Friday, November 15, 2024

សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតលើការស្លាប់ របស់មន្រ្តីនគរបាលនារី ផែនអន្តោប្រវេសន៍ម្នាក់

រាជធានីភ្នំពេញ៖ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត លើករណី មន្រ្តីនគរបាលនារី ផែនអន្តោប្រវេសន៍ម្នាក់ នៅខណ្ឌព្រែកព្នៅ ដែលបានស្លាប់ ដោយប្រើកាំភ្លើងខ្លីបាញ់ ក្នុងស្ថានភាពហាក់បីដូចជាសម្លាប់ខ្លួន នៅចំណុចខាងមុខទ្វារផ្ទះគ្មានលេខមួយកន្លែង ដែលស្ថិតតាមបណ្ដោយផ្លូវបេតុង ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣នេះ។

សមត្ថកិច្ចថា នគរបាលនារី ដែលរងគ្រោះមានឈ្មោះ វី ស្រីវ៉ែន ហៅ ខួច អាយុ ២១ឆ្នាំ ភេទស្រី មានមុខរបរជាមន្រ្តីនគរបាលផ្នែកអន្តោប្រវេសន៍ នៃអធិការនគរបាលខណ្ឌព្រែកព្នៅ អត្ថលេខ ៩១៣៧៨ ឋានន្តរស័ក្ដិ ព្រិនបាលទោ។

សមត្ថកិច្ចបន្តថា ករណីឃាតកម្ម ដោយប្រើកាំភ្លើងខ្លីមិនទាន់ស្គាល់ម៉ាក បាញ់បណ្ដាលឱ្យស្លាប់ខាងលើ សមត្ថកិច្ចរកឃើញមានលិខិតបណ្តាំមួយ នៅទីតាំងកើតហេតុ ដែលបានសរសេរនៅលើក្រដាស់កាតុង ដោយមានខ្លឹមសារថា «កូនសុំទោសប៉ាម៉ាក់ កូនលាហើយ កូនមិនអាចរស់នៅបានទៀតទេ កូនជាមនុស្សល្អ ប៉ាម៉ាក់មិនសមមានកូនបែបនេះទេ ហើយកាំភ្លើងនេះ កូនខ្ចីបងអូន គេអត់ជាប់ពាក់ព័ន្ធទេ យកកាំភ្លើងឱ្យគាត់វិញផង កូនសុំទោស ហើយមិនបាច់ធ្វើបុណ្យឱ្យកូនទេ កុំឱ្យអស់លុយ កូនលាហើយប៉ាម៉ាក់ លាប្អូនទាំង៤នាក់ លាលោកកុង ចៅសូមទោស អត់ពាក់ព័ន្ធនឹងអ្នកណាទេ ខ្ញុំសម្រេចចិត្តខ្លួនឯង »។

សមត្ថកិច្ចបញ្ជាក់ថា យោងតាមលិខិត ជនរងគ្រោះអាចត្រូវបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួន ដោយខ្ចីកាំភ្លើងអ្នកធ្វើការជាមួយគ្នាមកធ្វើសកម្មភាព។ តែទោះបីជាយ៉ាងណា សមត្ថកិច្ចនៅកំពុងបើកការស៊ើបអង្កេតលើករណីខាងលើនេះបន្ថែម និងរកឱ្យឃើញម្ចាស់កាំភ្លើងពិតប្រាកដ៕នាគស

ព័ត៌មានពេញនិយម