ខេត្តសៀមរាប៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបរទេសម្នាក់ ក្នុងករណី“ការទិញពេស្យាចារកុមារ និងអំពើរួមភេទជាមួយអនីតិជនអាយុក្រោម១៤ឆ្នាំ” ដែលបានប្រព្រឹត្តនៅផ្ទះសំណាក់ សៀមរាប អ័របាន់ (Siem Reap URBAN Boutique) មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសុខសាន្ត ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៣កន្លងទៅ។
សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបំបែកសំណុំរឿងករណី “ការទិញពេស្យាចារកុមារ និងអំពើរួមភេទជាមួយអនីតិជនអាយុក្រោម១៤ឆ្នាំ” កាលពីវេលាម៉ោង ១៦ និង ០០ នាទីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៣ បន្ទាប់ពីទទួលបានបញ្ជាពី ឯកឧត្តមព្រះរាអាជ្ញា អមសាលាដំបូងខេត្តសៀមរាប អនុញ្ញាតឲ្យឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ Devid Brayant ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិ អាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ P USA 683406034 ស្នាក់នៅភូមិចំការចេក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ពាក់ព័ន្ធករណី ការទិញពេស្យាចារកុមារ និងអំពើរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ កាលពីថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ ២០២៣។
សមត្ថកិច្ចបន្តថា យោងតាមរបាយការណ៏អធិការដ្ឋាននគរបាលស្រុកស្រីស្នំ បានរាយការណ៏ថា មានករណីក្មេងស្រីឈ្មោះ ស.គ.ឡ អាយុ ១៤ឆ្នាំ ដែលបានរត់ចេញពីផ្ទះជនសង្ស័យមកជួបអ្នកភូមិចំការចេក ឃុំ ស្លែងស្ពាន ឲ្យជួយ អ្នកភូមិ បានយកមកអធិការដ្ឋាន ក្រោយពីធ្វើតេស្តរកសារធាតុញៀនវិជ្ជមាន និងសាកសួរទើបដឹងថានាងមានករណីរំលោភបំពានផ្លូវភេទ ពីជនបរទេសឈ្មោះ Devid Brayant ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិ អាមេរិកកាំង។
សមត្ថកិច្ចបន្ថែមថា ជនរងគ្រោះឈ្មោះ សៀង គឹមឡេង ភេទ ស្រី អាយុ ១៤ឆ្នាំ បានបំភ្លឺថា នៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០២៣ ខ្លួនជួបជនបរទេសម្នាក់ឈ្មោះ Devid Brayant ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិ អាមេរិកកាំង នៅម្តុំផ្លូវសុខសាន្ត ជនបរទេសរូបនោះបាននាំនាងទៅដេកផ្ទះសំណាក់បានចំនួន ០២ដង ផ្ទះសំណាក់នោះមានឈ្មោះ សៀមរាប អ័របាន់ (Siem Reap URBAN)។ ក្រោយរួមភេទរួច ជនសង្ស័យបានឲ្យទូរសព្ទ០១គ្រឿងម៉ាក វីវ៉ូ(Vivo) ពណ៌ខៀវ និងបានទិញខោអាវឲ្យមួយសម្រាប់អស់ប្រាក់ ២៧ដុល្លា ទៅនាង នៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៣ បានជួបនិងបានរួមភេទនៅផ្ទះសំណាក់ដដែល(SiemReap Urban)។ ក្រោយរួមភេទជនសង្ស័យបានបបួលនាងទៅលេងផ្ទះរបស់គាត់នៅភូមិ ចំការចេក ឃុំ ស្លែងស្ពាន ស្រុក ស្រីស្នំ ខេត្តសៀមរាប។ នៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៣ ជនបរទេសរូបនោះបាននាំមកផ្ទះរបស់គាត់នៅភូមិ-ឃុំខាងលើ ហើយគំរាមដោយប្រើអាវុធមិនស្គាល់ម៉ាកមកភ្ជង់នាងឲ្យប្រើគ្រឿងញៀន ខ្លួនភ័យក៏រត់គេចចេញឲ្យអ្នកភូមិជួយ។
