ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត ឧទ្ទិសការចងចាំមិនអាចបំភ្លេចបាននូវគុណូបការៈ របស់បុព្វបុរស យុទ្ធជន យុទ្ធនារីនគរបាលជាតិ គ្រប់ជំនាន់បានទេ។
មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ទោ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាថ្ងៃពិសេសខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៣ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្ត កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ទោស្នងការ បានសម្តែងនូវមនោសញ្ចេតនារំភើបរីករាយ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៨ ថ្ងៃកំណើតនគរបាលជាតិ ១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៣។
លោកឧត្ដមសេនីយ៍ទោ ក្នុងនាមថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ត លោកសូមឧទ្ទិសនូវការចងចាំមិនអាចបំភ្លេចបានចំពោះ គុណូបការៈ និងពលិកម្មដ៏ធំធេងរបស់បុព្វបុរស រៀមច្បង និវត្តន៍ជន ក៏ដូចជាយុទ្ធជន យុទ្ធនារីនគរបាលជាតិ គ្រប់ជំនាន់ ដែលបានតស៊ូប្រកបដោយវីរភាពអង់អាចក្លាហាន ឆ្លងកាត់គ្រប់ឧបសគ្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត នាឱកាសនោះ បានលេីកសរសេីរផងដែរ ចំពោះកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តទាំងអស់ ដែលខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក និងបន្តយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានកាន់តែល្អប្រសើរ។
លោកឧត្តមសេនីយ៍ ស្នងការ បានជូនពរដល់អង្គពិធីទាំងមូល សូមទទួលបាននូវសុខភាពល្អ និងពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ។
សូមបញ្ជាក់ជួនផងដែរថា ក្នុងពិធីនោះមានការអញ្ជេីញចូលរួមពី លោក-លោកស្រីស្នងការរង លោកនាយការិយាល័យទាំង៣៣ និងលោកអធិការក្រុង-ស្រុកទាំង១២ ជុំវិញខេត្តផងដែរ៕នាគស