ខេត្តសៀមរាប៖ រថយន្តដឹកអ្នកដំណើរម៉ាក Ford Transit ពណ៍ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2Y-0740 របស់ក្រុមហ៊ុន ឡារីតា (larryta Express) បុកកសិស្សសាលាម្នាក់របួសធ្ងន់ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងមុខវិទ្យាល័យ កំពង់គ ស្ថិតក្នុងភូមិកំពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីវេលាម៉ោង១០ និង៥០នាទីព្រឹកថ្ងៃទី២១ ខែកក្ដដាឆ្នាំ២០២៣កន្លងទៅ។
សមត្ថកិច្ចឱ្យដឹង មុនពេលកើតហេតុគេឃើញ សិស្សសាលាម្នាក់មានឈ្មោះ ហ៊ន់ ជីងវ៉ូ អាយុ ០៧ឆ្នាំ ភេទប្រុស មានទីលំនៅភូមិកពង់គ១ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានធ្វើដំណើរចេញពីសាលារៀន និងបានឈរទទួលអបអរសាទរក្បួនដង្ហែរបក្សនយោបាយឆ្លងកាត់។ បន្ទាប់ពីក្បួនឆ្លងកាត់ផុតទៅ កុមារាខាងលើបានធ្វើដំណើរឆ្លងកាត់ផ្លូវក្នុងទិសដៅពីត្បូងទៅជើង ដែលមានសមត្ថកិច្ចមូលដ្ឋានចាំសម្រួលចរាចរណ៍ ប៉ុន្តែភ្លាមនោះមានរថយន្តដឹកអ្នកដំណើរម៉ាក Ford transit ពណ៍ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2Y-0740 របស់ក្រុមហ៊ុន ឡារីតា (larryta Express) បើកបរដោយឈ្មោះ ទាំ យូសុះ អាយុ២៨ឆ្នាំ ភេទប្រុស មានទីលំនៅក្នុងភូមិស្វាយបាកាវ ឃុំតាជេស ស្រុកជកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត ស្ទើរតែនឹងបុកត្រូវសមត្ថកិច្ចដែលកំពុងឈរចាំសម្រួលចរាចរណ៍ តែត្រូវរេចង្កូតទៅបុកក្មេងប្រុសខាងលើ កំពុងធ្វើដំណើរឆ្លងកាត់ពេញទំហឹងតែម្ដង។
សមត្ថកិច្ចបន្តថា បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចបានបញ្ជូនកុមាររងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម ដើម្បីធ្វើការសង្គ្រោះ និងធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តខាងលើបានផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺមកពីរថយន្តបើកបរក្នុងល្បឿនលឿន ហើយករណីនេះបណ្តាលអោយ សិស្សសាលា របួសធ្ងន់ អ្នកបើកបរមិនមានរបួស និងរថយន្តខូចខាតស្រាល។ បន្ទាប់ពីកើតហេតុ ជំនាញបានចុះធ្វើការវាស់វែង នាំអ្នកបើកបររថយន្តបង្កខាងលើ និងវត្ថុតាង ទៅកាន់អធិការដ្ឋាននគរបាលស្រុកសូទ្រនិគមដើម្បីរៀបចំនីតិវិធី។
ទោះបីជាយ៉ាងណា អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី នៅពុំទាន់អាចទទួលបានការបំភ្លឺពីតំណាង របស់ ក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរ ឡារីតា Larrita Express បាននៅឡើយទេ ជុំវិញរឿងនេះ៕នាគស