ខេត្តសៀមរាប៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប វេលាម៉ោង ០២ និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
សមត្ថកិច្ចថា ម្ចាស់ផ្ទះដែលរងការឆាប់ឆេះនោះមានឈ្មោះ ស៊ន់ ហយ ភេទប្រុស អាយុ ៤៨ឆ្នាំ ប្រពន្ធឈ្មោះ ង៉ាន់ ប៉ាត ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា គ្រោះអគ្គីភ័យនេះបានបណ្តាលឲ្យខូចខាត ផ្ទះសង់អំពីឈើលើ ថ្មក្រោម ដំបូលប្រក់ក្បឿង ទំហំ៧ម៉ែត្រ x ៩ម៉ែត្រ និងខាងក្រោយមានផ្ទះបាយទំហំ ៦ម៉ែត្រ x ៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់សង្ក័សី ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យមានឧបទ្ទវហេតុនេះគឺ មកពីទុស្សេខ្សែភ្លើង ។
ចំពោះករណីនេះកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអង្គរជុំ បានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន៕នាគស