ខេត្តសៀមរាប៖ មនុស្សម្នាក់បានស្លាប់ និង 04នាក់ រងរបួសស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូសណ្តោងរុឺម៉ក។ នេះបើយោងតាមការបញ្ជាក់របស់សមត្ថកិច្ច មកកាន់អង្គភាព បណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី នៅថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2023។
សមត្ថកិច្ចថា មានគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត TOYOTA PRIUS ពណ៍ស ពាក់ផ្លាកលេខ ភ្នំពេញ 2BL-2324 និងម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងម៉ាក HONDA DREAM ពណ៏ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1D-4308 ត្រង់ចំណុចលេីផ្លូវពីរស្តុបឈ្នះឈ្នះ ទៅផ្លូវហ៊ុនសែន សន្តិភាព ប្រសព្វជាបួនជាមួយផ្លូវបាក់ខែងចាស់ ដែលស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង 23 និង 40នាទីថ្ងៃទី 03 ខែ កក្កដា ឆ្នាំ2023។
សមត្ថកិច្ចបន្តថា រថយន្តម៉ាក TOYOTA PRIUS ពណ៍ស បើកបរទិសដៅពីជើងទៅត្បូង តែអ្នកបេីកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន មកដល់ត្រង់ចំណុចកើតហេតុ ក៍បានបុកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងម៉ាក HONDA DREAM ពណ៏ខ្មៅ ដែលបើកបរក្នុងទិសដៅពីកើតទៅលិច ដោយឈ្មោះ ធិ សក្តិវ័ន្ត ភេទប្រុស អាយុ(មិនដឹង) រស់នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដែលបានដឹកអ្នករួមដំណើរ០៤នាក់ផងដែរ។ អ្នករួមដំណើរទី១ ឈ្មោះ បឿន វិបុត្រ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប អ្នករួមដំណើរទី២ ឈ្មោះ ម៉ែន ស្រីរ៉ង ភេទស្រី អាយុ25ឆ្នាំ នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប អ្នករួមដំណើរទី៣ ឈ្មោះ វឿន ស្រីរ័ត្ន ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប និងអ្នករួមដំណើរទី៤ ឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ25ឆ្នាំ នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។
សមត្ថកិច្ចបញ្ជាក់ថា តាមការសន្និដ្ឋាននៅជំហានដំបូង មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរនេះ គឺមកពីរថយន្តបើកបរល្បឿនលឿន និងបណ្ដាលឱ្យមនុស្សម្នាក់ ដែលជាអ្នកបើកបរម៉ូតូសណ្តោងរុឺម៉ក ស្លាប់នៅកន្លែងកើតហេតុ មនុស្សប្រុសស្រី ចំនួន 04នាក់ បានរងរបួសស្រាល ឆេះម៉ូតូសណ្តោងរុឺម៉ក១គ្រឿង (ធ្ងន់) និង ខូចខាតរថយន្ត១គ្រឿង (ធ្ងន់) ផងដែរ។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា ក្នុងប្រតិបត្តិការជួយសង្គ្រោះ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យមានអគ្គីភ័យនេះ កម្លាំងជំនាញចរាចរណ៍ បានប្រើប្រាស់បំពង់ពន្លត់អស់ចំនួន 02 បាននាំខ្លួនអ្នករួមដំណើរក្នុងរថយន្តម្នាក់(មិនបានបញ្ជាក់អត្តសញ្ញាណ) ទៅធ្វើការសាកសួរនៅការិយាល័យ បានប្រគល់សាកសពជួនសាច់ញាតិ បានវាស់វែង ត្រួតពនិត្យកន្លែងកើតហេតុ និងនាំយកវត្តុតាង រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោកដើម្បីបន្តនីតិវិធី៕នាគស