ខេត្តសៀមរាប៖ ភ្ញៀវទេសចរណ៍បរទេស មិនអនុញ្ញាតិឱ្យបើកបរយានយន្តដោយខ្លួនឯង នៅខេត្តសៀមរាបនោះទេ។ នេះបើយោងតាមការបញ្ជាក់របស់ លោកវរសេនីយ៍ទោ សោម វីរះ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប្រាប់អង្គភាពបណ្ដាញសារព័ត៌មាន គេហទំព័រគូលែនដេលី នៅរសៀលថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២៣ នេះ។
លោកវរសេនីយទោ សោម វីរះ មានប្រសាសន៍ថា រឿងបញ្ហាចរាចរណ៍ ដែលពាក់ព័ន្ធជាមួយនឹងជនបរទេស បើកបរយានយន្តគ្រប់ប្រភេទ នៅទូទាំងខេត្តសៀមរាបយើងនេះ មិនមានច្បាប់ណាហាមមិនឱ្យជនបរទេសបើកបរនោះទេ។
លោកនាយការិយាល័យចរាចរផ្លូវគោកបានបន្ថែមថា នៅក្នុងខេត្តសៀមរាបយើង ក្នុងអំឡុងពេលដែលរដ្ឋាបាលខេត្តនេះ ដឹកនាំដោយ ឯកឧត្តម ឃឹម ប៊ុនសុង គឺមានសេចក្តីណែនាំដែលចេញដោយ រដ្ឋាភិបាលខេត្ត “ហាមមិនឱ្យអ្នកទេសចរណ៍បរទេស បើកបរយានជំនះ ដោយខ្លួនឯងនោះទេ” ហើយសេចក្ដីណែនាំនេះ នៅមានសុពលភាពនៅឡើយ រហូតមកដល់បច្ចុប្បន្ន។
លោកវរសេនីយ៍ទោ សោម វីរះ បានបញ្ជាក់ថា ដោយឡែកសម្រាប់ជនបរទេសអន្តោប្រវេសន៍ ដែលមានអាជីវកម្ម និងស្នាក់នៅបណ្ដោះអាសន្ន ក្នុងប្រទេសកម្ពុជា ពួកគាត់អាចបើកបរយានជំនិះបាន ប្រសិនបើមានប័ណ្ណបើកបរអាស៊ាន ប័ណ្ណបើកបរអន្តរជាតិ ដែលកម្ពុជាបានចូលរួមជាហត្ថលេខីទទួលស្គាល់ និងស្របទៅតាមច្បាប់របស់ប្រទសកម្ពុជាបានកំណត់។
សូមជម្រាបជូនផងដែរថា ការលើកឡើងរបស់លោកវរសេនីយ៍ទោ សោម វីរះ បែបនេះ ធ្វើឡើងគឺដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រជាពលរដ្ឋដែលសួរថា “តើជនបរទេសអាចបើកបរម៉ូតូបានដែឬទេ?” បន្ទាប់ពីមានករណី គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ Honda Scoopy ដែលបើកបរដោយយុវជនខ្មែរម្នាក់ និង ម៉ូតូ Honda Scoopy បើកបរដោយស្ត្រីបរទេសម្នាក់ ដែលគេសង្ស័យថាជាភ្ញៀវទេសចរណ៍ នៅត្រង់ចំណុចមុខប្រាសាទក្រវ៉ាន់ ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ។ ហើយហេតុការណ៍នេះ បណ្តាលឱ្យអ្នកទាំង២ រងរបួសយ៉ាងដំណំ និងខួចខាតម៉ូតូចំនួន២គ្រឿងផងដែរ៕នាគស