ខេត្តសៀមរាប៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ប្រជាពលរដ្ឋបានប្រទះឃើញ ជនជាតិឥណ្ឌាម្នាក់ស្លាប់ ក្នុងសភាពចងក ក្នុងចំណុចខ្ទមចាំចំការដំឡូងរបស់ឈ្នោះ ធុច អុល នៅខាងជើងផ្លូវក្រាលក្រួសក្រហមចម្ងាយ ២៥ ម៉ែត្រ ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានប្រាប់អង្គភាពសារព័ត៌មាន គូលែនដេលី ឱ្យដឹងមូលហេតុហើយ។
សមត្ថកិច្ចថា សពឈ្មោះ CHAUHAN RAGHUVEER ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ឥណ្ឌា មុខរបរ លក់ដូរ ស្នាក់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា តាមការបំភ្លឺរបស់ឈ្មោះ វ៉ាន់ សាលាស់ ភេទស្រី មុខរបរ លក់ដូរ រស់នៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា ខ្លួនតែងឃើញជនជាតិឥណ្ឌា (សព) នេះជិះម៉ូតូលក់ឥវ៉ាន់ (មុង ភួយ ខ្នើយ អង្រឹង ខោអាវ) តាមភូមិប្រវ៉ាល ឃុំតាយ៉ែក ជាញឹកញ៉ាប់ ។ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៤ និង ៣០នាទីល្ងាច ជនជាតិឥណ្ឌានេះ បានចូលទិញស្រាសនៅតូបរបស់ខ្លួន ចំនួន កន្លះលីត្រ (មួយដបទឹកសុទ្ធ) រួចក៏ជិះម៉ូតូចេញទៅតាមផ្លូវក្រោយសាលាបឋមសិក្សាប្រវ៉ាល វិញទៅ ។
សមត្ថកិច្ចបន្ថែមថា ឈ្មោះ ប៉ក់ ផុន ភេទប្រុស រស់នៅភូមិ-ឃុំកើតហេតុ ក៍បានរៀបរាប់ប្រាប់ថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៥ និង ៣០នាទីល្ងាច ខ្លួនបានជិះម៉ូតូមកពីរកត្រីក៏ឆ្លងកាត់តាមផ្លូវក្រោយសាលាបឋមសិក្សាប្រវ៉ាលដល់ត្រង់ចំណុចខ្ទមចាំចំការរបស់ឈ្មោះ ធុច អុល ក៏ក្រឡេកទៅឃើញមានជនជាតិឥណ្ឌាម្នាក់ឈរនៅកៀនសសរក្បែរម៉ូតូរបស់គេ ដោយមិនឃើញមានអ្នកផ្សេងនៅក្បែរនោះឡើយ ។ ខ្លួនពុំបានចាប់អារម្មណ៍អ្វីទេ ក៏ជិះម៉ូតូហួសទៅផ្ទះបាត់ទៅ ។
បន្ថែមលើនេះទៅទៀតនោះ សមត្ថកិច្ចក៍ទទួលបានការបំភ្លឺរបស់ឈ្មោះ ហឿន លី ភេទស្រី អាយុ ៥៣ឆ្នាំ មុខរបរ កសិករ រស់នៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាបផងដែរ បានរៀបរាប់ថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៧ និង ០០នាទីព្រឹក ខ្លួនកំពុងអង្គុយលេងនៅក្រោមផ្ទះពេលនោះចៅប្រុសរបស់ខ្លួនឈ្មោះឡាង ប៊ុនលាប អាយុ ៨ឆ្នាំ បានជិះកង់មកពីរៀនហើយប្រាប់ខ្លួនថាឃើញឥណ្ឌាដែលតែងជិះម៉ូតូលក់មុងភួយតាមភូមិរបស់យើងបានចងកនៅខ្ទមយាមចំការដំឡូងរបស់ឈ្មោះ ធុច អុល ។ ពេលលឺដូច្នេះ ខ្លួនក៏ជិះម៉ូតូទៅមើល ស្រាប់តែឃើញមានជនជាតិឥណ្ឌាម្នាក់ចងកពិតប្រាកដមែន ។ ភ្លាមៗនោះខ្លួនក៏ស្រែកប្រាប់គេឯង និងរាយការណ៍ជូនសមត្ថកិច្ចតែម្តង ។
សមត្ថកិច្ចបញ្ជាក់ថា តាមការពិនិត្យសាកសព កមានស្នាមជាំទ្រុឌខ្មៅប្រវែង ១៩ស.ម; ជើងមានស្នាមរលាត់ស្បែកជាដំបៅនៅផ្នែកជង្គង់ខាងឆ្វេង ០១ កន្លែង និងផ្នែកប្រអប់ជើងខាងឆ្វេង ០១ កន្លែង ។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា តាមរយៈកម្លាំងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ និង ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សហការជាមួយ ក្រុមការងារ ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ក្រុមការងារ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី (ផែនអន្តោប្រវេសន៍) លោកវេជ្ជបណ្ឌិត សុខ សំណាង គ្រូពេទ្យកោសល្យវិច័យប្រចាំខេត្តសៀមរាប និងតាមរយៈការបំភ្លឺរបស់សាក្សី សមត្ថកិច្ចបានសន្និដ្ឋានថា សពបានស្លាប់ដោយចងកសម្លាប់ខ្លួនពិតប្រាកដមែន ពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មេីសព្រហ្មទណ្ឌទេ។
បច្ចុប្បន្ន សពត្រូវបានប្រគល់សពឱ្យស្ថានទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងរក្សាសពនៅវត្តស្ទឹងមានជ័យនៅរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕នាគស