ខេត្តសៀមរាប៖ ជនបរទេសម្នាក់ ក្នុងករណីដែលខ្លួនបានលួចឆ្លងដែន ស្នាក់នៅខុសច្បាប់ និង គ្មានលិខិតឆ្លងដែន បានចូលមកបង្ហាញខ្លួននៅការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ដើម្បីស្នើសុំអោយសមត្ថកិច្ចជួយអន្តរាគមន៍ បានវិលត្រលប់ទៅប្រទេសកំណើតវិញ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣។ នេះបើយោងតាមការបញ្ជាក់របស់សមត្ថកិច្ច មកកាន់អង្គភាពសារព័ត៌មាន គូលែនដេលី នៅរសៀលថ្ងៃដដៃលនេះ។
សមត្ថកិច្ចថា ជនបរទេសរូបនេះមានឈ្មោះ ZENG ZHIHONG ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែន មុខរបរ បុគ្គលិកកាស៊ីណូអនឡាញ ស្នាក់នៅខេត្តព្រះសីហនុ។
សមត្ថកិច្ចបន្តថា តាមចម្លើយសារភាព របស់ជនបរទេសរូបនេះបានប្រាប់ថា គាត់បានចូលមកព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងខែតុលា ឆ្នាំ២០២២ តាមច្រករបៀងមិនស្គាល់ឈ្មោះ ក្បែរច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីទៅបម្រើការងារបុគ្គលិកកាស៊ីណូអនឡាញ ឈ្មោះ LAO HUANGLE នៅខេត្តព្រះសីហនុ។ រហូតដល់ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៣ បានរត់ចេញពីកន្លែងធ្វើការ ទៅស្នាក់នៅក្នុងហាងចិនមួយកន្លែងនៅខេត្តព្រះសីហនុ បន្ទាប់មកទៀតនាវេលាម៉ោង០២ និង ០០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ គាត់បានជិះរថយន្តឈ្នួលមួយគ្រឿង មិនចាំម៉ាក ធ្វើដំណើរមកកាន់ខេត្តសៀមរាប ដើម្បីស្នើសុំអោយសមត្ថកិច្ចជួយអន្តរាគមន៍បញ្ជូនខ្លួនបានវិលត្រឡប់ទៅប្រទេសកំណើតវិញ។
សមត្ថកិច្ចបញ្ជាក់ថា បច្ចុប្បន្នជំនាញបានរៀបចំសំណុំរឿងបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ប្រចាំខេត្តសៀមរាប ដើម្បីបន្តតាមនីតិវិធី៕នាគស