ខេត្តរតនគិរី៖ អធិការរងស្រុកកូនមុំ លោក អ៊ិត សឿង ដែលបើកសង្វៀនបញ្ជល់មាន់ ពេលនេះត្រូវដកបញ្ឈរជើងបណ្ដោះអាសន្នហើយ។ នេះបើយោងតាមលិខិតបង្គាប់ការ របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលអង្គភាពសារព័ត៌មាន គូលែនដេលី ទទួលបាន កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ។
ខ្លឹមសារនៃលិខិតបង្គាប់ការនោះបញ្ជាក់ថា៖ បង្គាប់ប្រការ១ ៖ ត្រូវបានផ្អាកការងារបណ្តោះអាសន្នចំពោ លោកវរសេនីយ៍ត្រី អ៊ិត សឿង អត្តលេខ ៥៧០០៩ អធិការរង នៃអធិការដ្ឋាននគរបាលស្រុកកូនមុំ។ មូលហេតុ ប្រព្រឹត្តខុសទៅនឹងវិន័យរបស់កម្លាំងនគរបាលជាតិ។ ប្រការ២ ៖ លោកវរសនីយ៍ត្រី អ៊ិត សឿង ត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងការងារ នៅការិយាល័យបុគ្គលិក ដើម្បីរង់ចាំការចង្អុលណែនាំរបស់នាយកដ្ឋានបុគ្គលិក។ ប្រការ៣ ៖ លោក លោកស្រីស្នងការរង លោកនាយការិយាល័យបុគ្គលិក លោកអធិការនគរបាលស្រុកកូនមុំ លោកប្រធានអង្គភាពពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវ អនុវត្តតាមលិខិតបង្គាប់ការនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
សូមជម្រាបជួនថា អធិការរងមួយរូប នៅស្រុកកូនមុំ ខេត្តរតនគិរី ដែលខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌ មានតួនាទីភារៈកិច្ច ត្រូវបង្ក្រាបបទល្មើស ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គមនិងបនល្បែងស៊ីសងគ្រប់ប្រភេទផងនោះ ប៉ុន្តែផ្ទុយទៅវិញ បែរជាបើកសង្វៀនបញ្ជល់មាន់ នៅផ្ទះរបស់ខ្លួនទៅវិញ។
ពាក់ព័ន្ធក្នុងករណីខាងលើនេះ ក៏មាននាយប៉ុស្តិ៍រដ្ឋបាល ចុះទៅសំណូមពរឱ្យបញ្ឈប់ការបើកបនល្បែង ហើយសហការគ្នាបង្ក្រាបបនល្បែងស៊ីសង ដែលមាននៅក្នុងនោះវិញ។ ប៉ុន្តែបែរជាធ្វើឲ្យអធិការរងរូបនេះ បញ្ឆេះកំហឹង តូចចិត្ត និងប្រើពាក្យសម្ដីមិនគប្បីមកកាន់នាយប៉ុស្តិ៍នគរបាល ដោយយកអំណាចខ្លួនជាអធិការរង មកគ្របដណ្ដប់កូនចៅ។ ទើបរឿងមួយនេះ ត្រូវបានអ្នកនិយមលេងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបង្ហោះយ៉ាងព្រោងព្រាត ប្រមាណជាជិតមួយសប្តាហ៍ទៅហើយ ទីបំផុតក៏ត្រូវបានស្នងការនគរបាលខេត្តរតនគីរី ដកបញ្ឈរជើងតែម្ដង៕នាគស