Monday, November 25, 2024

បុរសជនជាតិអង់គ្លេសម្នាក់ បានគាំងបេះដូងស្លាប់ នៅក្នុងមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ 

ខេត្តសៀមរាប៖ បុរសជនជាតិអង់គ្លេសបានស្លាប់ នៅក្នុងមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ (ROYAL ANGKOR HOSPITAL) ដែលស្ថិតនៅក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង01 និង 45នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី 04 ខែកក្កដាឆ្នាំ 2023។

សមត្ថកិច្ចបានឱ្យដឹងថា សាកសពមានឈ្មោះ MACDONALD GARY CHARLES ភេទប្រុស អាយុ 67 ឆ្នាំ មុខរបរ គ្មាន កំពស់ 1.70 មែត្រ  ជនជាតិ អង់គ្លេស កាន់លិខិតឆ្លងដែនលេខ 530305065 ស្នាក់នៅបណ្ដោះអាសន្ន ផ្ទះជួលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបន្តថា លោក ចាន់ ពិចិត្រ អាយុ 27ឆ្នាំ មុខរបរគ្រូពេទ្យ ស្នាក់នៅបណ្ដោះអាសន្នក្នុងមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ បានបំភ្លឺពីឲ្យដឹងថា នៅវេលាម៉ោង 00 និង 30 នាទីរំលងអធ្រាត្រ ថ្ងៃទី 04 ខែកក្កដាឆ្នាំ 2023 ខ្ញុំបាទបានប្រចាំការនៅមន្ទីរពេទ្យ មានជនជាតិអង់គ្លេសម្នាក់(សព) បានជិះម៉ូតូកង់បីជាមួយមិត្តភ័ក្តិបរទេសគាត់ម្នាក់ទៀតភេទប្រុស(មិនស្គាល់ឈ្មោះ) ដោយពេលនោះអាការៈរបស់គាត់ធ្ងន់ធ្ងរខ្លាំង បេះដូងលេងមានចលនាភ្លាមនោះ ក្រុមការងាររបស់ខ្ញុំបាទបានបញ្ជូនគាត់ទៅបន្ទប់សង្គ្រោះបន្ទាន់ នឹងធ្វើចលនាបេះដូង ក្រោយពីក្រុមការងារបានជួយសង្គ្រោះគាត់រយៈពេល 01ម៉ោង អាការៈរបស់អ្នកជំងឺនៅតែធ្ងន់ធ្ងរដដែល ដោយបេះដូងគាត់មិនដំណើរការត្រឡប់មកវិញ ក្រោយមកក្រុមការងារបានយកឧបករណ៍ឆក់បេះដូងគាត់ចំនួន 04 ដង នៅតែមិនមានចលនា រហូតដល់វេលាម៉ោង 01 និង 45នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី 04 ខែកក្កដា ឆ្នាំ2023 គាត់បានស្លាប់ទៅ។

សមត្ថកិច្ចបន្ថែមថា ដោយឡែក ឈ្មោះ DALLAS MARK DARREN ភេទប្រុសអាយុ 53 ឆ្នាំជនជាតិអង់គ្លេសកាន់លិខិតឆ្លងដែនលេខ127193769 មានទីលំនៅបណ្ដោះអាសន្នផ្ទះជួលជាមួយជនរងគ្រោះ ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវជាមិត្តភ័ក្ដិរបស់សព បានបំភ្លឺឲ្យដឹងផងដែរថា ខ្ញុំនឹងគាត់ជាមិត្តភ័ក្ដិនឹងគ្នា ហើយមានការរកស៊ីជាមួយគ្នាផង នៅខែមិថុនាឆ្នាំ 2023 ខ្ញុំបានមកនៅផ្ទះជួលជាមួយគាត់ ក្នុងរយៈពេលស្នាក់នៅគាត់តែងប្រាប់ខ្ញុំថា គាត់មានជំងឺទាជទឹក និងសួត ហើយលេបថ្នាំជារៀងរាល់ថ្ងៃ ជាក់ស្ដែងនៅថ្ងៃទី 3 ខែកក្កដាឆ្នាំ 2023 វេលាម៉ោង21 និង 30នាទី ខ្ញុំកំពុងតែនៅហាងម្ដុំវត្តដំណាក់ ស្រាប់តែគាត់ខលមកថាឲ្យមកជូនគាត់ទៅមន្ទីរពេទ្យផង ព្រោះគាត់មានអាការៈមិនស្រួលខ្លួនខ្លាំង ដោយគាត់និយាយដង្ហក់ៗ បន្តិចក្រោយមកខ្ញុំបានមកដល់ផ្ទះជួល ឃើញគាត់មានអាការៈញ័រខ្លួន និងដកដង្ហើមដង្ហក់ៗ លុះដល់ម៉ោង 00 និង 00នាទី ខ្ញុំក៏បានហៅរម៉ក់កង់បីជូនគាត់ទៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ពេលទៅដល់ក្រុមគ្រូពេទ្យបានជួយពិនិត្យសុខភាព ហើយបញ្ជូនគាត់ទៅបន្ទប់សង្គ្រោះបន្ទាន់ ដោយអាការៈរបស់គាត់ធ្ងន់ធ្ងរពេក រហូតដល់វេលាម៉ោង 01 និង 45នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី 04 ខែកក្កដា ឆ្នាំ 2023 គាត់បានដាច់ខ្យល់ស្លាប់ទៅ។

សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី   ពិនិត្យកន្លែងកើតហេតុដែលស្ថិតនៅបន្ទប់រក្សាសពរបស់មន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច័យ សមត្ថកិច្ចសន្និដ្ឋានថា បុរសជនជាតិអង់គ្លេសរូបនេះ បានស្លាប់ដោយសារ គាំងបេះដូង។ បច្ចុប្បន្នសាកសពបានយកទៅរក្សាទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី។

អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រគូលែនដេលី  បានធ្វើការទំនាក់ទំនងសុំការបញ្ជាក់ ពីខាងមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ តាមរយៈប្រព័ន្ធតេឡេក្រាម Lina Sor  ដែលធ្លាប់អះអាងថាជាអ្នកនាំពាក្យ របស់មន្ទីរពេទ្យ ខាងលើ ប៉ុន្តែគ្មានការឆ្លើយតប ទៅនឹងសំណួររបស់អង្គភាពសារព័ត៌មានគូលែនដេលីនោះទេ៕នាគស

ព័ត៌មានពេញនិយម