ខេត្តសៀមរាប៖ បង្កាន់ដៃជណ្តេីរចុះទៅទឹកធ្លាក់ភ្នំគូលែន ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បាននិងកំពុងជួលជុលឡើងវិញជាបណ្តេីៗហេីយ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ។
ការជួសជុលនេះធ្វើឡើង បន្ទាប់ពីប្រជាពលរដ្ឋ បានធ្វើការសំណូមពរ ដល់ក្រុមហ៊ុននគរគោកធ្លក មេត្តាជួសជុល ជណ្ដើរ និងបង្កាន់ដៃដែក ដែលពុកផុយនោះ ឱ្យបានប្រសើរឡើងវិញ ដើម្បីផ្ដល់ជូននូវសុវត្ថិភាព ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលនិយមមកលេងកម្សាន្តផង ព្រោះមានការរះគន់ និងសម្ដែងនូវការហួសចិត្តអំពីថ្នាក់ដឹកនាំ ក៍ដូចជាប្រជាពលរដ្ឋជាច្រើន ចំពោះក្រុមហ៊ុនដែលបានជួសជុលបង្កាន់ដៃជណ្តើរដែក ចុះទៅទឹកធ្លាក់ធំភ្នំគូលែន ដោយបានយកត្រឹមតែស្គុតថ្លាមករុំ តែប៉ុណ្ណោះ កាលពីថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២៣កន្លងទៅ។
សូមជម្រាបជូនសារជាថ្មីផងដែរថា កាលពីព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ នៅចំណុចជណ្ដើរដែកចុះទៅទឹកធ្លាក់ ក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលប្រជាពលរដ្ឋ រាយការណ៍ថា មានស្ត្រីជនជាតិអាមេរិកាំងម្នាក់ ឈ្មោះ អេលីហ្សាបែត (Elizabeth) ធ្វើដំណើរចុះទៅទស្សនា ទឹកធ្លាក់ខ្នងភ្នំគូលែន ក៏ត្រូវបានមុតដៃ និងបង្កាន់ដៃជណ្ដើរដែក ដែលចុះទៅទឹកធ្លាក់ រហូតដល់រយះដៃយ៉ាងធំ ដេរ៤ថ្នេរ រងការឈឺចាប់ស្រែកទ្រហោយំ និងទទូចស្នើសុំ ឱ្យអាជ្ញាធរពាក់ព័ន្ធ ទទួលខុសត្រូវជួសជុល ឬធ្វើថ្មី នូវជណ្ដើរដែលចាស់ ពុកផុយ រងការច្រែះចាប់ឡើងវិញផង ដើម្បីកុំឲ្យភ្ញៀវជាតិ និងអន្តរជាតិដទៃទៀត ជួបនូវឧបទ្ទវហេតុដូចជារូបគាត់បន្តទៀត។
ប្រជាពលរដ្ឋបានសម្ដែងនូវការសាទរ ចំពោះចំណាត់ការ របស់ក្រុមហ៊ុននគរគេាកធ្លក ដែលជាក្រុមហ៊ុនទទួលសិទ្ធិផ្ដាច់មុខ ក្នុងការលក់សំបុត្រចូលភ្នំគូលែន ដែលបានជួសជុលជណ្តើរចាស់នេះឡើងវិញ និងសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននឹងធ្វើការថែទាំជណ្ដើរមួយនេះ ក៍ដូចជាផ្នែកផ្សេងនៃរម្មណីយ៍ដ្ឋានភ្នំគូលែននេះឱ្យមាន សោភ័ណភាព សុវត្ថិភាព និងផាសុកភាព សាកសមជា ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម របស់កម្ពុជាផង៕នាគស