Wednesday, April 16, 2025

ប្រជាពលរដ្ឋ សម្ដែងនូវការហួសចិត្ត ចំពោះក្រុមហ៊ុននគរគេាកធ្លក ជួសជុលជណ្តើរដែកចុះទៅទឹកធ្លាក់ធំភ្នំគូលែន ដោយយកត្រឹមតែស្គុតថ្លាមករុំ តែប៉ុណ្ណោះ

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋ សម្ដែងនូវការហួសចិត្ត ចំពោះក្រុមហ៊ុននគរគេាកធ្លក ដែលលក់សំបុត្រចូលទស្សនាភ្នំគូលែន បានជួសជុលជណ្តើរចាស់ ចុះទៅទឹកធ្លាក់ធំ ដោយយកត្រឹមតែស្គុតថ្លាមករុំ តែប៉ុណ្ណោះ បន្ទាប់ពីមានស្រ្តីជនជាតិអាមេរិកកាំងម្នាក់ គ្រោះថ្នាក់នៅទីនោះ កាលពីថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២៣ កន្លងទៅ។

ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំមួយចំនួនធ្លាប់បានធ្វើការរិះគន់ ក្រុមហ៊ុននគរគេាកធ្លក ដែលជាក្រុមហ៊ុន ទទួលសិទ្ធិផ្ដាច់មុខ ក្នុងការលក់សំបុត្រចូលទស្សនាភ្នំគូលែន មិនព្រមជួសជុលជណ្តើរចាស់ចុះទៅទឹកធ្លាក់ធំ  ដែលទុករហូតបណ្ដាលឱ្យភ្ញៀវបរទេសម្នាក់មានគ្រោះថ្នាក់។

ឯកឧត្តម ខៀវ កាញ្ញារិទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៍ធ្លាប់បានលើកឡើងនៅលើគណនេយ្យហ្វេសប៊ុកផ្លូវការ របស់ឯកឧត្តម ផងដែរ នៅរសៀលថ្ងៃទី ២៤ ខែឧសភាឆ្នាំ ២០២៣នេះថា “រឿងដែលពុំគួរកើតមាននៅតំបន់ភ្នំគូលែន។ ខាងក្រោមនេះជាសាររបស់ប្រជាពលរដ្ឋ៖ ជូនចំពោះភ្ញៀវជាតិ និងអន្តរជាតិជាពិសេសបងប្អូនរកសុីវិស័យទេសចរណ៍ សូមណែនាំភ្ញៀវឲ្យមានការប្រុងប្រយ័ត្ន ចំពោះបង្កាន់ដៃជណ្តេីរ ដែកចុះទៅទឹកជ្រោះ ភ្នំគូលែន បានពុកផុយ ហេីយក៏មានក្តីបារម្ភដែរ ថាថ្ងៃណាមួយអាចបាក់ធ្លាក់កាំជណ្តេីរ ដោយអាយុកាល ដោយឡែកភ្ញៀវទេសចរណ៍ម្នាក់មុតដៃហេីយកំពុងដេរអស់៤ថ្នេរ ផងដែរ”។

ភ្ជាប់ជាមួយសំណេររបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន ផងដែរ នៅលើ facebook ផ្លូវការរបស់ លោក ផែង វណ្ណៈ ក៍ធ្លាប់បានលើកឡើងនៅរសៀលថ្ងៃទី ២៤ ខែឧសភាឆ្នាំ ២០២៣ ថា “ភ្ញៀវទេសចរណ៍ម្នាក់រងរបួសដៃដោយប៉ះបង្កាន់ដៃ បូរាណ ដែលមានអាយុកាល ៥០០០ ឆ្នាំមកហើយ ដេរអស់ ៤ថ្នេរ ។ ដូច្នេះសូមបងប្អូនទៅលេងភ្នំគូលែន មេត្តាប្រុងប្រយ័ត្ន ចំពោះបង្កាន់ដៃ បូរាណ នេះបាទ”។

ដោយឡែកនៅលើ facebook ផ្លូវការដែលលោក Tho Sina បានបង្ហោះកាលពីរសៀលថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២៣ ក៍ធ្លាប់បានលើកឡើងផងដែរថា “ជូនចំពោះភ្ញៀវជាតិ និងអន្តរជាតិជាពិសេសបងប្អូនរកសុីវិស័យទេសចរណ៍សូមណែនាំភ្ញៀវឲ្យមានការប្រុងប្រយត្ន័ ចំពោះបង្កាន់ដៃជណ្តេីរដែក ចុះទៅទឹកជ្រោះភ្នំគូលែនបានពុកផុយ ហេីយក៍មានក្តីបារម្ភដែរថាថ្ងៃណាមួយអាចបាក់ធ្លាក់កាំជណ្តេីរដោយអាយុកាល ដោយឡែកភ្ញៀវទេសចរណ៍ម្នាក់មុតដៃហេីយកំពុងដេរអស់៤ថ្នេរ”។

