Thursday, November 21, 2024

សម្តេចតេជោ ហ៊ុន សែន ស្នើទៅគ្រឹះស្ថានអង្គរ អនុញ្ញាតឱ្យប្រតិភូកីឡា ចូលទស្សនាអង្គរ ដោយមិនគិតថ្លៃ

រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្នើទៅគ្រឹះស្ថានអង្គរ អនុញ្ញាតឱ្យប្រតិភូកីឡាស៊ីហ្គេមលើកទី៣២ ចូលទស្សនាអង្គរ ដោយមិនគិតថ្លៃ។ មានប្រសាសន៍បែបនេះ ក្នុងឱកាសដែល សម្ដេច អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាផ្នែកកសិកម្មជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាតពិព័រណ៍កោះពេជ្រ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានស្នើទៅគ្រឹះស្ថានអង្គរដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា ក្រសួងវប្បធម៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកុំលក់សំបុត្រសម្រាប់កីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលមកប្រកួតស៊ីហ្គេម ហើយចង់បន្តទៅទស្សនាអង្គរវត្ត ពេលស៊ីហ្គេមបានបញ្ចប់។

សម្តេចតេជោ មានប្រសាសន៍បន្តថា កម្ពុជាចាយថវិកាសម្រាប់បំរើដល់ការប្រកួតស៊ីហ្គេមនេះ ត្រឹមតែ ១១៨លានដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ក្នុងពេលដែលប្រទេសនានាធ្វើជាម្ចាស់ផ្ទះចាយមិនតិចជាង២០០លាននោះទេ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា កម្ពុជាមិនត្រឹមតែហ៊ានធ្វើប៉ុណ្ណឹងនោះទេ តែកម្ពុជាធ្លាប់ហ៊ានធ្វើពលីកម្មដែលធំជាងនេះទៅទៀតរួចម្តងហើយ គឺការអនុញ្ញាតឱ្យនាវាទេសចរណ៍អាមេរិក «Westerdam» ដែលប្រទេសនានាមិនឱ្យចូល តែកម្ពុជាបានអនុញ្ញាតឱ្យចូល ដើម្បីសង្គ្រោះប្រជាជន ដែលនៅលើនាវានោះបានរាប់ពាន់អ្នក ដោយមិនក្លាចជំងឺឆ្លងកូវីដ១៩ ដល់ប្រជាជនក្នុងប្រទេសរបស់ខ្លួននោះទេ ។ ដូចនេះហើយត្រូវតែបើកចិត្តឱ្យទូលាយ និងមើលឃើញពីផលប្រយោជន៍វែងឆ្ងាយរបស់ប្រទេសជាតិ នេះហើយដែលជាទ្រព្យសម្បត្តិរបស់ប្រទេសជាតិ៕នាគស

ព័ត៌មានពេញនិយម