ខេត្តសៀមរាប៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពី ប្រទះឃើញបុរសម្នាក់បានស្លាប់ដោយចងក រហូតធំក្លិនស្អុយ ទើបក្រុមគ្រួសារដឹង នៅបន្ទប់ក្នុងផ្ទះនៃដីឡូត៍មួយកន្លែង ស្ថិតនៅក្រុមទី១ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៣។
សមត្ថកិច្ចថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ជំនាញបានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ ឃើញថាពិតជាមានបុរសម្នាក់បានស្លាប់ដោយចងក នឹងខ្សែកាបអិនធើណែត ពណ៌ខ្មៅ ចងភ្ជាប់ នឹង ប្រហោងឥដ្ឋខ្យល់កម្ពស់២,៥០ម៉ែត្រពីការ៉ូ នៅចំណុចទីតាំងខាងលើពិតប្រាកដមែន។
សមត្ថកិច្ចបន្តថា សាកសពឈ្មោះ ម៉ប់ សុខលីម អាយុ៣៦ឆ្នាំ មានមុខរបរនៅផ្ទះ មានស្រុកកំណើត ភូមិត្រពាំងវែង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ និងមានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុ។
សមត្ថកិច្ចបន្ថែមថា តាមការបំភ្លឺបងស្រីរបស់សពឈ្មោះ ម៉ប់ សុខលីន ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរបុគ្គលិកអង្គការ មានទីលំនៅក្រុមទី១ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានអោយដឹងថា សព្វថ្ងៃរូបខ្លូនបានរស់នៅជាមួយម្ដាយចាស់ជរាមានជំងឺប្រចាំកាយ នឹងប្អូនប្រុសឈ្មោះ ម៉ប់ សុខលីម ភេទប្រុស អាយុ ៣៦ឆ្នាំ(សព) មានទីលំនៅក្រុមទី១ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយស្នាក់ក្នុងបន្ទប់រាងៗខ្លួន ហើយប្អូនប្រុសរបស់ខ្លួនក៏ពុំធ្លាប់មានសង្សារនោះឡើយ ក្នុងការរស់នៅគឺពុំធ្លាប់មានបញ្ហាអ្វីនោះឡើយ ។ លុះដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ប្អូនប្រុសរបស់ខ្លួនបានធ្វើដំណើរទៅទីក្រុងភ្នំពេញ ដោយពុំបានប្រាប់រូបខ្ញុំទេ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ប្អូនប្រុសរបស់ខ្លួនក៏បានត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែគាត់មានសភាពប្លែកគឺរូបគេមិនដែលសូវចេញពីបន្ទប់ នឹង ហូបបាយជាមួយក្រុមគ្រួសារ នឹងពុំដឹងថារូបគេមានបញ្ហាអ្វីឡើយ។ ជាក់ស្ដែងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៧ និង ០០នាទី រូបខ្លួនក៏បានចេញទៅធ្វើការជាបុគ្គលិកអង្គការមួយកន្លែង នៅបុរីអាខេត ដូចសព្វដង ដោយពុំបានចាប់អារម្មណ៍មើលបន្ទប់របស់ប្អូនប្រុសនោះឡើយ លុះដល់វេលាម៉ោង ១១ និង ៣០នាទី រូបខ្លួនក៏បានចេញពីកន្លែងធ្វើការមកដល់ផ្ទះវិញ ដើម្បីរៀបចំបាយទឹកជូនម្ដាយជរាហូប ពេលនោះក៏បានឃើញនៅចំនុចមុខទ្វាររបស់ប្អូនប្រុសមានកន្សែងពោះគោពណ៌សមួយ ហើយទ្វារជាប់សោរពីខាងក្នុង ភ្លាមនោះរូបខ្លួនក៏បានរត់ទៅហៅអ្នកជិតខាងអោយមកជួយមើល ហើយខ្លួនក៏បានបើកបង្អួចមើលទៅលើគ្រែប្អូនប្រុសដេកក៏ពុំឃើញមានមនុស្ស ប៉ុន្តែមានធំក្លិនស្អុយចេញពីបន្ទប់នោះ រួចក៏បាននាំគ្នាគាស់ទ្វារចូលតែម្ដង ពេលនោះក៏បានឃើញប្អូនប្រុសរបស់ខ្លួនបានចងករបស់ខ្លួនជាមួយខ្សែកាបអិនធើណែតពណ៌ខ្មៅ ចងភ្ជាប់នឹងជញ្ជាំងខាងលិចទ្វារចូល ស្លាប់បាត់ទៅហើយ ដែលសពមានសភាពហើម មានពាក់អាវយឺតដៃវែងឆ្នូតពណ៌ក្រហម ស្លៀកខោសាច់ក្រណាត់ជើងវែងពណ៌ខ្មៅ ហើយខ្លួនក៏ពុំបានដឹងថាប្អូនប្រុសរបស់ខ្លួនស្លាប់ពីពេលណានោះទេ បន្ទាប់មករូបខ្លួនក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្ដងទៅ ។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺរបស់បងស្រីនៃសពឈ្មោះ ម៉ប់ សុខលីន នឹង ផ្អែកតាមការពិនិត្យសាកសព របស់លោកគ្រូកោសល្យវិច្ច័យ និង តាមការពិនិត្យជាក់ស្ដែងនៅកន្លែងកើតហេតុ អាចសន្និដ្ឋានបានថា សពខាងលើបានស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួន និងពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនោះទេ។
បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ជួនក្រុមគ្រួសារ ដើម្បីយកទៅបូជានៅឈាប្បន្នដ្ឋាវត្តព្រះឥន្ទកោសីយ៍ និងធ្វើបុណ្យតាមប្រពៃណី៕នាគស