ខេត្តសៀមរាប៖ ប្រទះឃើញសពជនជាតិកូរ៉េម្នាក់ ដែលមានក្លិនអសោច នៅក្នុងបន្ទប់លេខ ១០៤ នៃផ្ទះសំណាក់ សាយវ៉ក (Sidewalk Hotel) ដែលស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១២ និង ៣០នាទីថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០២៣កន្លងទៅ។ នេះបើតាមការឱ្យដឹងពីសមត្ថកិច្ចមកកាន់អង្គភាពសារព័តមាន គូលែនដេលី នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ។
សមត្ថកិច្ចថា សពជនជាតិកូរ៉េដែលស្លាប់នោះ មានឈ្មោះ SHIN IL CHEOL ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរគ្មាន កំពស់ 1.70 មែត្រ កាន់លិខិតឆ្លងដែនលេខ M93305208 ស្នាក់នៅកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចបន្តថា នៅកន្លែងកើតហេតុ ឈ្មោះ សែម ហុកសេង ភេទប្រុសអាយុ 33 ឆ្នាំមុខរបរបុគ្គលិកផ្ទះសំណាក់ សាយវ៉ក បានបំភ្លឺឱ្យដឹងថា កាលពីថ្ងៃទី ៧ ខែឧសភាឆ្នាំ ២០២៣ មានភ្ញៀវជនជាតិកូរ៉េម្នាក់ បានមកជួលបន្ទប់លេខ ១០៤ ស្នាក់នៅម្នាក់ឯង ហើយនៅថ្ងៃទី ៨ ខែឧសភាឆ្នាំ ២០២៣ ភ្ញៀវនោះបានមកកម្មង់អាហារយកទៅហូបក្នុងបន្ទប់គេង។ ចាប់តាំងពីពេលនោះមកមិនដែលឃើញគាត់ចេញក្រៅបន្ទប់សោះលុះដល់ថ្ងៃទី ១១ ខែឧសភាឆ្នាំ ២០២៣ វេលាម៉ោង ១២ និង ៣០ នាទីខ្ញុំដើរទៅមុខបន្ទប់លេខ ១០៤ នោះឃើញដាក់ផ្លាកសញ្ញាហាមចូលសំអាតបន្ទប់ និងមានក្លិនស្អុយភាយចេញមកក្រៅ។ ពេលខ្ញុំបើកបន្ទប់ស្រាប់តែឃើញគាត់ចងកនៅក្នុងបន្ទប់ទឹកស្លាប់មិនដឹងពីពេលណាមកទេ។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ ពិនិត្យសាកសពនិងតាមការបញ្ជាក់ពីលោកគ្រូពេទ្យកោសល្យវិច្ច័យខេត្តសៀមរាបយើងសន្និដ្ឋានបានថាស្លាប់ដោយសារ ចងក (ធ្វើអត្តឃាត)។ បច្ចុប្បន្នសាកសព ត្រូវបានយកទៅរក្សាទុកនៅវត្តទឹកថ្លារាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕នាគស