ខេត្តសៀមរាប៖ បន្ទាប់ពីដំណើរការនិតិវិធី ចៅក្រមស៊ើបសួរ សុិន សង្ហា បានចេញដីកាបង្គាប់ឱ្យឃុំខ្លួន លេខ ៣០៦ ឃខ/ឈ សម្រេចបញ្ជូនខ្លួនស្ត្រី ដែលចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ ទៅពន្ធនាគារ កាលពីរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៣។
ស្ត្រីដែលជាជនត្រូវចោទ មានឈ្មោះ ញាណ សំបូរ អាយុ ៣៦ឆ្នាំ មុខរបរ រកស៊ី បច្ចុប្បន្នស្នាក់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ និងបានបញ្ជូនភ្លាមៗទៅកាន់សាលាដំបូងខេត្តសៀមរាប តាមពាក្យបណ្ដឹងលេខ ០៤០ ចុះថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០២៣ មានដើមបណ្ដឹងដែលជាជនរងគ្រោះ ឈ្មោះ ថោង គយហេង ភេទប្រុស អាយុ ៤១ឆ្នាំ បានប្ដឹងពាក់ព័ន្ធករណីដែលជនសង្ស័យ មិនបំពេញកត្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តកាលពីថ្ងៃទី ០២ ខែវិច្ចិកា ឆ្នាំ២០២២ ត្រង់ ចំណុចភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
តាមការរៀបរាប់របស់ជនរងគ្រោះ បានឱ្យដឹងថា នៅក្នុងអំឡុងឆ្នាំ ២០២២ ជនសង្ស័យ ឈ្មោះ ញាណ សំបូរ បានទំនាក់ទំនងយកភាសជ្ជះជាច្រើន ពីក្រុមហ៊ុនរបស់ជនរងគ្រោះ ឈ្មោះ ថោង គយហេង ភេទប្រុស អាយុ ៤១ឆ្នាំ ទៅលក់បន្ត សរុបជាទឹកប្រាក់ ស្មើនិងចំនួន ៥០០០០$ ( ប្រាំម៉ឺនដុល្លា ) ។ បន្ទាប់មក ជនសង្ស័យ ឈ្មោះ ញាណ សំបូរ បានចេញមូលប្បទានបត្រ ០១សន្លឹក លេខ ៦៥៧៨០៤ របស់ ធនាគារស្ថាបនា មានទឹកប្រាក់ ៥០០០០$ ( ប្រាំម៉ឺន ដុល្លា ) ដោយកំណត់កាលបរិច្ឆេទ ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឲ្យឈ្មោះ សេង សុគីម ត្រូវជាប្រពន្ធរបស់ជន រងគ្រោះ ទៅបើកយកប្រាក់វិញគ្រប់ចំនួន ប៉ុន្តែដល់ថ្ងៃកំណត់ ជនរងគ្រោះ បានយកមូលប្បទានបត្រខាងលើទៅបើកប្រាក់ តែត្រូវបានបុគ្គលិកធនាគារចេញលិខិតបញ្ជាក់ថា មូលប្បទានបត្រខាងលើនេះគ្មានសាច់ប្រាក់នោះទេ ហើយជនសង្ស័យ ឈ្មោះ ញាណ សំបូរ ចេះតែព្យាយាមគេចវេស រហូតមកដល់ពេលត្រូវឃាត់ខ្លួន។
ចម្លើយរបស់ជនសង្ស័យ ឈ្មោះ ញាណ សំបូរ បានឆ្លើយសារភាពថា គាត់ពិតជាបានចេញ មូល្បទានបត្រខាងលើនេះទៅជនរងគ្រោះ ដែលមានទឹកប្រាប់ចំនួន ៥០០០០$ ( ប្រាំម៉ឺនដុល្លា ) ពិតប្រាកដមែន ដោយប្រាក់ខាងលើនេះ គាត់បង្វិលពីជនរងគ្រោះមកទិញដី ដោយកំណត់កាលបរិច្ឆេទ ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ ឲ្យជនរងគ្រោះ ទៅបើកយកប្រាក់វិញគ្រប់ចំនួន តែពេលដល់ថ្ងៃកំណត់ គាត់មិនមានប្រាក់ ដាក់បញ្ចូលក្នុងមូលប្បទានបត្រខាងលើនេះ ឲ្យជនរងគ្រោះនោះទេ ហើយរហូតមកដល់ពេលនេះ គាត់ក៏មិនទាន់មានប្រាក់សម្រាប់ទូទាត់ឲ្យជនរងគ្រោះវិញនោះដែរ៕នាគស