ខេត្តសៀមរាប៖ កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ សមត្ថកិច្ចបានបញ្ជូនខ្លួនស្ត្រីម្នាក់ ឈ្មោះ ញាណ សំបូរ អាយុ ៣៦ឆ្នាំ មុខរបរ រកស៊ី បច្ចុប្បន្នស្នាក់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ទៅតុលាការខេត្តសៀមរាប ដើម្បីស៊ើបសួរបន្តរឿងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោមការចុះបង្ហាញរបស់ លោកស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងយោងដីកាសម្រេចឲ្យបើកការស៊ើបអង្កេត បឋមលេខ ១០៩/អ.យ.ក ចុះថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣ របស់ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តសៀមរាប តាមរបាយការណ៍ពាក្យបណ្ដឹងលេខ ០៤០ ចុះថ្ងៃទី ៧ ខែកុម្ភៈឆ្នាំ ២០២៣ របស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលមានជនរងគ្រោះ ឈ្មោះ ថោង គយហេង ភេទប្រុស អាយុ ៤១ឆ្នាំ ពាក់ព័ន្ធករណីដែលជនសង្ស័យខាងលើ មិនបំពេញកត្វកិច្ចចំពោះឧបករណ៍ដែលអាចជួញ ដូរបាន ប្រព្រឹត្តកាលពីថ្ងៃទី ០២ ខែវិច្ចិកា ឆ្នាំ២០២២ ត្រង់ ចំណុចភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ទើបកាលពីវេលាម៉ោង ១៥ និង០០នាទី ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៣ ខណៈដែលជនរងគ្រោះបានប្រទះឃើញជនសង្ស័យ កំពុងធ្វើដំណើរតាមផ្លូវ ក៍នាំកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ យកមកធ្វើការសាកសួរ។
សមត្ថកិច្ចបន្តថា តាមចម្លើយរបស់ជនសង្ស័យ ឈ្មោះ ញាណ សំបូរ បានឆ្លើយសារភាពថា គាត់ពិតជាបានចេញ មូល្បទានបត្រខាងលើនេះទៅជនរងគ្រោះ ដែលមានទឹកប្រាប់ចំនួន ៥០០០០$ ( ប្រាំម៉ឺនដុល្លា ) ពិតប្រាកដមែន ដោយប្រាក់ខាងលើនេះ គាត់បង្វិលពីជនរងគ្រោះមកទិញដី ដោយកំណត់កាលបរិច្ឆេទ ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២២ ឲ្យជនរងគ្រោះ ទៅបើកយកប្រាក់វិញគ្រប់ចំនួន តែពេលដល់ថ្ងៃកំណត់ គាត់មិនមានប្រាក់ ដាក់បញ្ចូលក្នុងមូលប្បទានបត្រខាងលើនេះ ឲ្យជនរងគ្រោះនោះទេ ហើយរហូតមកដល់ពេលនេះ គាត់ក៏មិនទាន់មានប្រាក់សម្រាប់ទូទាត់ឲ្យជនរងគ្រោះវិញនោះដែរ។
សមត្ថកិច្ចបញ្ជាក់ថា បន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងទទួលបានគោលការណ៍ផងនោះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក៏បានបញ្ជូនខ្លួនជនសង្ស័យ ទៅកាន់សាលាដំបូងខេត្តសៀមរាបភ្លាមៗផងដែរ ហើយនីតិវិធីបន្តយ៉ាងណានោះ គឺជាឆន្ទាគតិរបស់តុលាការ។
សូមជម្រាបជូននូវសារបាននៃរឿងផងដែរថា នៅក្នុងអំឡុងឆ្នាំ ២០២២ ជនសង្ស័យ ឈ្មោះ ញាណ សំបូរ បានទំនាក់ទំនងយកភាសជ្ជះជាច្រើន ពីក្រុមហ៊ុនរបស់ជនរងគ្រោះ ឈ្មោះ ថោង គយហេង ភេទប្រុស អាយុ ៤១ឆ្នាំ ទៅលក់បន្ត សរុបជាទឹកប្រាក់ ស្មើនិងចំនួន ៥០០០០$ ( ប្រាំម៉ឺនដុល្លា ) ។ បន្ទាប់មក ជនសង្ស័យ ឈ្មោះ ញាណ សំបូរ បានចេញមូលប្បទានបត្រ ០១សន្លឹក លេខ ៦៥៧៨០៤ របស់ ធនាគារស្ថាបនា មានទឹកប្រាក់ ៥០០០០$ ( ប្រាំម៉ឺន ដុល្លា ) ដោយកំណត់កាលបរិច្ឆេទ ថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២២ ឲ្យឈ្មោះ សេង សុគីម ត្រូវជាប្រពន្ធរបស់ជន រងគ្រោះ ទៅបើកយកប្រាក់វិញគ្រប់ចំនួន ប៉ុន្តែដល់ថ្ងៃកំណត់ ជនរងគ្រោះ បានយកមូលប្បទានបត្រខាងលើទៅបើកប្រាក់ តែត្រូវបានបុគ្គលិកធនាគារចេញលិខិតបញ្ជាក់ថា មូលប្បទានបត្រខាងលើនេះគ្មានសាច់ប្រាក់នោះទេ ហើយជនសង្ស័យ ឈ្មោះ ញាណ សំបូរ ចេះតែព្យាយាមគេចវេស រហូតមកដល់ពេលនេះ៕នាគស