ខេត្តសៀមរាប៖ កន្លែងលាងឡាន យីហោ “កក្រាញ់លាងឡាន នឹងម៉ូតូ” ជាប់ផ្លូវលេខ ៦៣ ស្ថិតក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បានបណ្ដោយកម្មករឱ្យបើករថយន្ដ ដែលគេយកទៅលាង សូម្បីដឹងថា កម្មកររបស់ខ្លួនមិនទាំងចេះបើករថយន្ដផងនោះទេ បានបណ្ដាលបុកនារីម្នាក់រងរបួស និងជ្រុលទៅបុករបងផ្ទះគេថែមទៀតកាលពីវេលាម៉ោង ១០ និង ៣០នាទីព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០២៣។
សមត្ថកិច្ចបានឱ្យដឹងថា កម្មករលាងរថយន្តនៅទីតាំងខាងលើនោះ មានឈ្មោះ នេន និត ភេទប្រុស អាយុ ១៧ឆ្នាំ នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ត្រូវបានថៅកែបណ្ដោយឱ្យឡើងបើករថយន្ដម៉ាក TOYOTA HIGHLANDER ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AJ-3990 ចូលទៅលាង ក្នុងទិសដៅពីត្បូងទៅជេីង ក៍កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ បុកនារីម្នាក់ និងបុករបងផ្ទះតែម្ដង។
សមត្ថកិច្ចបន្តថា នារីដែលរងការបុកដោយរថយន្តខាងលើនោះ មានឈ្មោះ សូរ រស្មី អាយុ ២១ឆ្នាំ រស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ខណៈដែលនាងកំពុងឈរនៅក្បែរនោះ និងបានបណ្ដាលឲ្យដោយដួលទៅលើដី និងរបួសមធ្យម។
សមត្ថកិច្ចបន្ថែមថាដោយរថយន្តនោះពុំទាន់អស់ល្បឿន ក៏បន្តទៅបុកបុករបងផ្ទះ ឈ្មោះ ណៃ ហួយ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យខូចខាតរបងផ្ទះ3ដើម ចំណែកឯរថយន្តខូតខាតស្រាលតែប៉ុណ្ណោះ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យមានឧប្បវេហេតុនេះកើតឡើង គឺមកពី អ្នកបើកបររថយន្តមិនចេះបើកបរ។
បន្ទាប់ពីធ្វេីការវាស់វែង នឹងត្រួតពិនិត្យកន្លែងកេីតហេតុ វត្ថុតាងត្រូវបាន សមត្ថកិច្ចយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដេីម្បីបន្តនីតិវិធី៕នាគស