សមត្ថកិច្ចបន្តបន្ថែមថា ក្រោយទទួលបណ្តឹងពីអាណាព្យាបាលមក សាកសួរជនរងគ្រោះ និងទទួលបានការអនុញ្ញាតពី ឯកឧត្តមព្រះរាជអាជ្ញា ដើម្បីបើកការស៊ើបអង្កេតបឋម កំលាំងជំនាញបានកោះហៅជនសង្ស័យ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឲ្យចូលខ្លួននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ មកសាកសួរ ហើយជាលទ្ធលផល ជនសង្ស័យឈ្មោះ Devid Brayant ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិ អាមេរិកកាំង កាន់លិខិតឆ្លងដែនលេខ P USA 683406034 បានឆ្លើយសារភាពថា ខ្លួនពិតជាបានស្គាល់ និងជួបក្មេងស្រីមា្នក់ ដែលមិនបានស្គាល់ឈ្មោះ នៅម្តុំផ្លូវសុខសាន្តទល់មុខហាងថេមផលបា (Temple Bar) និងបានបបួលនាងទៅដេកផ្ទះសំណាក់ឈ្មោះ Siem Resp URBAN និងបានទិញខោអាវ និងឲ្យទូរសព្ទ០១គ្រឿងម៉ាក វីវ៉ូ(Vivo) ពណ៌ខៀវ ទុកលេងហ្គេម និងបានយកមកលេងផ្ទះរបស់ខ្លួននៅភូមិចំការចេក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ពិតប្រាកដមែន តែខ្លួនពុំដែលបានដេករួមភេទជាមួយនាងទេ ហើយក៏ពុំដែលបង្ខំដោយភ្ជង់កំាភ្លើងឲ្យប្រើគ្រឿងញៀនដែរ។ ដោយជាក់ស្តែងថ្ងៃដដែលនេះ នៅពេលដែលកំលាំងនគរបាលបានកោះហៅជនសង្ស័យមកសាកសួរ ក៍បានធ្វើការពិនិត្យរកសារធាតុញៀនលើជនសង្ស័យផងដែរ ហើយជាលទ្ធផលគឺ វិជ្ជមាន សារធាតុញៀនពិតប្រាកដមែន។
តាមការស្តាប់បំភ្លឺសាក្សី និងមេភូមិចំការចេកចំនួន ០៥នាក់ បានបំភ្លឺថាៈ ពិតជាមានជនបរទេសឈ្មោះ Devid Brayant ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិ អាមេរិកកាំង រស់នៅក្នុងភូមិ ពិតមែន ដោយគាត់បានរៀបការជាមួយនារីក្នុងភូមិ ឈ្មោះ សំណយ និងមានកូនប្រុសម្នាក់ តែប្រពន្ធមិនអាចទ្រាំរស់នៅជាមួយបាន ដោយបុរសជនជាតិនោះកាចពេក និងរករឿងអ្នកភូមិ ជួនកាលបង្ហាញប្រដាប់ភេទដាក់គេឯងអ្នកដែលមានផ្ទះនៅជិតគាត់ ជួនកាលយកកាំភ្លើងមិនស្គាលម៉ាកពណ៌ខ្មៅមកភ្ជង់គេឯងពេញភូមិ ជនបរទេសនោះរស់នៅមិនចុះសម្រុងជាមួយអ្នកភូមិទេ ជាក់ស្តែងនៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៣ គាត់បានដឹកក្មេងស្រីម្នាក់មកផ្ទះគាត់ពិតមែន មិនដឹងរឿងអ្វីទេ ក្មេងស្រីនោះរត់ចេញពីផ្ទះគាត់ អ្នកភូមិក៏បានប្តឹងរាយការណ៏ជូននគរបាលប៉ុស្តិមកជួយយកទៅអធិការដ្ឋាននគរបាលស្រុក ស្រីស្នំ។
សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នជំនាញបានឃាត់ខ្លួនជនសង្ស័យរូបនេះ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីហើយ៕នាគស