Thursday, November 21, 2024

ប្រជាពលរដ្ឋរិះគន់ គ្រឿងចក្រចូលកាយស្រះ យកអាចម៌ដីលក់ យ៉ាងអាណាធិបតេយ្យ នៅឃុំកំពង់ភ្លុក 

ខេត្តសៀមរាប៖ គ្រឿងចក្រចូលកាយស្រះ និងយកអាចម៌ដីលក់ យ៉ាងអាណាធិបតេយ្យ នៅទូទាំងឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ប៉ុន្មានថ្ងៃនេះមានក្រុមគ្រឿងចក្រចូលកាយស្រះ យកអាចម៌ដីលក់យ៉ាងអាណាធិបតេយ្យ ហើយដឹកមិនមានការគ្របត្រឹមត្រូវ និងបណ្ដាលឱ្យហុយ រំខានដល់ភ្ញៀវទេសចរណ៍ ដែលមកទស្សនាសហគមន៍ដ៍ល្បីមួយនេះជាខ្លាំង។

ប្រជាពលរដ្ឋបន្តថា ក្រុមគ្រឿងចក្រទាំងនោះសង្ស័យថាគ្មានច្បាប់អនុញ្ញាតិ ត្រឹមត្រូវនោះទេ ដោយការដឹកទៀតសោត គឺប្រើប្រាស់ផ្លូវបេតុងថ្មី ដែលហាក់មានសភាពមិនរឹងមាំ ព្រោះកាលពីរដូវវស្សាកន្លងទៅទឹកលិច។ កំណាត់ផ្លូវនេះកន្លងមកមិនត្រូវបានអនុញ្ញាតិឱ្យរថយន្ដធន់ធំ និងធ្ងន់បើកបរលើនោះទេ។

ប្រជាពលរដ្ឋបញ្ជាក់ថា រឿងនេះគឺអាចមានការត្រូវរ៉ូវគ្នារវាង សហគមន៍ អជ្ញាធរ និងថៅកែគ្រឿងចក្រហើយ ទើបបានជាបណ្ដោយឱ្យមានការធ្វើអាជីវកម្មយ៉ាងអាណាធិបតេយ្យបែបនេះ។

ប្រជាពលរដ្ឋ បានធ្វើការសំណូមពរ ដល់អាជ្ជាធរបឹងទន្លេសាប និងអជ្ញាធរពាក់ព័ន្ធ មេត្តាចុះត្រួតពិនិត្យផង ដើម្បីជៀសវាងការប៉ះពាល់ដល់សភាពបឹង ជំរកត្រីពងកូន និងជីវះចំរុះ។

ជុំវិញរឿងដែលប្រជាពលរដ្ឋបានលើកឡើងមកនេះអង្គភាព សារព័ត៌មាន គេហទំព័រ គូលែនដេលី នៅមិនទាន់អាចទទួលបានការបំភ្លឺ ពីអាជ្ញាមូលដ្ឋាន និងលោកអភិបាលស្រុកប្រាសាទបាគងបាននៅឡើយទេ រហូតមកដល់ពេលនេះ៕នាគស

ព័ត៌មានពេញនិយម