ខេត្តសៀមរាប៖ ជនជាតិអាមេរិកម្នាក់ស្លាប់ក្នុងបន្ទប់ជួលលេខ ១៣ ក្នុងភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើយោងតាមការឱ្យដឹងពីសមត្ថកិច្ចមកកាន់ អង្គភាពសារព័ត៌មាន គូលែនដេលី នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ។
សមត្ថកិច្ចថា ក្រោយបានទទួលពត៌មានពីម្ចាស់បន្ទប់ជួល ភ្លាមៗនោះសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ពិតជាមានជនបរទេសម្នាក់បានស្លាប់ពិតប្រាកដមែន។
សមត្ថកិច្ចបន្តថា សពមានឈ្មោះ VERMEULEN DANIEL JOSEPH អាយុ ៦៦ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ ៥៣១៩៦៧០៣៣ មុខរបរចូលនិវត្តន៍ ស្នាក់នៅទីតាំងកើតហេតុខាងលើ។
សមត្ថកិច្ចបន្ថែមថា ឈ្មោះ លាស់ រ៉ូសាលី ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរ រត់ផាសអាប់ មានទីលំនៅបច្ចុប្បន្នភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា ខ្ញុំបានស្គាល់ជនបរទេសខាងលើ ក្នុងអំឡុងឆ្នាំ ២០២១ ក្រោយមកគាត់ក៏តែងតែហៅខ្ញុំដឹកគាត់ទៅផ្សារ ឬក៏ទៅទិញអីវ៉ាន់ផ្សេងៗ លុះដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ គាត់បានឆាតមកខ្ញុំឲ្យទិញចំណីអាហារនិងថ្នាំក្រពះពោះវៀន មួយសន្ទុះក្រោយមកខ្ញុំក៏បានយកទៅឲ្យគាត់ដល់បន្ទប់ ស្អែកឡើងថ្ងៃទី២៣ ខែឧសភាឆ្នាំ ២០២៣ វេលាម៉ោង ១១ និង ៣០ នាទី ខ្ញុំបានឆាតទៅសួរគាត់ថាមានត្រូវការទិញអ្វីទៀតទេ តែគាត់ពុំបានឆ្លើយតបមកវិញទេ ក្រោយមកទៀតខ្ញុំតែងតែឆាតទៅសួរគាត់ថាត្រូវការទិញរបស់របរអីទេ តែគាត់មិនមើលហើយមិនតបដដែល ដោយមានការសង្ស័យនៅថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២៣ វេលាម៉ោង ២០ និង ០០ នាទី ខ្ញុំបានទៅរកគាត់នៅបន្ទប់ ពេលខ្ញុំទៅដល់បានជួបក្មួយម្ចាស់ផ្ទះ ហើយខ្ញុំបានសួរថាដែលឃើញជនបរទេសជួលបន្ទប់ខាងលើគាត់ចេញចូលបន្ទប់ទេ ពួកគាត់ថាពុំបានឃើញពីថ្ងៃមកហើយ ភ្លាមនោះគាត់បានខលទៅម្ចាស់ផ្ទះប្រាប់ពីដំណើររឿង ដោយម្ចាស់ផ្ទះគាត់មានរវល់នៅក្រៅពុំបានមក គាត់បានឲ្យក្មួយរាយការណ៍ទៅសមត្ថកិច្ច មួយសន្ទុះសមត្ថកិច្ចមកដល់ហើយនាំគ្នាទៅបន្ទប់របស់គាត់គោះទ្វារតែពុំមានអ្នកឆ្លើយទេ ហើយបន្ទប់គាត់ពុំបានចាក់សោទេ ពួកខ្ញុំបានបើកទ្វារមើលស្រាប់តែឃើញគាត់ដេកស្លាប់លើឥតការ៉ូ។
បន្ថែមលើសនេះទៀត ឈ្មោះ សាន ស៊ីនីត ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅបច្ចុប្បន្នភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប បានឲ្យដឹងថា នាងខ្ញុំបានជួបបន្ទប់ឲ្យជនជាតិអាមេរិកកាំងខាងលើតាំងពីឆ្នាំ ២០១៨ មក មានរយៈពេល ៥ ឆ្នាំហើយ ដោយគាត់រស់នៅតែម្នាក់ឯងទេ តែនាងខ្ញុំមិនដឹងថាគាត់មានជំងឺអ្វីដែរ ដោយគ្រាន់តែឃើញគាត់មានអាការៈរៀនញ័រៗ តែខ្ញុំពុំបានចាប់អារម្មណ៍ទេដោយសារគាត់ចាស់ដែរ ខ្ញុំបានឃើញគាត់ចុងក្រោយប្រហែលជា ១០ ថ្ងៃមុនគាត់ដើរទៅទិញអីវ៉ាន់នៅក្បែរផ្ទះ ព្រោះនាងខ្ញុំរវល់កុំសូវបាននៅផ្ទះទេ ជាក់ស្ដែងនៅថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២៣ វេលាម៉ោង ២០ និង ១០ នាទីក្មួយរបស់ខ្ញុំបានទូរសព្ទមកថាពូរត់ផាសអាប់ តែងដឹកជនបរទេសជូនបន្ទប់ខាងលើ ឆាតមិនឆ្លើយតបហើយមិនចូលមើល រយៈពេលពីរថ្ងៃមកហើយ បន្ទាប់មកបានប្រាប់ក្មួយរបស់ខ្ញុំឲ្យទៅរាយការណ៍ជូនសមត្ថកិច្ច មួយសន្ទុះមកពួកគាត់បានមកដល់ហើយនាំគ្នាទៅគោះទ្វាតែមិនឆ្លើយក៏បើកទ្វារមើល(ទន្លាប់របស់សពទ្វារបន្ទប់គាត់ពុំដែរចាក់សោទេ)ស្រាប់តែឃើញគាត់ដេកស្លាប់លើឥការ៉ូ។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ពិនិត្យកន្លែងកើតហេតុ ការពិនិត្យសាកសព និងតាមការបញ្ជាក់ពីលោកពេទ្យកោសល្យវិច័យ សមត្ថកិច្ចសន្និដ្ឋានថា បុរសជនជាតិអាមេរិកកាំងខាងលើ បានស្លាប់ដោយសារ ស្ទះសរសៃឈាមបេះដូង។
បច្ចុប្បន្ន សាកសពបានយកទៅរក្សាទុកនៅវត្តស្ទឹងមានជ័យរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងនិងបន្តនីតិវិធី៕នាគស