Monday, November 25, 2024

ភូមិគ្រិះ អូខេវ័នវីឡា ត្រូវបានស្ត្រីរូបស្រស់ម្នាក់ គំរាមដុតចោល ដោយសាំងចំនួន០៤លីត្រ

ខេត្តសៀមរាប៖ ភូមិគ្រិះ អូខេវ័នវីឡា ( Okay 1 Villa )មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវបាក់ខែង ត្រង់ចំណុចខាងក្រោយសណ្ឋាគារ អង្គរប៉ារ៉ាឌី នៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានស្ត្រីរូបស្រស់ម្នាក់ គំរាមដុតចោលដោយប្រើប្រាស់សាំងចំនួន០៤លីត្រ ច្រកក្នុងថង់ដៃ និងដែកកេស០១ កាលពីវេលាម៉ោង០៨ និង ៣០នាទីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ នេះបើយោងតាមការអោយដឹងពីសមត្ថកិច្ចមកកាន់ អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលីនៅរសៀលថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២៣ នេះ។

សមត្ថកិច្ចឲ្យដឹងថា ម្ចាស់ភូមិគ្រិះខាងលើមានឈ្មោះ ស៊ីន គឹមហេង អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុរបរអាជីវករ អាស័យដ្ឋានបច្ចុប្បន្នភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ចំណែកឯស្ត្រីដែលសង្ស័យថាបានគំរាមកំហែងថានឹងដុត ភូមិគ្រិះ អូខេវ័នវីឡា មានឈ្មោះ សីហា ទិត្យាឆរ៉ាវី ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ទីលំនៅបច្ចប្បន្ន ភូមិ ខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថា សាក្សីដែលមានឈ្មោះ សេង សឿន ភេទប្រុស អាយុ ៤៥ បានឆ្លើយបំភ្លឺថា នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២៣ នៅវេលាម៉ោង ០៨ និង ០២នាទី ឈ្មោះ សុីន គឹមហេង បានទូរស័ព្ទមកប្រាប់ខ្លួនថា ស្រីស្អាតយកសាំងមកដុតផ្ទះហេីយ ហេីយក៏បិទទូរស័ព្ទទៅ។ នៅវេលាម៉ោង ០៨ និង ៣០នាទី ខ្លួនបានឃេីញ ឈ្មោះ សីហា ទិត្យាឆរ៉ាវី បានជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ជិះចូលភូមិគ្រិះអូខេវ័នវីឡា ដោយមានកាន់ថង់ខ្មៅមកជាមួយផង ពេលនោះរូបខ្លួន ប្រជាការពារភូមិ កម្លាំងប៉ូលីសប៉ុស្តិ៍ និងឈ្មោះសុីន គិមហេង នាំគ្នាទៅធ្វេីការសម្របសម្រួលនៅប៉ុស៍សង្កាត់ស្វាយដង្គុំ។

ស្រដៀងគ្នាដែរ សាក្សី មានឈ្មោះ ឈាង សោភ័ណ ភេទស្រី អាយុ ៣៣ឆ្នាំ បានបំភ្លឺថា នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣ នៅវេលាម៉ោង០៨:៣០ មានមនុស្សស្រីម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ផ្លាកលេខ ១ AI-២២៥៣ បានឈប់នៅមុខភូមិគ្រិះរួចបានធ្វេីសកម្មភាពដេីរចូលមកកន្លែងគិតលុយ-កន្លែងទទួលភ្ញៀវ -ផ្ទះបាយ ដៃឆ្វែងកាន់ស្បោងពណ៌ខ្មៅមួយស្ពាយកាបូបពណ៌ប្រផេះ ហេីយបានស្រែកសួររកឈ្មោះ សុីន គឹមហេង ថាអោយចេញមុខមក និងស្រែកជេរបញ្ចោរពេញនោះ ក្រោយមកឈ្មោះ សេង សឿន បានទូរស័ព្ទទៅមេភូមិតាភុល មួយសន្ទុះក្រោយមកមានប្រជាការពារម្នាក់បានមកដល់ ទេីបដឹងថាស្បោងពណ៌ខ្មៅនោះ គឺជាស្បោងច្រកសាំង ចំណែកកាបូបស្ពាយពណ៌ប្រផេះនោះមានដែកកេសពណ៌ខៀវចំនួនមួយផងដែល។ នៅវេលាម៉ោង០៩:០៩នាទី ពួកគាត់មានឈ្មោះ សុីន គឹមហេង ឈ្មោះ សេង សឿន ប៉ូលីសប៉ុស្តិ៍ម្នាក់ ប្រជាការពារម្នាក់ និង ឈ្មោះ សីហា ទិត្យាឆរ៉ាវី នាំគ្នាទៅដោះស្រាយនៅប៉ុស្តិ៍ស្វាយដង្គុំបាត់ទៅ។

