Friday, October 18, 2024

សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូង ករណីចោរកម្ម

ខេត្តសៀមរាប៖ កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី អំពើលួចម៉ូតូ នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលវេលាម៉ោង១៨ និង០០នាទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ នេះបើតាមការឱ្យដឹងពីសមត្ថកិច្ច នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ។

សមត្ថកិច្ចថា ជនសង្ស័យ ឈ្មោះ ជា ចេម ហៅ ម៉ៅ ភេទប្រុស អាយុ ២០ឆ្នាំ មានសារធាតុញៀននៅក្នុងខ្លួន មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ននៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ សឿម វណ្ណា ភេទ ប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិពពិស សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបន្តថា ក្រោយពីបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងដកហូតបានម៉ូតូ ០១គ្រឿង ។

សមត្ថកិច្ចបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើបានសារភាពថា គេពិតជាបានធ្វើសកម្មភាព លួចម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបរួចរាល់ហើយ៕នាគស

ព័ត៌មានពេញនិយម