Friday, November 15, 2024

ក្រុមហ៊ុននគរគេាកធ្លក ដែលលក់សំបុត្រចូលទស្សនាភ្នំគូលែន មិនព្រមជួសជុលជណ្តើរចាស់ចុះទៅទឹកធ្លាក់ធំ បណ្ដាលឱ្យភ្ញៀវបរទេសម្នាក់មានគ្រោះថ្នាក់

ខេត្តសៀមរាប៖ ក្រុមហ៊ុននគរគេាកធ្លក ដែលលក់សំបុត្រចូលទស្សនាភ្នំគូលែន មិនព្រមជួសជុលជណ្តើរចាស់ចុះទៅទឹកធ្លាក់ធំ បណ្ដាលឱ្យភ្ញៀវបរទេសម្នាក់មានគ្រោះថ្នាក់ កំពុងរងការរិះគន់ពីប្រជាពលរដ្ឋ។ នេះបើយោងតាម ការចែករំលែក ការរិះគន់ របស់មហាជនយ៉ាងច្រើនកុះករ ជុំវិញរឿងនេះ លើបណ្ដាញសង្គមនានា ចាប់តាំងពីរសៀលថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ។

ឯកឧត្តម ខៀវ កាញ្ញារិទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៍បានលើកឡើង នៅលើគណនេយ្យហ្វេសប៊ុកផ្លូវការ របស់ឯកឧត្តម នៅរសៀលថ្ងៃទី ២៤ ខែឧសភាឆ្នាំ ២០២៣ នេះផងដែរថា “រឿងដែលពុំគួរកើតមាននៅតំបន់ភ្នំគូលែន។ ខាងក្រោមនេះជាសាររបស់ប្រជាពលរដ្ឋ៖ ជូនចំពោះភ្ញៀវជាតិ និងអន្តរជាតិជាពិសេសបងប្អូនរកសុីវិស័យទេសចរណ៍ សូមណែនាំភ្ញៀវឲ្យមានការប្រុងប្រយ័ត្ន ចំពោះបង្កាន់ដៃជណ្តេីរ ដែកចុះទៅទឹកជ្រោះ ភ្នំគូលែន បានពុកផុយ ហេីយក៏មានក្តីបារម្ភដែរ ថាថ្ងៃណាមួយអាចបាក់ធ្លាក់កាំជណ្តេីរ ដោយអាយុកាល ដោយឡែកភ្ញៀវទេសចរណ៍ម្នាក់មុតដៃហេីយកំពុងដេរអស់៤ថ្នេរ ផងដែរ”។

ភ្ជាប់ជាមួយសំណេររបស់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន នោះ គេឃើញនៅលើ facebook ផ្លូវការរបស់ លោក ផែង វណ្ណៈ បានលើកឡើងនៅរសៀលថ្ងៃទី ២៤ ខែឧសភាឆ្នាំ ២០២៣ ថា “ភ្ញៀវទេសចរណ៍ម្នាក់រងរបួសដៃដោយប៉ះបង្កាន់ដៃ បូរាណ ដែលមានអាយុកាល ៥០០០ ឆ្នាំមកហើយ ដេរអស់ ៤ថ្នេរ ។ ដូច្នេះសូមបងប្អូនទៅលេងភ្នំគូលែន មេត្តាប្រុងប្រយ័ត្ន ចំពោះបង្កាន់ដៃ បូរាណ នេះបាទ”។

