ខេត្តសៀមរាប៖ បុរសជនបរទេសម្នាក់ ដែលកន្លងមកអ្នកលក់អាហារ មួយចំនួនក្នុងក្រុងសៀមរាប ចោទថាហូបអាហារមិនដែលឱ្យលុយ ពេលនេះគាត់មកសុំទៅស្រុកវិញហើយ។ នេះបើយោងតាមការឱ្យដឹងពីសមត្ថកិច្ច មកកាន់អង្គភាព សារព័ត៌មាន គូលែនដេលី នៅរសៀលថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣។
សមត្ថកិច្ចថា ជនបរទេសម្នាក់បានចូលមកបង្ហាញខ្លួននៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ស្នើសុំអោយសមត្ថកិច្ចយើងជួយអន្តរាគមន៍បញ្ជូនខ្លួនបានវិលត្រលប់ទៅប្រទេសកំណើតវិញ។ ជនបរទេសរូបនេះមានឈ្មោះ CALEBOUT PASCAL EDUARDA ភេទប្រុស កើតថ្ងៃទី០៤-០៥-១៩៧០ ជនជាតិប៊ែលហ្សិក គ្មានលិខិតឆ្លងដែនជាប់ខ្លួន គ្មានមុខរបរ គ្មានកន្លែងស្នាក់នៅពិតប្រាកដ។
សមត្ថកិច្ចបន្តថា តាមការសាកសួរជនបរទេសរូបនេះបានចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីអំឡុងខែធ្នូ ឆ្នាំ២០១៨ តាមច្រកទ្វារព្រលានយន្តហោះអន្តរជាតិសៀមរាប ដើម្បីបម្រើការងារជាគ្រូបង្រៀនតាមអនឡាញ។រហូតដល់អំឡុងខែមេសា ឆ្នាំ២០២៣ ដោយសារពុំមានសិស្សរៀន ខ្លួនពុំអាចរកចំណូលបាន ហើយម្ចាស់បន្ទប់ជួលក៏ពុំអនុញ្ញាតឲ្យស្នាក់នៅបន្តទៀត ព្រោះខ្លួនពុំមានលទ្ធភាពបង់ថ្លៃជួលបន្ទប់ ក៏ចាប់ផ្តើមដើរអនាថាស្នាក់នៅតាមទីសាធារណៈនានាក្នុងក្រុងសៀមរាប ហើយចំពោះការហូបចុកប្រចាំថ្ងៃគឺសុំពីប្រជាពលរដ្ឋខ្មែរដើម្បីហូបចុក ។ លិខិតឆ្លងដែនបានជ្រុះបាត់ ប៉ុន្តែពុំដឹងថាបាត់តាំងពីពេលណា នៅកន្លែងណានោះទេ។ ដោយសារពុំមានលទ្ធភាពក្នុងការចំណាយលើការស្នាក់នៅ ហូបចុកប្រចាំថ្ងៃ ទើបសម្រេចចិត្តចូលមកបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីស្នើសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍បញ្ជូនខ្លួនបានវិលត្រឡប់ទៅប្រទេសកំណើតវិញតែម្តង។
សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីចូលមកបង្ហាញខ្លួន ជំនាញបានរៀបចំសំណុំរឿងបញ្ជូនទៅមណ្ឌលត្រៀមបណ្តេញចេញប្រចាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រចាំខេត្តសៀមរាប ចាត់ការបន្តតាមនីតិវិធី៕នាគស