ស្រ្តីជនសង្ស័យឈ្មោះ សីហា ទិត្យរឆរ៉ាវី ក៍បានសារភាពថា នៅថ្ងៃទី ១៣ ខែកក្ដដា ឆ្នាំ ២០២៣ វេលាម៉ោង ០៨ នឹង ៣០នាទី ខ្លួនពិតជាបានទិញសាំងចំនួន ០៤ លីត្រ យកទៅភូមិគ្រិះអូខេវ័នវីឡា ដេីម្បីគំរាមអោយឈ្មោះ សុី គឹមហេង ចេញមកជួបខ្លួន បេីមិនចេញទេខ្លួននឹងដុតភូមិគ្រិះនឹងចោល ប៉ុន្តែត្រូវបានបុគ្គលិកនឹងសមត្ថកិច្ចហាមឃាត នឹងបញ្ចូនមកធ្វេីការសាកសួរនៅប៉ុស្តិ៍សង្កាត់ស្វាយដង្គុំតែម្ដង។

សមត្ថកិច្ចបន្ថែមថា វត្ដុតាងធ្វើសកម្មភាពមាន ដែកកេសពណ៌ខៀវ ០១ ស្បោងពណ៌ខ្មៅច្រកសាំងចំនួន ០៤លីត្រ និង ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ ២០២០ ស្លាកលេខ សៀមរាប 1AI-2253 ០១គ្រឿងផងដែរ។

សមត្ថកិច្ចបញ្ជាក់ថា យោងតាមពាក្យបណ្តឹង ឈ្មោះ ស៊ីន គឹមហេង អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុរបរអាជីវករ អាស័យដ្ឋានបច្ចុប្បន្នភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ការបំភ្លឺរបស់សាក្សី និង ក្រោយស្ដាប់ចម្លេីយសារភាព របស់ជនសង្ស័យ សមត្ថកិច្ចបានសំណេីរសុំគោលការណ៍ឃាត់ខ្លួនជនសង្ស័យ ខាងលើ ពាក់ព័ន្ធករណី “គំរាមកំហែងថានឹងធ្វេីអោយខូចខាតដែលភ្ចាប់នូវបញ្ហារអ្វីមួយ” ដែលប្រព្រឹត្តក្នុងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៨ និង ៣០នាទី នៅចំណុច ភូមិគ្រិះ អូខេវ័នវីឡា ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបរួចរាល់ហើយ។

ទោះបីជាយ៉ាងណាសមត្ថកិច្ច មិនបានបញ្ជាក់អំពីមូលហេតុ ដែលនាំឲ្យស្ត្រីខាងលើ ហ៊ានធ្វើទង្វើបែបនេះបាននៅឡើយទេ ប៉ុន្តែប្រភពពីប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះថា សង្ស័យរឿងស្នេហាមិនទទួលខុសត្រូវ “ប្រុសប្រកែកស្រីប្រកាន់”។

អង្គភាពបណ្ដាញ សារព័ត៌មាន គេហទំព័រ គូលែនដេលី បានធ្វើការទំនាក់ទំនងទៅកាន់លេខទូរសព្ទ ០៧៧៥១៩៩៦៧ ដើម្បីសុំការបញ្ជាក់បន្ថែមនូវមូលហេតុ ពាក់ព័ន្ធទៅនឹងករណីខាងលើ ពីលោក ស៊ីន គឹមហេង ប៉ុន្តែត្រូវបានបុគ្គលិកនៅក្នុងភូមិគ្រឹះមួយនេះ ជាអ្នកទទួលទូរសព្ទ ហើយគាត់ថា មិនអាចឆ្លើយអ្វីបាន ជុំវិញរឿងនេះទេ។ ដោយឡែក អង្គភាពបណ្ដាញ សារព័ត៌មាន គេហទំព័រ គូលែនដេលី ក៍បានសុំលេខទំនាក់ទំនងផ្ទាល់ខ្លួនរបស់ ស៊ីន គឹមហេង ប៉ុន្តែបុគ្គលិកបម្រើការក្នុងភូមិគ្រឹះមួយនេះ សុំមិនធ្វើការបញ្ជាក់អំពីឯកជនភាព ថៅកែរបស់គាត់ឡើយ៕នាគស

ព័ត៌មានពេញនិយម