ខេត្តសៀមរាប៖ ពុំមានការលេងល្បែងសុីសងខុសច្បាប់ នៅក្នុងទីតាំងតារាងបាល់ទះយីហោ អេសស៊ី ៣៣៣ ដូចការចុះផ្សាយរបស់ សារព័ត៌មានឈ្មោះ Siem Reap Post នោះទេ។ នេះបើយោងតាម សេចក្តីបំភ្លឺព័ត៌មាន របស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានចេញនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣នេះ។
ស្នងការដ្ឋាននគរបាលខេត្តសៀមរាបឱ្យដឹងថា នាពេលថ្មីៗនេះ មានសារព័ត៌មានឈ្មោះ Siem Reap Post បានបង្ហោះ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ មានខ្លឹមសារថា៖ បនល្បែងស៊ីសងរីកដូចផ្សិត និងគ្រប់ប្រភេទនៅក្នុងក្រុងសៀមរាប ខណៈអំពើចោរកម្មក៏កើតមានជាហូរហែ ធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអសន្តិសុខបែបនេះ តើក្រុងតំបន់ទេសចរមួយនេះទៅជាយ៉ាងណា? ដោយមានភ្ជាប់រូបភាព តារាងបាល់ទះយីហោ អេសស៊ី ៣៣៣។
ស្នងការដ្ឋានបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោក ឧត្ដមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាទៅកាន់ លោក វរសេនីយ៍ឯក ដា ចំរើន អធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម ចុះស្រាវជ្រាវដល់ទីតាំងក្លឹបតារាងបាល់ទះ យីហោ អេសស៊ី ៣៣៣ ដែលមានទីតាំងស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២៣ កន្លងទៅ។
ស្នងការដ្ឋានខេត្តបញ្ជាក់ថា ជាលទ្ធផលពិនិត្យឃើញថា ពុំមានការលេងល្បែងស៊ីសងខុសច្បាប់ ដូចដែលសារព័ត៌មាន Siem Reap Post បានសរសេរចុះផ្សាយនោះទេ។ អាស្រ័យហេតុនេះ សូមលោកនាយកសារព័ត៌មាន Siem Reap Post ជួយកែតម្រូវនូវខ្លឹមសារដែលបានចុះផ្សាយ ដើម្បីជៀសវាងកុំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ របស់កងកម្លាំង។
សូមបញ្ជាក់ជូនផងដែរថា បន្ទាប់ពីមានការចេញនូវសេចក្ដីបំភ្លឺព័ត៌មានខាងលើ សាររព័ត៌មាន Siem Reap Post បានធ្វើការចុះផ្សាយថា៖ “ស្នងការនគរបាលខេត្តសៀមរាប បំភ្លឺថា ការផ្សាយរបស់ Siem Reap Post មានល្បែងស៊ីសងនោះ មិនមានការពិតទេ
ខេត្តសៀមរាប៖ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចេញសេចក្ដីបំភ្លឺថា ការផ្សាយរបស់សាររព័ត៌មាន Siem Reap Post មានល្បែងស៊ីសងនោះ មិនមានការពិតនោះឡើយ។
នេះបើយោងតាមសេចក្ដីបំភ្លឺព័ត៌មាន ក្រុមកម្មរហ័សនៃស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃ ទី៦ ខែកក្កដា ឆ្នាំ ២០២៣នេះ។
សូមជម្រាបថា ការផ្សាយរបស់សារព័ត៌មាន Siem Reap Post គឺយោងតាមរូបភាពមនុស្ស កំពុងលេងល្បែងជល់មាន់ តាមអនឡាញ ដោយរូបភាពទាំងនោះ ត្រូវបានគេបង្ហោះចែកចាយតាមសារព័ត៌មាននិងតាមបណ្ដាញសង្គម មុនអង្គភាព Siem Reap Post ចុះផ្សាយ។ ដូច្នេះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ចុះទៅ ទីតាំង តារាងបាល់ទះយីហោ អេសស៊ី ៣៣៣ ហាក់បីមានការយឺតយ៉ាវហើយអាចម្ចាស់ទីតាំងដឹងខ្លួនមុន”៕នាគស