ខេត្តសៀមរាប៖ មនុស្សប្រុសស្រី១០ ស្លាប់ និង រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកក្រឡាញ់។នេះបើយោងតាមការឱ្យដឹងពីសមត្ថកិច្ចមកកាន់ អង្គភាព បណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី នៅរសៀលថ្ងៃទី 2 ខែកក្កដា ឆ្នាំ2023នេះ។
សមត្ថកិច្ចឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងរថយន្តបុករថយន្ត និងបុកម៉ូតូ នៅលើផ្លូវជាតិលេខ 6 ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ 365 និង366 ស្ថិតនៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីវេលាម៉ោង 12 និង45នាទីថ្ងៃទី 02 ខែកក្កដា ឆ្នាំ 2023 ។
សមត្ថកិច្ចបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយ រថយន្តម៉ាក TOYOTA HILUX RIVO Rally ពណ៍ស ផ្លាកលេខ ភ្នំពេញ 2BI-0431 បើកបរដោយឈ្មោះ ឌី តុលា ភេទប្រុស អាយុ28 ឆ្នាំ រស់នៅភូមិ តាគ្រក់ ឃុំត្រែង ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង និងមានអ្នករួមដំណើរ ចំនួន 04នាក់ទៀត ក្នុងនោះស្រីចំនួន 02នាក់ បើកពីកើតទៅលិចបានរ៉េចង្កូតទៅឆ្វេងដៃ បុករថយន្តម៉ាក TOYOTA CAMRY បាឡែន ពណ៍ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AG-0504 បើកដោយឈ្មោះ ឃុត វណ្ណះ ភេទប្រុស អាយុ 43ឆ្នាំ រស់នៅភូមិពោមិតាអ៊ុន ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ មានអ្នករួមដំណើរចំនួន 05នាក់ ក្នុងនោះស្រី 2នាក់ បើកពីលិចទៅកើត បន្ទាប់មករថយន្តម៉ាក TOYOTA HILUX RIVO បានជ្រុលទៅបុកម៉ូតូម៉ាក HONDA DREAM C125 ពណ៍ខ្មៅ ផ្លាកលេខ ឧត្តមានជ័យ 1D-4400 បើកដោយឈ្មោះ សេក សាវួយ ភេទប្រុស អាយុ 22ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលកំពុងបើកពីក្រោយរថយន្តម៉ាក TOYOTA CAMRY បាឡែន ក្នុងទិសដៅពីលិចទៅកើត។
សមត្ថកិច្ចបញ្ជាក់ថា ឧបទ្ទវហេតុនេះបណ្តាលអោយស្លាប់មនុស្សម្នាក់ភ្លាមៗ មានឈ្មោះ សេក សាវួយ ដែលជាអ្នកបើកបរម៉ូតូ របួសមនុស្សស្រាលចំនួន 09នាក់ ក្នុងនោះស្រីចំនួន 04នាក់ រួមទាំងខូចខាតរថយន្តធ្ងន់ចំនួន 02 គ្រឿង និងម៉ូតូធ្ងន់ 01គ្រឿង ។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា មូលហេតុនៃគ្រោះថ្នាក់បណ្តាលនេះ គឺមកពីអ្នកបើកបររថយន្តម៉ាក TOYOTA HILUX RIVO Rally បើកបរមិនប្រកាន់ស្តាំ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ជួយសង្រ្គោះជនរងគ្រោះយកទៅមន្ទីរពេទ្យ និងវាស់វែងកន្លែងកើតហេតុ ធ្វើការប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបរ និងវត្ថុតាង កំលាំងជំនាញបាននាំមកសួរនាំ និងរក្សាទុក នៅអធិការស្រុកក្រឡាញ់ ដើម្បីចាត់ការតាមនិតិវិធី៕នាគស