Monday, November 25, 2024

បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ នៅស្រុកសូទ្រនិគម

ខេត្តសៀមរាប៖ បុរសម្នាក់ត្រូវរន្ទះបាញ់ស្លាប់ នៅត្រង់ចំណុចអូរអណ្តាស ក្នុងចំការដំឡូងមី ខាងកើតព្រលានយន្តហោះសូទ្រនិគមថ្មីចម្ងាយប្រហែល ១០០០ម៉ែត្រ ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៣។

សមត្ថកិច្ចឱ្យដឹងថា បុរសដែលត្រូវរន្ទះបាញ់ស្លាប់នោះ មានឈ្មោះ នល់ នី ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិត្រាវបាក់ ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។សមត្ថកិច្ចបន្តថា ឪពុករបស់សព បានបំភ្លឺដឹង នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៦ និង ០០នាទីព្រឹក ខ្លួននិងកូនប្រុស(សព) បានបើកគោយន្តកន្ត្រៃដឹកសម្ភារដើម្បីទៅបាញ់ថ្នាំដំឡូងមីជាមួយខ្លួននៅចំណុចចំការអូរសណ្តាស ស្ថិតនៅក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ លុះទៅដល់ម៉ោង ៣:៣០ នាទីរសៀល ស្រាប់មេឃក៏បានធ្លាក់ភ្លៀងព្រមទាំងមាន ផ្គររន្ទះផងនោះ ខ្លួនក៏បានប្រាប់កូនខ្លួន(សព) អោយយកបំពង់បាញ់ថ្នាំទៅដាក់លើគោយន្តកន្ត្រៃដើម្បីរៀបចំអីវ៉ាន់ត្រឡប់មកផ្ទះវិញ ។ ពេលនោះ កូនខ្លួនដើរដល់គោយន្តកន្ត្រៃ ស្រាប់តែខ្លួនបានលឺសូរសំលេងរន្ទះបាញ់ផាំងត្រង់ចំណុចកន្លែងទុកគោយន្តកន្ត្រៃដែលនៅចម្ងាយពីខ្លួន ១៥០ម៉ែត្រ ។ ក្រោយមកខ្លួនក៏បានមើលឃើញដីហុយឡើងត្រង់គោយន្តកន្ត្រៃ ខ្លួនក៏បានដើរទៅកន្លែងគោយន្តកន្រ្តៃ ក៏បានឃើញកូនប្រុសខ្លួន(សព) បានដួលផ្កាប់មុខទៅលើដី ។ ភ្លាមៗនោះ ខ្លួនក៏បានលើកកូនឡើង ឃើញកូនខ្លួនបានបាត់ស្មារតីដោយមិនដឹងខ្លួន ហើយខោអាវ និងមួករហែក ។ ពេលនោះ ខ្លួនក៏បានស្រែកហៅគេឯងនៅជិតនោះអោយមកជួយ និងលើកសពដាក់លើគោយន្តកន្ត្រៃ ដឹកយកទៅមណ្ឌលសុខភាពតាយ៉ែក ។ បានមួយសន្ទុះក្រុមគ្រូពេទ្យប្រាប់ថាកូនខ្លួនបានស្លាប់បាត់ហើយ និងបានដឹកយកមកផ្ទះវិញតែម្តង ។

សមត្ថកិច្ចបញ្ជាក់ថា តាមរយៈការពិនិត្យវិភាគកន្លែងកើតហេតុ ព្រមទាំងការបំភ្លឺរបស់សាក្សី សមត្ថកិច្ចសន្និដ្ឋានថា សពបានស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន។ ក្រោយពីពិនិត្យចប់ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សព ជួនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕នាគស

ព័ត៌មានពេញនិយម