ខេត្តពោធិ៍សាត់៖ ពេទ្យធ្មេញស្លាប់ដោយជង់ជាប់ក្នុងរថយន្តយ៉ាងអាណោចអាធ័ម បន្ទាប់ពីរថយន្តរបស់គាត់ បុកពីក្រោយរថយន្តដឹកឬស្សី នៅលើផ្លូវលេខ54 ស្ថិតក្នុងភូមិទី4 ឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិ៍សាត់កាលពីវេលាម៉ោង២ នឹង១៥នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី 25 ខែកក្កដា ឆ្នាំ2023។
ជនរងគ្រោះមានឈ្មោះ ដួង ចន្ថា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរមុខរបរ ពេទ្យធ្មេញ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្លាប់នៅកន្លែងកើតហេតុ។
ប្រភពបន្តថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Toyota RAIZE ឆ្នាំ2023 ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BV-2468 បើកក្នុងទិសដៅពីត្បូងទៅជើងស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុ ក៏បុករថយន្ត HIYUNDAI ពណ៌ស ផ្លាកលេខ កំពង់ធំ 3A-1280 ដែលធ្វើដំណើរក្នុងទិសដៅដូចគ្នា កំពុងដឹកដើមឬស្សី ពីខាងក្រោយពេញទំហឹង។
ប្រភពបន្តថា ហេតុការណ៍នេះបានបណ្ដាលឱ្យ រថយន្តចំនួន 02 គ្រឿង រងការខូចខាត និង បុរសម្នាក់ ដែលជាអ្នកបើកបររថយន្តម៉ាក RAIZE 2023 កៀបជាប់ក្នុងរថយន្តស្លាប់យ៉ាងអាណោចអាធ័ម។
ប្រភពបញ្ជាក់ថា ក្រោយពីកើតហេតុម្ចាស់រថយន្តម៉ាក HIYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-1280 ដែលមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះធ្វើការរបស់វែងយកវត្ថុតាងទាំងពីរទៅរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជួនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។
ទោះបីជាយ៉ាងណាសមត្ថកិច្ចកិច្ច នៅមិនទាន់អាចបញ្ជាក់អំពីមូលហេតុ ដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបាននៅឡើយទេ៕នាគស