Monday, November 25, 2024

ភោជនីយដ្ឋានចំនួន ០៣ របស់ Temple Group ដ៍ល្បី បានបើកលក់គ្រឿងស្រវឹង ផ្គើន ស.ណ.ន របស់ សម្តេចតេជោ និង ស.ជ.ណ រដ្ឋបាលខេត្ត

ខេត្តសៀមរាប៖ នៅយប់ថ្ងៃទី២២ និងឈានចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គេសង្កេតឃើញថា មានភោជនីយដ្ឋានចំនួន ០៣ របស់ Temple Group ដ៍ល្បី មាន Temple Food n Beverage, Temple Design និង Temple Sky Bar បានបើកលក់គ្រឿងស្រវឹង ផ្គើនទៅនឹង សេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល លេខ ០២ សណន ដែលចុះហត្ថលេខា ដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ស្ដីពីការផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺថ្ងៃទី២២ និងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និង សេចក្ដីជូនដំណឹង (ស.ជ.ណ ) លេខ ៦២៨/២៣ សជណ របស់រដ្ឋបាលខេត្តសៀមរាប ស្ដីពី ការផ្អាកការលក់ដូរនិងពិសាគ្រឿងស្រវឹង មួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ គឺថ្ងៃទី ២២ និងថ្ងៃទី ២៣ ខែកក្កដាឆ្នាំ ២០២៣ដែលបានចុះហត្ថលេខាដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។

ប្រភពបានឱ្យដឹងថា ភោជនីយដ្ឋានទាំង៣ ខាងលើបានបើកលក់ ដែលគេនឹកស្មានថា ជាការលក់ម្ហូបធម្មតាជួនភ្ញៀវ តែការពិតគឺគឃ្លើនបើកលក់ គ្រឿងស្រវឹង។

ប្រភពបន្តថា ភោជនីយដ្ឋានទាំងនោះ ហាក់មិនមានការអើពើចំពោះការជួនដំណឹងរបស់អាជ្ញាធរ ស.ជ.ណ របស់រដ្ឋបានខេត្តសៀមរាបនោះឡើយ ជាពិសេស ផ្គើនទៅនឹង សេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខា ដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រភពបានបញ្ជាក់ថា បើទោះបីជាមានអង្គភាពសារព័ត៌មានជាច្រើនបានធ្វើការផ្សាយផ្ទាល់ ដើម្បីជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន យ៉ាងណាក៏ដោយ ក៏ភោជនីយដ្ឋានទាំង៣ខាងលើ ហាក់មិនខ្វល់អ្វីនោះឡើយ និងថែមទាំងបន្តការលក់គ្រឿងស្រវឹងទាំងនោះយ៉ាងរំភើយ។

ជុំវិញករណីនេះប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប បានសំដែងការហួសចិត្តថា ម្ចាស់ហាងខាងលើ ប្រហែលជាមានខ្នងបង្អែកជាមហាទេពស្មើរមេឃ ហើយមើលទៅ ទើបបានជាផ្គើន ទៅនឹងសេចក្តីណែនាំរបស់ព្រះឥន្ទយ៉ាងដូច្នេះ?

តែទោះជាយ៉ាងណា ប្រជាពលរដ្ឋសូមគោរពធ្វើការស្នើសុំ អាជ្ញាធរខេត្តសៀមរាប មេត្តាចាត់វិធានការឲ្យបានតឹងរឹង ចំពោះភោជនីយដ្ឋានដែលគោឃ្លើនទាំងនោះផង បើមិនដូច្នោះទេ និងជះឥទ្ធិពលដល់ហាងផឹកសុី និងភោជនីយដ្ឋានដទៃទៀតជាមិនខាន ហើយក៏ស្មើនឹងការប្រមាថ ទៅនឹងសេចក្ដីណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សេចក្ដីជូនដំណឹង របស់ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលរងខេត្តសៀមរាបយ៉ាងដូច្នោះឯង។

ទោះបីជាយ៉ាងណា អង្គភាពបណ្ដាញសារព័ត៌មានគេហទំព័រ គូលែនដេលី នៅពុំទាន់អាចសុំធ្វើការបំភ្លឺ ពីម្ចាស់ក្រុមហ៊ុនហ្គោលដិនខេមផល Golden temple ឬ Temple Group ជុំវិញការបើកលក់គ្រឿងស្រវឹង ដែលបំពានទៅហ្នឹង ស.ណ.ន របស់ សម្ដេចតេជោ និង ស.ជ.ណ របស់ ឯកឧត្តម ប្រាក់ សោភ័ណ្ឌ បាននៅឡើយទេ៕នាគស

ព័ត៌មានពេញនិយម