Friday, October 18, 2024

យុវជនម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីបើកម៉ូតូបុកគោយន្តកន្ត្រៃ នៅស្រុកក្រឡាញ់

ខេត្តសៀមរាប៖ យុវជនម្នាក់ មានឈ្មោះ រិទ្ធ សីហា អាយុ 24ឆ្នាំ រស់នៅភូមិតានី ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ស្លាប់ភ្លាមៗ បន្ទាប់ពីបើកម៉ូតូ HONDA DREAM ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1AI-0186 បុកគោយន្តកន្ត្រៃ មួយគ្រឿងម៉ាក KUBOTA ពណ៍ក្រហម គ្មានស្លាកលេខ នៅលើផ្លូវជាតិលេខ6 ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ 358-359 ស្ថិតនៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីវេលាម៉ោង 04និង 40នាទីថ្ងៃទី26 ខែកក្កដា ឆ្នាំ2023 កន្លងទៅ។

សមត្ថកិច្ចថា យុវជនខាងលើ បានបើកបរម៉ូតូក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើក៏បានបុកពីក្រោយ គោយន្តកន្ត្រៃ កំពុងបើកបរក្នុងទិសដៅដូចគ្នា ដែលអ្នកបើកបរគោយន្តកន្ត្រៃ មិនស្គាល់អត្តសញ្ញាណ បានចុះរត់គេចខ្លួនបាត់។

សមត្ថកិច្ចបន្តថា មូលហេតុដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ មកពីអ្នកបើកបរម៉ូតូ បើកក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន និងគោយន្តកន្ត្រៃបើកបរគ្មានភ្លើងបំភ្លឺផ្លូវពីក្រោយនៅពេលយប់បានត្រឹមត្រូវ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ប្រមូលវត្ថុតាង និងធ្វើលិខិតប្រគល់សព ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកវត្ថុតាងទាំង 02គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ធ្វើការស្រាវជ្រាវ ស្វែងរកជនបង្ក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕នាគស

ព័ត៌មានពេញនិយម