Monday, November 25, 2024

មានតែអ្នកដែលជាអាណាព្យាបាលទេ ទើបយល់នូវអត្ថន័យមួយនេះ

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋដែលជាអាណាព្យាបាល មានការកោតសសើរមិនដាច់ពីមាត់ ចំពោះទង្វើដ៍ប្រពៃ របស់កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ជាពិសេសកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបាននិងកំពុងបន្ត នូវការចុះសម្រួលចរាចរណ៍ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀន។

ក្រុមអាណាព្យាបាលបានលើកឡើងថា “មានតែអ្នកដែលជាអាណាព្យាបាលទេ ទើបយល់នូវអត្ថន័យមួយនេះ”។

អាណាព្យាបាលបន្តថា ក្នុងពេលបច្ចុប្បន្ន ពួកយើងជាអាណាព្យាបាល ពុំសូវមានពេលវេលាគ្រប់គ្រាន់ដើម្បីមើលថែទាំកូននោះទេ។ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩ បានកន្លងផុតទៅ ស្ថានភាពជីវភាពគ្រួសារត្រូវជំរុញឱ្យពួកយើង ជួយគ្នាប្រកបកិច្ចការងាររកស៊ីដើម្បីផ្គត់ផ្គង់គ្រួសារ។ ដូច្នេះពួកយើងតែងតែបណ្ដោយកូនៗ ឱ្យទៅសាលារៀនដោយខ្លួនឯង បើទោះបីជាមានការព្រួយបារម្ភក៍ត្រូវតែធ្វើចិត្ត។

ក្រុមអាណាព្យាបាលបញ្ជាក់ថា សុវត្ថិភាពកូនរបស់ពួកគាត់នៅសាលារៀន គឺសង្ឃឹមយ៉ាងមុតមាំ ទៅលើ លោកគ្រូ អ្នកគ្រូ។ ពេលនេះពួកគាត់មានសេចក្ដីរីករាយ និងជឿជាក់កាន់តែខ្លាំងថែមទៀត ចំពោះសុវត្ថិភាពកូនរបស់ពួកគាត់ ដោយមានវត្តមាន កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ជាពិសេសកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចុះជួយសម្រួលចរាចរណ៍ជាប្រចាំ ជូនកូនៗរបស់គាត់។

ក្រុមអាណាព្យាបាល ក៍បានធ្វើការគោរពថ្លែងអំណរគុណជាពន្លឹក ដល់ថ្នាក់ដឹកនាំខេត្ត ដែលមាន ឯកឧត្ដម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក នួន ពុទ្ធារ៉ា អភិបាល នៃគណៈអភិបាលក្រុងសៀមរាប កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក និងកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក ដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តសៀមរាប និងសូមគោរពជួនពរថ្នាក់ដឹកនាំ និងកងកម្លាំង ជួបតែនឹងពុទ្ធពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕នាគស

ព័ត៌មានពេញនិយម