ខេត្តបន្ទាយមានជ័យ៖ នារីលក់ក្រឡានម្នាក់ ឈ្មោះ ខ្នួច ស៊ីមាន អាយុ១៩ឆ្នាំ រស់នៅភូមិភូមិពោធិ៍រៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរីត្រូវបានសាច់ញាតិបង្ហោះតាមបណ្ដាញសង្គមកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា គេចាប់ដាក់ឡាននោះ ចេញមកបកស្រាយហើយ គឺតាមការពិតនាងបានឡើងឡានតាមប្រុសថ្មី ទៅចោលប្តីនិងកូនប្រុស អាយុជាង១ខួប ហើយថែមទាំងចោទម្តាយរបស់ខ្លួនថា ជាអ្នកបង្ខំនាងអោយយកប្តីទៀត។
លោកវរសេនីយ៍ឯក ស៊ីន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ថា ក្រោយបណ្តាញសង្គមបានផ្សព្វផ្សាយ ថាមានស្ត្រីម្នាក់ត្រូវបានគេចាប់ដាក់រថយន្តម៉ាកហាឡិនឌឺនិងលុចស៊ីស ចេញទៅតាមផ្លូវជាតិលេខ៥ ទិសដៅទៅក្រុងប៉ោយប៉ែតនោះ កម្លាំងបានចុះស្រាវជ្រាវ ដោយបានជួបម្តាយនារីរូបនោះផងដែរ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣។
សមត្ថកិច្ចបន្តថា ស្តី្រជាម្ដាយនោះមានឈ្មោះ ឆោប គឹមឡាន អាយុ៣៦ឆ្នាំ រស់នៅភូមិពោធិ៍រៀង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បានបំភ្លឺថា កូនស្រីរបស់គាត់មានឈ្មោះ ខ្នួច ស៊ីមាន អាយុ ១៩ឆ្នាំ មុខរបបលក់ក្រឡាន ការពិតនាងមានប្តី និងមានកូនមួយហើយ គឺបានឡើងឡានទៅជាមួយប្រុសថ្មីម្នាក់ ដែលធ្លាប់ស្រលាញ់គ្នាពីមុនមក និងមិនមានអ្នកចាប់ដាក់ឡាននោះទេ។
លោកអធិការបានបន្ថែមថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នារីឈ្មោះ ខ្នួច ស៊ីមាន បានត្រឡប់មកដល់ផ្ទៈ សមត្ថកិច្ចក៍បានអញ្ជើញមកបំភ្លឺ រឿងរាវដែលត្រូវគេចាប់ដាក់រថយន្តកាលពីពេលកន្លងទៅ។ ដោយនាងឆ្លើយថា វាមិនមែនជាការពិតនោះឡើយ មូលហេតុដែលនាងឡើងរថយន្តចេញទៅ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នោះ គឺនាងស្ម័គ្រចិត្តទៅជាមួយបុរសម្នាក់ ដែលមានឈ្មោះ សុខ វណ្ណៈ ហៅ ប៉ែត អាយុ ២៨ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ព្រោះនាងនិងបុរសនោះបានស្រលាញ់គ្នាយូរមកហើយ ប៉ុន្តែដោយសារខាងប្រុស នៅមានប្រពន្ធ និងកូនមិនទាន់លេងលៈនៅឡើយនោះ ទើបម្តាយរបស់នាងបានបង្ខំអោយនាងយកប្តីឈ្មោះ ម៉ា វីន ភេទប្រុសអាយុ ២១ឆ្នាំ ជាអ្នករស់នៅភូមិប្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណវិញ និងមានកូនប្រុសម្នាក់ជាមួយគ្នាអាយុ១ខួបកន្លៈ។ បន្ទាប់ពីដឹងថាប្រុសស្នេហ៍ឈ្មោះ សុខ វណ្ណៈ ហៅប៉ែត បានលេងលៈប្រពន្ធជិត១ឆ្នាំនោះ បានធ្វើឱ្យភ្លើងស្នេហ៍ចាស់ របស់ពួកគេចាប់ផ្តើមវិញ ហើយនាងក៍សម្រេចចិត្តចុះចោលប្តីនិងកូនដោយគ្មានអាល័យតែម្ដង។
សមត្ថកិច្ចបញ្ជាក់ថា ក្នុងការសម្រេចលែងលះប្ដី ទៅយកប្រុសថ្មីឈ្មោះ សុខ វណ្ណៈ នោះ ខាងប្តីសុំទាមទារយកកូន សុំសំណងជម្ងឺចិត្ត និងសុំអាហារកិច្ចសម្រាប់ចិញ្ចឹមកូនផងដែរ៕នាគស