ក្នុងគ្រានោះផងដែរ ប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ មគ្គុទេសទេសចរណ៍ ម្ចាស់ក្រុមហ៊ុនអាជីវកម្មទេសចរណ៍ សណ្ឋាគារ និងម្ចាស់ផ្ទះសំណាក់ បានចូលរួមបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃ និងចូលរួមចែករំលែកព័ត៌មាននេះយ៉ាងច្រើនកុះករ រហូតដល់ថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២៣ ប្រជាពលរដ្ឋថា ក្រុមហ៊ុននគរគោកធ្លក ដែលទទួលសិទ្ធិក្នុងការលក់សំបុត្រជូនភ្ញៀវអន្តរជាតិ និងផ្ដល់សេវាអាជីវកម្មផ្សេងៗដល់ភ្ញៀវជាតិ ចូលទស្សនា ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន បានឱ្យបុគ្គលិកមួយចំនួននាំគ្នាធ្វើការជួសជុល តែបង្កាន់ដៃជណ្ដើរដែក។ ប៉ុន្តែអ្វីដែលគួរឲ្យហួសចិត្តបំផុតនោះ គឺបុគ្គលិកទាំងនោះ បានត្រឹមតែយកស្គុតថ្លាៗ ទៅរុំបង្កាន់ដៃ ដែលកំពង់ច្រែះពុកផុយ និងបានមុតម្រាមដៃស្ត្រីបរទេសខាងលើ រហូតដល់រយះ ដេរ៤ថ្នេរ តែប៉ុណ្ណោះ។

ប្រជាពលរដ្ឋ បានធ្វើការសំណូមពរ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ចិត្តធម៌ សៀង ណាំ ដែលគេដឹងថាជាម្ចាស់ក្រុមហ៊ុននគរគោកធ្លក មេត្តាបញ្ជូនក្រុមជំនាញ មកធ្វើការជួសជុល ស្ពាន និងបង្កាន់ដៃស្ពានដែក ដែលពុកផុយនោះ ឱ្យបានប្រសើរឡើងវិញ ដើម្បីផ្ដល់ជូននូវសុវត្ថិភាព ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលនិយមមកលេងកម្សាន្តផង។

សូមជម្រាបជូនថា កាលពីព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ នៅចំណុចជណ្ដើរដែកចុះទៅទឹកធ្លាក់ ក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលប្រជាពលរដ្ឋ រាយការណ៍ថា មានស្ត្រីជនជាតិអាមេរិកាំងម្នាក់ ឈ្មោះ អេលីហ្សាបែត (Elizabeth) ធ្វើដំណើរចុះទៅទស្សនា ទឹកធ្លាក់ខ្នងភ្នំគូលែន ក៏ត្រូវបានមុតដៃ និងបង្កាន់ដៃជណ្ដើរដែក ដែលចុះទៅទឹកធ្លាក់ រហូតដល់រយះដៃយ៉ាងធំ ដេរ៤ថ្នេរ រងការឈឺចាប់ស្រែកទ្រហោយំ និងទទូចស្នើសុំ ឱ្យអាជ្ញាធរពាក់ព័ន្ធ ជួសជុល ឬធ្វើថ្មី នូវជណ្ដើរដែលចាស់ ពុកផុយ រងការច្រែះចាប់ឡើងវិញផង ដើម្បីកុំឲ្យភ្ញៀវជាតិ និងអន្តរជាតិដទៃទៀត ជួបនូវឧបទ្ទវហេតុដូចជារូបគាត់បន្តទៀត។

ចំពោះករណីនេះ អង្គភាពសារព័ត៌មាន គូលែន ដេលី នៅពុំទាន់អាចធ្វើការទំនាក់ទំនង សុំការបំភ្លឺ អំពីប្រធានផ្នែកគ្រប់គ្រង របស់ក្រុមហ៊ុននគរគោកធ្លក ដែលទទួលសិទ្ធិលក់សំបុត្រ ជូនភ្ញៀវទេសចរណ៍បរទេសចូលទស្សនា ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន បាននៅឡើយទេ ព្រោះពុំមានលេខទំនាក់ទំនង៕នាគស

ព័ត៌មានពេញនិយម