Wednesday, December 11, 2024

សមត្ថកិច្ចបង្ហាញអត្តសញ្ញាណ អ្នកបើកបរ Audi Q7 ដែលបុកគេស្លាប់ នៅផ្លូវវត្តបូព៌ហើយ

ខេត្តសៀមរាប៖ ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញអត្តសញ្ញាណ អ្នកបើកបររថយន្ត Audi Q7 ដែលបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់ នៅផ្លូវវត្តបូព៌ហើយ នាព្រឹកថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2023 នេះ។

សមត្ថកិច្ចបានឱ្យ អង្គភាពសារព័ត៌មាន គូលែនដេលី ដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅត្រង់ចំណុច មុខភោជនីយដ្ឋាន ហាសុិ (The Hashi Japanese) ដែលស្ថិតនៅលើផ្លូវ អាចារ្យហែមចៀវ (ផ្លូវវត្តបូព៌) ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង 21 និង 15 នាទីថ្ងៃទី 05 ខែ មិថុនា ឆ្នាំ2023 ដោយរថយន្តម៉ាក Audi Q7 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AO-6869 ដែលមានអ្នកបើកបរ ឈ្មោះ មុិ ម៉ាច ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅក្នុងភូមិ ដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បើកបរក្នុងទិសដៅពីជើងទៅត្បូង មកដល់កន្លែងកើតហេតុក៍បានបុកម៉ូតូ 01គ្រឿង ម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ ផ្លាកលេខ តាកែវ 1O-7336 ដែលអ្នកបើកបរមានឈ្មោះ សួន សុខុមឌីឡា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលបើកបរក្នុងទិសដៅផ្ទុយគ្នាពេញទំហឹង។

សមត្ថកិច្ចបន្តថា ហេតុការណ៍នេះបាន បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ដែលមានពាក់មួកសុវត្ថិភាព ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខូចខាតរថយន្ត 01គ្រឿងធ្ងន់ និង ខូចខាតម៉ូតូ 01 គ្រឿងធ្ងន់ ចំណែកអ្នកបើកបររថយន្ត Audi Q7 ដែលរត់គេចពីកន្លែងកើតហេតុ ដោយមានបុរសចំនួន 02នាក់ទៀត ព្យាយាមរំដោះដោយប្រើរថយន្ត lexus Rx300 ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2N-6280 តែត្រូវបានកម្លាំងជំនាញឃាត់ខ្លួន និងបានបញ្ជួនទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យមានឧបទ្ទវហេតុនេះ គឺមកពីអ្នកបើកបររថយន្ត បើកបរក្នុងស្ថានភាពស្រវឹង និងមិនប្រកាន់ស្តាំ។ ក្រោយពេលកើតហេតុ ជំនាញបានធ្វើការវាស់វែង ត្រួតពិនិត្យកន្លែងកើតហេតុ និងបាននាំយកវត្ថុតាងទាំងអស់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្នកំលាំងជំនាញបានធ្វើការកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការបន្ត៕នាគស

ព័ត៌មានពេញនិយម