Monday, November 25, 2024

លោក ឃឹម ប៉ូសាយ ប្អូនប្រុសរបស់ អតីតអភិបាលខេត្តសៀមរាបដ៍ល្អមួយរូប រងការចោទប្រកាន់ថាបានធ្វើរបងថ្មកាត់ រំលោភអូរធម្មជាតិ នៅជើងភ្នំគូលែន

ខេត្តសៀមរាប៖ លោក ឃឹម ប៉ូសាយ ប្អូនប្រុសរបស់ អតីតអភិបាលខេត្តសៀមរាបដ៍ល្អមួយរូប រងការចោទប្រកាន់ថាបានធ្វើរបងថ្មកាត់ រំលោភអូរធម្មជាតិ នៅជើងភ្នំគូលែន។ នេះបើយោងតាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានដែលសុំមិនបញ្ចេញឈ្មោះ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។

ប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋាន ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មានបុគ្គលមានឥទ្ធិពលមួយរូប បានលួចធ្វើរបងថ្មរឹងមាំកាត់ទទឹងអូរធម្មជាតិមួយកន្លែង នៅជើងភ្នំគូលែន បំណងធ្វើជាកម្មសិទ្ធិឯកជន។ ទីតាំងដែលបុគ្គលមានអំណាចខាងលើ ធ្វើរបងរំលោភយកនោះ ជាអូរធម្មជាតិ ស្ថិតនៅក្នុងភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងត្រូវបានអាជ្ញាធរជំនាញក្នុងខេត្តសៀមរាបចុះទប់ស្កាត់ កាលថ្ងៃទី១៧ ខែកក្កដាឆ្នាំ២០២៣កន្លងទៅ ហើយបានធ្វើការកោះអញ្ជើញ ម្ចាស់សំណង់ខាងលើ ឲ្យចូលខ្លួនមកដោះស្រាយ នៅសាលាស្រុកនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ស្អែកនេះ។

ប្រភពដដែលបានឲ្យដឹងថា បុគ្គលខាងលើ មានឈ្មោះ ឃឹម ប៉ូសាយ ជាបងប្អូនបង្កើត របស់លោកឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតជាអភិបាលខេត្តសៀមរាប។

ប្រភពព័ត៌មានខាងលើបានបន្តថា ទីតាំងខាងលើនេះកាលពីដើមឡើយ ជាចម្ការពនាចររបស់ប្រជាពលរដ្ឋ លុះបន្ទាប់ក៏មានឈ្មួញចុះទៅប្រមូលទិញ និងលក់បន្តមកឲ្យលោក ឃឹម ប៉ូសាយ។

ប្រភពបានបន្ថែមថា ចាប់តាំងពីបានទិញដីនោះមក លោកឃឹម ប៉ូសាយ បានព្យាយាមធ្វើរបងកាត់អូរនេះ តាំងពីជំនាន់ លោកឃឹម ហ្វីណង់ ដែលជាក្មួយប្រុសបង្កើតរបស់លោក នៅធ្វើជាអភិបាលស្រុកបន្ទាយស្រីមកម៉្លេះ ប៉ុន្តែមិនអាចធ្វើបានដោយរលូនបានទេ ដោយសារមានបណ្តឹងពីប្រជាពលរដ្ឋ។

ប្រភពបញ្ជាក់ថា ដោយឃើញឱកាសល្អ ក្នុងពេលអាជ្ញាធរ មានសមត្ថកិច្ចជាប់រវល់ក្នុងការរៀបចំសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជាតិ ខាងមុខនេះ លោកឃឹម ប៉ូសាយ ក៏បានលបលួចធ្វើម្តងទៀត។

ទោះជាយ៉ាងណា រហូតដល់ពេលនេះ អង្គភាពសារព័ត៌មាន គេហទំព័រ គូលែនដេលី មិនបានទទួលបានការបំភ្លឺពីលោក ឃឹម ប៉ូសាយ បាននៅឡើយទេ៕នាគស

ព័ត៌មានពេញនិយម