបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ដូចដែលខ្លឹមសាររបស់សារព័ត៌មានខាងលើចុះផ្សាយនោះទេ។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាបបញ្ជាក់ថា ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានសូមធ្វើការបដិសេធទាំងស្រុង។ ចំពោះករណីបញ្ហាគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាខាងលើនេះភាគីសងខាងបានធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងរួចរាល់ នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមលោកនាយកផេកសារព័ត៌មាន fire buzz ជួយកែតម្រូវនៅខ្លឹមសារ ដែលបានចុះផ្សាយ ដើម្បីជៀសវាងកុំឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់កងកម្លាំង៕នាគស

ព័ត៌មានពេញនិយម