Monday, November 25, 2024

សូមអាណាព្យាបាល បង្កើនការយកចិត្តទុកដាក់ ចំពោះកូនៗ កុំឱ្យមានវាសនា ដូចក្មេងប្រុសម្នាក់នេះ

ខេត្តកណ្តាល៖ ក្មេងប្រុសម្នាក់ក្នុងចំណោមក្មេងប្រុសៗ ដែលជាសិស្សសាលាជាច្រើននាក់ ប្រាប់ឪពុកម្តាយថា មករៀន តែបែរជាគេចមកលេងទឹក បណ្ដាលឱ្យស្លាប់ នៅចំណុចកន្លែងកំសាន្ត ក្បាលកោះខ្សាច់ទន្លា ស្ថិតក្នុងភូមិក្បាលកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល កាលពីរសៀលនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ក្មេងប្រុសដែលស្លាប់មានឈ្មោះ ថេង បញ្ញា ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ជាសិស្សថ្នាក់ទី ៨ នៃវិទ្យាល័យហ៊ុនសែនស្អាង ។

ប្រភពដដែលបន្តថា មិនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះខាងលើ និង មិត្តភក្តិ បានមកងូតទឹកលេងនៅទីតាំងខាងលើ ខណៈ ពេលដែលកំពុងមុជទឹកលេង ស្រាប់តែមាន ភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្ត្រាក់យ៉ាងខ្លាំង បានធ្វើឲ្យយុវជនសិស្សសាលាចំនួន ៣រូប ក្នុងចំណោមនោះ ត្រូវបានខ្យល់បក់ទៅកាន់កន្លែងដែលមានទឹកកាន់តែជ្រៅ។ ពេលនោះមានយុវជនជាសិស្សពីរនាក់ បានតោងពោងជាប់ និងម្នាក់ទៀត បានធ្លាក់ចូលទៅក្នុងទឹកដែលមានជម្រៅជ្រៅជាមុន និងបានលិចទៅក្នុងទឹក ចំណែកយុវជនពីរនាក់ទៀត បានព្យាយាមតោងពោងជាប់ និងបានទូកដរចម្លងដែលនៅជិតនោះជួយសង្គ្រោះទាន់ពេលវេលា។ប្រភពបញ្ជាក់ថា ក្រោយកើតហេតុ អាជ្ញាធរពាក់ព័ន្ធ សហការជាមួយក្រុមជំនាញ កំពុងព្យាយាមស្វែងរកជនបាត់ខ្លួន ដោយប្រើប្រាស់កម្លាំង និងទូកចំនួន ០៣គ្រឿង ដើម្បីស្វែងរកជនរងគ្រោះ និងបានរកឃើញនៅវេលាម៉ោង ១៦ និង ០០នាទីរសៀល នៅត្រង់ចំណុចដែលបានលិចបាត់ និងបានស្រង់យកមកលើគោក ប៉ុន្តែជនរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ។

សាកសព ត្រូវបានសមត្ថកិច្ច ប្រគល់ជូនអាណាព្យាបាល យកទៅធ្វើបុណ្យតាមប្រពៃណី៕នាគស

ព័ត៌មានពេញនិយម