ខេត្តបាត់ដំបង៖ លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសម្លាប់ដំបូងខេត្ត បានបញ្ជាផ្ទាល់ឱ្យសមត្ថកិច្ចធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន ជនបង្កមានឈ្មោះ ហាន់ សល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្រែអូរ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយសារបានបើកបរម៉ូតូបញ្រ្ចាស់ទិសក្បួនដង្ហែរបក្ស និងបុកសមាជិកម្នាក់ឱ្យរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ២១ ខែកក្កដាឆ្នាំ ២០២៣ នេះ។
សមត្ថកិច្ចបានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះថា ឈឿន ឈឿប ភេទប្រុស អាយុ៧៣ឆ្នាំ រស់នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានចូលរួមក្នុងក្បួនដង្ហរ របស់គណបក្សប្រជាជន ក្នុងថ្ងៃឃោសនាស្វែងរកសម្លេងឆ្នោតចុងក្រោយ បាននិងកំពុងធ្វើពិធីដង្ហែក្បួនក្នុងទិសដៅពីភ្នំពេញ ទៅបាត់ដំបង ដោយកំណាត់ផ្លូវជាតិលេខ៥ ហើយផ្លូវនេះត្រូវបានបិទមួយចំហៀង ដោយទុកអោយធ្វើចរាចររួមគ្នាមួយចំហៀង។ លុះនៅពេលក្បួនដង្ហែរបស់គណបក្សកំពុងធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ដែលជាផ្លូវស្របទិស មានម៉ូតូមួយគ្រឿងបានបើកបរក្នុងទិសដៅបញ្រ្ចាស់ពីបាត់ដំបងទៅភ្នំពេញ ក៏ស្រាប់តែមានការប៉ះទង្គិចគ្នាតែម្តង ។
សមត្ថកិច្ចបន្តថា ភ្លាមៗនោះជនរងជនរងគ្រោះ ដែលជាសមាជិកគណបក្សប្រជាជន បានរងរបួសបែកក្បាលពីក្រោយ និងត្រូវបានក្រុមការងារ បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះ។ ប៉ុន្តែនៅល្ងាចនេះផងដែរមានព័ត័មានមកថា ជនរងគ្រោះកំពុងស្ថិតក្នុងការព្យាបាលនៅឡើយ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលកើតហេតុ កម្លាំងការិយាល័យចរាចរផ្លូវគោក បាននាំយកម៉ូតូទាំង០២គ្រឿងទៅរក្សាទុក ហើយចំណែកជនបង្ក ត្រូវបាន លោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បញ្ជាផ្ទាល់ទៅសមត្ថកិច្ច ធ្វើការឃុំខ្លួនជាបណ្តោះអាសន្នពេលនោះផងដែរ៕នាគស