Monday, November 25, 2024

ប្រទះឃើញនារីវ័យក្មេងម្នាក់ស្លាប់បាត់បង់ជីវិត ក្បែរម៉ូតូ ពេលនេះដឹងមូលហេតុហើយ

ខេត្តសៀមរាប៖ នារីវ័យក្មេងម្នាក់ដែលគេប្រទះឃើញស្លាប់នៅក្បែរម៉ូតូ ក្នុងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ដែលមហាជនដាក់ការសង្ស័យថា បង្កឡើងដោយខ្លួនឯង ឥឡូវសមត្ថកិច្ចបញ្ជាក់ ឱ្យដឹងមូលហេតុពិតប្រាកដហើយថា ជាករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្តធំ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅលើផ្លូវ ពីផ្សារក្រោមទៅភ្នំក្រោម ត្រង់ចំណុច ខាងជេីងភ្នំក្រោមចំងាយ២គីឡូម៉ែត្រ  ស្ថិតនៅភូមិក្រសាំងរលេីង សង្កាត់សៀមរាប  ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង 5 និង 00នាទីនៅថ្ងៃទី 13 ខែ មិថុនា ឆ្នាំ 2023។

សមត្ថកិច្ចបន្តថា ជនរងគ្រោះក្នុងឧបទ្ទវហេតុនេះ មានឈ្មោះ ព្រែក សីហា អាយុ ១៨ឆ្នាំ ជាអ្នករស់នៅភូមិសំរោងយា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1AA-6562 ក្នុងទិសដៅពីជេីងទៅត្បូង មកដល់ចំណុចកើតហេតុខាងលើ ក៍បានបុកពីក្រោយរថយន្ត ម៉ាក Fuso ពណ៍ស ផ្លាកលេខ ភ្នំពេញ 3D-4733 ជាប្រភេទរថយន្តសណ្ដោងកន្ទុយដឹកគ្រឿងចក្រ ដែលឈប់ចោលនៅទីតាំងខាងលើ ដោយបែរមុខទៅត្បូង។

សមត្ថកិច្ចបន្ថែមថា ក្រោយពេលកើតហេតុ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើករថយន្តគេចចេញពីកន្លែងកើតហេតុ ហើយត្រូវបានកម្លាំងការិយាល័យចរាចរណ៍ស្រាវជ្រាវរកឃើញរថយន្ត តែអ្នកបើកបររត់គេចខ្លួនបាត់ស្រមោលទៅហើយ។

សមត្ថកិច្ចបញ្ជាក់ថា ហេតុការណ៍នេះបានបណ្ដាលឱ្យ អ្នកបេីកបរម៉ូតូម្នាក់ ស្លាប់នៅកន្លែងកើតហេតុ និងខូចខាត ម៉ូតូ1គ្រឿងធ្ងន់ ហើយមូលហេតុគឺមកពីរថយន្តឈប់លើផ្លូវពុំមានដាក់ភ្លើងបំភ្លឺជាសញ្ញា។

បន្ទាប់ពីធ្វើការវាស់វែងរួច វត្ថុតាងត្រូវបានបញ្ជូនទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លវគោក ដើម្បីកសាងសំណុំរឿងតាមនិតិវិធី។ ចំណែកសាកសពត្រូវបានប្រគល់ជួនក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕នាគស

ព័ត៌មានពេញនិយម