ដោយឡែកនៅលើ facebook ផ្លូវការ របស់លោក Tho Sina ក៍បានបង្ហោះកាលពីរសៀលថ្ងៃទី ២៣ ខែឧសភាឆ្នាំ ២០២៣ ផងដែរថា “ជូនចំពោះភ្ញៀវជាតិ និងអន្តរជាតិជាពិសេសបងប្អូនរកសុីវិស័យទេសចរណ៍សូមណែនាំភ្ញៀវឲ្យមានការប្រុងប្រយត្ន័ ចំពោះបង្កាន់ដៃជណ្តេីរដែក ចុះទៅទឹកជ្រោះភ្នំគូលែនបានពុកផុយ ហេីយក៍មានក្តីបារម្ភដែរថាថ្ងៃណាមួយអាចបាក់ធ្លាក់កាំជណ្តេីរដោយអាយុកាល ដោយឡែកភ្ញៀវទេសចរណ៍ម្នាក់មុតដៃហេីយកំពុងដេរអស់៤ថ្នេរ”។

ជុំវិញករណីនេះប្រជាពលរដ្ឋ ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ម្ចាស់ក្រុមហ៊ុនអាជីវកម្មទេសចរណ៍ សណ្ឋាគារ និងផ្ទះសំណាក់ បានចូលរួមបញ្ចេញមតិរិះគន់ផ្សេងៗគ្នា និងចែករំលែកព័ត៌មាននេះយ៉ាងច្រើនកុះករ ជាពិសេស ក៏បានធ្វើការសំណូមពរ ដល់ក្រុមហ៊ុននគរគោកធ្លក ដែលទទួលសិទ្ធិក្នុងការលក់សំបុត្រជូនភ្ញៀវអន្តរជាតិ និងផ្ដល់សេវាអាជីវកម្មផ្សេងៗដល់ភ្ញៀវជាតិ ចូលទស្សនា ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន សូមមេត្តាជួសជុល ជណ្ដើរដែក និងបង្កាន់ដៃ ដែលបានច្រែះ ពុកផុយ និងរងការទ្រុឌទ្រោមជាខ្លាំង ឱ្យបានប្រសើរឡើងវិញ ដើម្បីផ្ដល់ជូននូវសុវត្ថិភាព ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលនិយមមកលេងកម្សាន្តផង។

សូមជម្រាបជូនផងដែរថា កាលពីព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៣ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ នៅចំណុចជណ្ដើរដែកចុះទៅទឹកធ្លាក់ធំភ្នំគូលែន ក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ប្រជាពលរដ្ឋ បានរាយការណ៍ថា មានស្ត្រីជនជាតិអាមេរិកាំងម្នាក់ ឈ្មោះ អេលីហ្សាបែត (Elizabeth) ធ្វើដំណើរចុះទៅទស្សនា ទឹកធ្លាក់ខ្នងភ្នំគូលែន ក៏ត្រូវបានមុតដៃ និងបង្កាន់ដៃជណ្ដើរដែក ដែលចុះទៅទឹកធ្លាក់ រហូតដល់រយះដៃយ៉ាងធំ ដេរ៤ថ្នេរ រងការឈឺចាប់ស្រែកទ្រហោយំ និងទទូចស្នើសុំ ឱ្យអាជ្ញាធរពាក់ព័ន្ធ ជួសជុល ឬធ្វើថ្មី នូវជណ្ដើរដែលចាស់ ពុកផុយ រងការច្រែះចាប់ឡើងវិញផង ដើម្បីកុំឲ្យភ្ញៀវជាតិ និងអន្តរជាតិដទៃទៀត ជួបនូវឧបទ្ទវហេតុដូចជារូបគាត់បន្តទៀត។

ចំពោះករណីនេះ អង្គភាពសារព័ត៌មាន គូលែន ដេលី នៅពុំទាន់អាចធ្វើការទំនាក់ទំនង សុំការបំភ្លឺ អំពីប្រធានផ្នែកគ្រប់គ្រង របស់ក្រុមហ៊ុននគរគោកធ្លក ដែលទទួលសិទ្ធិលក់សំបុត្រ ជូនភ្ញៀវទេសចរណ៍បរទេសចូលទស្សនា ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន បាននៅឡើយទេ ព្រោះពុំមានលេខទំនាក់ទំនង៕នាគស

ព័ត៌មានពេញនិយម