ខេត្តកណ្ដាល៖ សមត្ថកិច្ចបំបែកសំណុំរឿង ដោយធ្វើការឃាត់ខ្លួនបានបុរសជនជាតិចិនចំនួន ០៤ នាក់ ក្នុងចំណោមបក្ខពួក០៦នាក់ ដែលពាក់ព័ន្ធ ករណីឃាតកម្ម លើបុរសជនជាតិចិនម្នាក់ រួចញាត់សាកសពចូលក្នុងវ៉ាលី និងបានយកទៅប្លុងចោលហើយ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។
សមត្ថកិច្ចថា ជនសង្ស័យដែលឃាត់បាន ទី១មានឈ្មោះ DAI MINGXING ហៅ QI SHI ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២ មានឈ្មោះ HONG QI ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី៣ មានឈ្មោះ ZHANG XI YUAN ហៅ XIAO BAI ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ និង ទី៤ មានឈ្មោះ LI CHEN ហៅ BING អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារព្រីន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីពិនិត្យលើវត្ថុតាងចាប់យករួចមក សមត្ថកិច្ចបានរកឃើញថាជនរងគ្រោះមានឈ្មោះ YI MING DALI ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែង ក្នុងអគារជាន់ទី៣ បន្ទប់៣C (៣៣២-៣៣៣) ដែលមានទីតាំងស្ថិតនៅភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជំនាញ បានត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យ នៅបន្ទប់លេខ១០៤ ជាន់ទី១ មានស្លាកស្នាមប្រឡាក់ ចំនួន០២កន្លែងក្រោមជើងវាំងនន និងបន្ទប់លេខ៣០២ ជាន់ទី៣ មានស្លាកស្នាមប្រឡាក់ជាប់នឹងជើងគ្រែ រួចមន្រ្តីជំនាញបានធ្វើតេស្ត(BULESTAR) លើសំណាកខាងលើឃើញថា ពិតជាឈាមមនុស្ស(វិជ្ជមាន) ដោយសារក្រុមជនសង្ស័យបានធ្វើទារុណកម្ម នៅបន្ទប់ទាំងនោះ ហើយដឹកសពជនរងគ្រោះចេញទៅ។
សមត្ថកិច្ចបញ្ជាក់ថា សង្ស័យចំនួន០៤នាក់ ដែលបានឃាត់ខ្លួនឆ្លើយបានសារភាពដូចគ្នា ថាពិតជាបានធ្វើទារុណកម្មលើជនរងគ្រោះ នៅទីតាំងខាងលើនោះមែន ដោយសារតែជនរងគ្រោះបានលួចប្រាក់របស់ក្រុមហ៊ុនចំនួន ៧,០០០$ ហើយ ឈ្មោះ LI CHEN ហៅ BING អាយុ៣៧ឆ្នាំ ជនជាតិចិន ក៍បានសារភាពថា នៅថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៣ ខ្លួន និងបក្ខពួក០៣នាក់ អ្នកទី១.ឈ្មោះ ប៉ាយ ប៉ាយ (BAI BAI) អាយុ២៥ឆ្នាំ ជនជាតិចិន និងបក្ខពួក០២នាក់ទៀត មិនស្គាល់ឈ្មោះ ជនជាតិវៀតណាម បានដឹកជនរងគ្រោះចេញពីបន្ទប់៣០២ តាមរថយន្ត០១គ្រឿងម៉ាក STAREX ពណ៌ស មិនចាំស្លាកលេខដើម្បីយកទៅចោលផងដែរ។
សូមរំលឹកជួនផងដែរថា កាលពីវេលាម៉ោង ០៦ និង ០០ នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋ ដែលជាអ្នកនេសាទ នៅតាមដងទន្លេសាប បានប្រទះឃើញ វ៉ាលី ពណ៌ខ្មៅ ចំនួន០២ នៅក្បែរមាត់ច្រាំងទន្លេសាប និងបានរ៉ូតវ៉ាលី ដើម្បីមើលក៏ប្រទះឃើញសាកសព មានក្លិនស្អុយ និងមានស្កុតរុំមុខជិត នៅចំណុច មាត់ច្រាំងទន្លេសាប ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮខេត្តកណ្តាល។ ជាលទ្ធផលនៃការស្រាវជ្រាវស៊ើបអង្កេត គ្រប់វិធានការជំនាញ សមត្ថកិច្ចក៍អាចឈានទៅកំណត់អត្ដសញ្ញាណ និងឃាតខ្លួនជនសង្ស័យក្នុងអំពើនេះ។
បច្ចុប្បន្នករណីនេះជំនាញបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕នាគស