ខេត្តសៀមរាប៖ បុរសម្នាក់លង់ទឹកស្លាប់ ក្នុងអូរក្លោងទ្វារខាងជើងរបស់ក្រុងអង្គរធំ ហៅក្លោងទ្វារដៃឆ្នាំង ដែលស្ថិតនៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងខេត្ត ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ២០២៣។
សមត្ថកិច្ចឱ្យដឹងថា បុរសដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ ផេម ផួន អាយុ ៤៧ ឆ្នាំ មុខរបរកសិករ មានទីលំនៅកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា សាក្សីនៅកន្លែងកើតហេតុ ឈ្មោះ ឡម ភាព ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នៈភូមិ នគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ខេត្ត សៀមរាប បានបំភ្លឺថា នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៦ នឹង៣០នាទី រូបខ្ញុំនិងមិត្តភក្ត្រចំនួន ២នាក់: ១.ឈ្មោះ ធ្លោក (មិនស្គាល់ត្រកូល) ភេទប្រុស, ២.ឈ្មោះ ពង (មិនស្គាល់ត្រកូល) ភេទប្រុស, បាននាំគ្នាទៅបង់ត្រីនៅក្លោងទ្វារដៃឆ្នាំង ខណៈពេលទៅដល់ពួកខ្ញុំក៏ឃើញម៉ូតូ ១គ្រឿងចតនៅនឹងមាត់ទឹក តែពុំឃើញមានម្ចាស់ទេ ពេលនោះរូបខ្ញុំបានដើរទៅបង់ត្រីបានមួយសន្ទុះ ហើយក៏បានឲ្យឈ្មោះ ពង ដើរឡើងទៅលើគោកដើម្បីដោះត្រីចេញពីសំណាញ់បន្ទាប់មករូបខ្ញុំក៏បានទៅមុជទឹកដើម្បីវាស់ជម្រៅទឹក នៅត្រង់ចំណុចខាងជើងក្លោងទ្វារដៃឆ្នាំង និងខាងលិចស្ពាន ខណៈពេលនោះរូបខ្ញុំក៏បានប៉ះជើង មនុស្ស ហើយខ្ញុំបានស្រែកថាប៉ះជើងមនុស្ស ភ្លាមនោះខ្ញុំបានហៅមិត្តភក្ត្រឱ្យមកជួយស្រង់សាកសព យកទៅដាក់នៅលើគោកបន្ទាប់មកពួកយើងខ្ញុំក៏បានរាយការណ៍ទៅអាជ្ញាធរ ។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហតុ ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិចយ័ខេត្តសៀមរាប សមត្ថកិច្ចសន្និដ្ឋានបានថា បុរសខាងលើបានស្លាប់ដោយលង់ទឹក។ ក្រោយពីពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សាកសពជូនទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕នាគស