ខេត្តសៀមរាប៖ យ៉ាងហោចណាស់មានមនុស្សចំនួន ០៤នាក់ ស្លាប់ និងរងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ កាលពីព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
សមត្ថកិច្ចថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខសាលាវិទ្យាល័យពួក ដែលស្ថិតនៅក្នុងភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប រវាងម៉ូតូមួយគ្រឿង Honda Dream ផលិតឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1N-1986 បើកបរដោយឈ្មោះ ស៊ុន សិក ភេទប្រុស អាយុ៤៨ឆ្នាំ បុខរបរ កសិករ មានទីលំនៅស្ថិតក្នុងភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប រួមដំណើរដោយឈ្មោះ ឆាយ ឆោម ភេទប្រុស អាយុ៧៨ឆ្នាំ មុខរបរ កសិក រស់នៅភូមិ-ឃុំជាមួយគ្នា បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាក Honda Dream ផលិតឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1Y-7872 បើកបរក្នុងទិសដៅពីលិចទៅកើតដូចគ្នា ហើយបត់ឆ្វេង ដោយឈ្មោះ ម៉ាន់ មិនា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ ជំនួយការរដ្ឋបាលឃុំសំរោងយា មានទីលំនៅស្ថិតក្នុងភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប រួមដំណើរដោយឈ្មោះ ប៉ាត សុភា ភេទស្រី អាយុ៧០ឆ្នាំ មុខរបរ ជំទប់ទី១ឃុំសំរោងយា មានទីលំនៅស្ថិតក្នុងភូមិអំពិល ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា ឧបទ្ទវហេតុនេះបានបណ្ដាលឱ្យគ្រោះថ្នាក់មនុស្សចំនួន០៤នាក់ ដែលសុទ្ធតែមិនពាក់មួកសុវត្ថិភាព រួមមាន អ្នកបើកបរម៉ូតូ ផ្លាកលេខ សៀមរាប 1N-1986 ស្លាប់បាត់បង់ជីវិតបន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកអ្នករួមដំណើរ រងរបួសធ្ងន់ ជាមួយគ្នានេះ អ្នកបើកបរម៉ូតូ ស្លាកលេខ សៀមរាប 1Y-7872 របួសមធ្យម និង អ្នករួមដំណើរ រងរបួសធ្ងន់ផងដែរ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ ដោយម៉ូតូ ផ្លាកលេខ សៀមរាប 1Y-7872 បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន និងម៉ូតូ ផ្លាកលេខ សៀមរាប 1N-1986 បើកបរក្នុងល្បឿនលឿន ។
ក្រោយពេលកើតហេតុកម្លាំងជំនាញបាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពួក ចុះដល់កន្លែងកើតហេតុ សង្រ្គោះជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យ និងធ្វើការវាស់វែង ប្រមូលវត្ថុតាងពាក់ព័ន្ធ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕នាគស