ខេត្តសៀមរាប៖ យុវតីម្នាក់ ម្ដាយបានហៅមកជួបនិយាយរឿងរៀនសូត្រ កុំឱ្យដើរលែងពេក ពីពេលយប់ ស្រាប់តែ ព្រឹកឡើងប្រទះឃើញស្លាប់ដោយសារចងក។
ហេតុការណ៍នេះកើតឡើងនៅចំណុចក្នុងបន្ទប់គេង ស្ថិតនៅក្រុមទី៥ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឺកទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ។
សមត្ថកិច្ចឱ្យដឹងថា យុវតីដែលបានស្លាប់មានឈ្មោះ នី ស្រីកា អាយុ១៥ឆ្នាំ មុខរបរ សិស្ស ទីកន្លែងកំណើតភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបាត់ដំបង ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅកន្លែងកើតហេតុ។
សមត្ថកិច្ចបន្តថា នៅក្នុងរឿងហេតុនេះ ឈ្មោះ នី ភក្ដី អាយុ២០ឆ្នាំ មានទីលំនៅកើតហេតុខាងលើ ដែលជាបងប្រុសរបស់សព បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ប្អូនស្រីរបស់ខ្លួនឈ្មោះ នី ស្រីកា ភេទស្រី អាយុ១៥ឆ្នាំ សព្វរស់នៅផ្ទះកើតហេតុខាងលើ នឹងពេលខ្លះទៅរស់នៅផ្ទះជីដូនដែលនៅទល់មុខផងដែរ ។ លុះដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៧ នឹង០០នាទី ម្ដាយរបស់ខ្លួនបានតេទូរស័ព្ទទៅប្អូនស្រីខ្លួនអោយមកផ្ទះដើម្បីនិយាយរឿងរៀនសូត្រកុំអោយដើរលែងពេក បន្ទាប់ពីនិយាយរួចក៏បានចូលសម្រាកដូចធម្មតា ។ រហូតដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៦ នឹង៤០នាទី មុនចេញទៅរៀន រូបខ្លួនបានតេទូរស័ព្ទទៅប្អូនតែពុំលើក ពេលនោះរូបខ្លួនបានឡើងទៅជាន់លើបន្ទប់ដែលប្អូនខ្លួនដេក ភ្លាមនោះរូបខ្លួនក៏បានយកដៃបើកទ្វារចូលក៏ស្រាប់តែបានឃើញប្អូនស្រីរបស់ខ្លួនបានយកក្រណាត់អាវស្បៃដៃវែងពណ៌ស ចងករបស់ខ្លួនភ្ជាប់ជាមួយចង្រឹងបង្អួចទៅហើយ ឃើញដូចនោះរូបខ្លួនក៏បានរត់ទៅយកកាំបិតប័ុងតោមកកាត់ដើម្បីសង្គ្រោះ ហើយបានលើកប្អូនស្រីរបស់ខ្លួនដាក់នៅពូក ពេលនោះប្អូនស្រីរបស់ខ្លួនបានស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបានបញ្ជាក់ថា យោងតាមការបំភ្លឺពីបងប្រុសរបស់សព ដែលមានឈ្មោះ នី ភក្ដី តាមការពិនិត្យកន្លែងកើតហេតុ, ការពិនិត្យសាកសព នឹងតាមការបញ្ជាក់ពីលោកគ្រូកោសល្យវិច្ច័យខេត្តសៀមរាប សមត្ថកិច្ចសន្និដ្ឋានបានថា សពខាងលើពិតជាបានស្លាប់ដោយសារចងក (ធ្វើអត្តឃាត) ប្រាកដមែន។ ក្រោយពិនិត្យចប់ យើងបានប្រគល់សាកសពជួនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕នាគស