Monday, November 25, 2024

មន្ទីរព័ត៌មានខេត្តកំពង់ចាម រាយការណ៍ជូន រដ្ឋមន្ត្រីក្រសួងព័ត៌មាន ពីករណីអ្នកកាសែត ០២នាក់ ពាក់អាវ និងមួកគណបក្ស ចូលថតក្នុងផ្ទះទីតាំងឆ្នោតឡូតូ

រាជធានីភ្នំពេញ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម រាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ពីករណីអ្នកកាសែត ចំនួន ០២នាក់ ពាក់អាវ និងមួកគណបក្សប្រជាជនកម្ពុជា ចូលថតក្នុងផ្ទះទីតាំងឆ្នោតឡូតូ ១កន្លែង ស្ថិតនៅក្នុងភូមិ៣ សង្កាត់វាលវង់ ក្រុងខេត្តកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ នេះបើយោងតាមការបង្ហោះឱ្យដឹងនៅលើ ហ្វេសប៊ុក ផ្លូវការណ៍របស់ ឯកឧត្តម ខៀវ កញ្ញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ដែលមានឈ្មោះថា kanharit khieu នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។

ខ្លឺមសារទាំងស្រុង៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម
សូមគោរពរាយការណ៍ជូន
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាទីគោរពដ៏ខ្ពង់ខ្ពស់
ករណីអ្នកកាសែត ០២នាក់ ពាក់អាវ និងមួកគណបក្សប្រជាជនកម្ពុជា ហើយចូលថតក្នុងផ្ទះទីតាំងឆ្នោតឡូតូ ១កន្លែង ស្ថិតនៅក្នុងភូមិ៣ សង្កាត់វាលវង់ ក្រុងខេត្តកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ។ អ្នកសារព័ត៌មានទាំងពីររូប មានឈ្មោះ ៖
១.លោក ស៊ីន ខ្វាន់ឆា និពន្ធនាយកគេហទំព័ពេញចិត្តមេឌា ។
២.លោក លីម ផល្លីចាងហ្វាងគេហទំព័រ www.phallynews.com ។

(ដូចមានរូបភាព ជាប់ក្នុងកាម៉េរ៉ាសុវត្ថិភាពស្រាប់) ដែលសកម្មភាពនេះ បានធ្វើឲ្យប៉ះពាល់មុខមាត់គណបក្ស ពីព្រោះ កម្ពុជាជិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ផង ។

សូមឯកឧត្ដមរដ្ឋមន្ត្រី មេត្តាជ្រាប ដ៏ខ្ពង់ខ្ពស់
សូមអរគុណ

ទោះបីជាយ៉ាងណា អង្គភាពសារព័ត៌មាន គេហទំព័រ គូលែនដេលី នៅមិនទាន់បានការបំភ្លឺ ពីចាងហ្វាងគេហទំព័រ និង និពន្ធនាយក នៃអង្គភាពសារព័ត៌មានទាំង០២ ខាងលើ ជុំវិញការចោទប្រកាន់ របស់មន្ទីរព័ត៌មានខេត្តកំពង់ចាម និងពីមន្ទីរព័ត៌មានខេត្តនេះបាននៅឡើយទេ។ ចំណែក ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៍មិនបានបញ្ជាក់ថា រឿងនេះខុសឬក៍ត្រូវ ហើយនិងមានចំណាត់ការយ៉ាងដូចម្តេចនោះទេ៕នាគស

ព័ត៌មានពេញនិយម