Friday, November 15, 2024

បន្លំខ្លួនធ្វើជាសង្ឃដើរបិណ្ឌបាតត្រូវបានព្រះគ្រូចៅអធិការវត្តនិងអាជ្ញាធរក្រុងបានដោះស្បង់ចីវរបុរស២នាក់! 

ខេត្តព្រះសីហនុ៖ ព្រះចៅអធិការវត្តអូរត្រេះ និងមន្ត្រីអាជ្ញាធរក្រុងព្រះសីហនុបានឃាត់ខ្លួន រួចដោះស្បង់ចីវរចេញពីបុរស២នាក់ដែលបន្លំធ្វើជាសង្ឃ ដើរបិណ្ឌបាត្រប្រមូលបច្ច័យដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ប្រភពពី មន្ត្រីមន្ទីរធម្មការបានឱ្យដឹងថា បុគ្គល២នាក់ដែលក្លែងខ្លួនជាសង្ឃ ដើរបិណ្ឌបាត្របច្ច័យពីពលរដ្ឋត្រូវបានព្រះគ្រូចៅអធិការវត្តអូរត្រេះ សហការជាមួយមន្ត្រីមន្ទីរធម្មការនិងសាសនាខេត្តព្រះសីហនុ បានឃាត់ខ្លួនហើយនាំយកដោះស្បង់ចីវរចេញ រួចធ្វើកិច្ចសន្យាមិនឱ្យធ្វើសកម្មភាពបោកប្រាស់ពុទ្ធបរិស័ទបន្តទៀត។

ព្រះគ្រូចៅអធិការវត្តអូរត្រេះ មាស សុផល ក្នុងនាមគណៈគុណសង្ឃខេត្តព្រះសីហនុ មានសង្ឃដិការឱ្យដឹងនៅថ្ងៃ២ ខែមិថុនាថា ករណីនេះមន្ត្រីសង្ឃខេត្តជាមួយមន្ទីរធម្មការនិងសាសនាខេត្តនិងសមត្ថកិច្ចពាក់ព័ន្ធបន្តការត្រួតពិនិត្យទប់ស្កាត់បាតុភាពនេះ។ ក្នុងនោះអំពាវនាវញាតិញោមពុទ្ធបរិសទ័ប្រទះឃើញ ឬសង្ស័យជនក្លែងបន្លំជាសង្ឃ សូមប្រាប់មកអាជ្ញាធរនិងមន្ត្រីសង្ឃដើម្បីទប់ស្កាត់សកម្មភាពបង្កប៉ះពាល់ដល់ព្រះពុទ្ធសាសនា។

ព្រះតេជគុណ មាសសុផលបានបញ្ជាក់ថា បុគ្គល២នាក់នេះធ្លាប់បន្លំធ្វើជាសង្ឃដើរបិណ្ឌបាត្របច្ច័យនិងត្រូវបានឃាត់នាំយកមកអប់រំចំនួន២លើកហើយ។ ប្រសិនបើបន្តប្រព្រឹត្តលើកក្រោយទៀតមន្ត្រីសង្ឃនិងខាងមន្ទីរធម្មការខេត្តបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕សុខណា

 

ព័ត៌មានពេញនិយម