ខេត្តសៀមរាប៖ រកឃើញសពបុរសម្នាក់ នៅក្នុងកសិន្ធុទឹកអង្គរវត្ត ចំណុចចំបក់កំណប់ ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាបកាលពីព្រលប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឥឡូវស្គាល់អត្តសញ្ញាណ និងដឹងមូលហេតុហើយនៃការស្លាប់ហើយ។ នេះបើយោងតាមសមត្ថកិច្ច បញ្ជាក់ប្រាប់ អង្គភាពសារព័ត៌មាន គូលែនដេលី ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ។
សមត្ថកិច្ចថា សាកសពឈ្មោះ សៅ ម៉ិច ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរនៅផ្ទះ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។សមត្ថកិច្ចបន្តថា យោងតាមកំណត់ហេតុស្ដាប់ការបំភ្លឺរបស់ឈ្មោះ វីរៈ ឬទ្ធី ភេទប្រុស អាយុ៣០ឆ្មាំ មានទីលំនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានរៀបរាប់អោយដឹងថា: កាលពីឆ្នាំ២០១២ រូបខ្លួនបានស្គាល់គ្នាជាមួយឈ្មោះ សៅ ម៉ិច ភេទប្រុស អាយុ ៣០ឆ្នាំ តាមរយៈការរៀននៅសាលាវិទ្យាល័យអង្គរជាមួយគ្នា ក្រោយរៀនចប់ រូបខ្លួនក៏មិនបានជួបជាមួយនឹងឈ្មោះ សៅ ម៉ិច ទេ តែខ្លួនបានទាក់ទងគ្នាតាមរយះគណនីហ្វេសបុក ។ ជាក់ស្ដែងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ខ្លួនកំពុងតែនៅកន្លែងហាត់ប្រាណមួយកន្លែងស្ថិតនៅម្ដុំវត្តបូព៌ លុះដល់វេលាម៉ោង ១៣ និង ០០ នាទី ឈ្មោះ សៅ ម៉ិច បានឆាតតាម facebook មករូបខ្លួនថាឲ្យមកជួបគ្នានៅមាត់កសិន្ធុអង្គរ។ ពេលដែលពួកខ្លួនបាននិយាយជាមួយគ្នាតាមឆាតរួច រូបខ្លួនក៏បានទៅផ្ទះមុជទឹក ហើយបានបន្តជិះម៉ូតូរបស់ខ្លួនម្នាក់ឯងទៅទីតាំងដែលបានណាត់គ្នា ពេលទៅដល់ក៏បានឃើញឈ្មោះ សៅ ម៉ិច បានអង្គុយម្នាក់ឯងដោះអាវក្រៅទុកនៅលើថ្មរមាត់កសិន្ធុ បន្ទាប់មករូបខ្លួនសួរទៅឈ្មោះ សៅ ម៉ិច ថា ម៉េចបានដោះអាវទុក ពេលនោះរូបគេមិនបាននិយាយអ្វីជាមួយខ្លួនទេ រូបគេក៏បានលើកអាវពាក់ទៅវិញ ហើយពេលដែលរូបគេលើកអាវពាក់នោះ រូបខ្លួនក៏បានឃើញនៅត្រង់ចំណុចកដៃខាងស្ដាំ នឹង កដៃខាងឆ្វេងរបស់ផ្នែកខាងក្រោមរបស់គេមានស្នាមអាដៃ រួចរូបខ្លួនបន្តសួរទៅគេទៀតថាហេតុអ្វីបានជាមានស្នាមអាដៃដល់ថ្នាក់ហ្នឹង? ពេលនោះរូបគេឆ្លើយថារូបគេអាដៃខ្លួនឯង ហើយរូបខ្លួនក៏បាននិយាយទៅឈ្មោះ សៅ ម៉ិច ថាឱ្យព្យាយាមស្ដាប់ធម៌អប់រំចិត្ត ។ បន្ទាប់មករូបខ្លួនក៏បាននិយាយទៅកាន់ឈ្មោះ សៅម៉ិច ទៀតថា រឿងដែលកន្លងហួសទៅហើយឱ្យផុតទៅចុះកុំឲ្យគិតតទៀត។ ក្រោយពីរូបខ្លួនបាននិយាយណែនាំរួចនោះគេក៏បានឆ្លើយថា “រូបគេចង់ទៅជួបជាមួយឈ្មោះ ថោង សាមឌី ភេទប្រុស”។ និយាយប៉ុណ្ណឹងរូបគេក៏បានដេកនៅលើថ្មតែម្ដង។ បានមួយសន្ទុះរូបខ្លួនក៏បានទៅកេះសួរទៅឈ្មោះ សៅ ម៉ិច ថា ម៉េចឯងធ្វើអញ្ចឹង? អង្គុយឱ្យស្រួលទៅ ហើយបានញ៉ាំអីឬនៅ? គេបានឆ្លើយថា មិនបានហូបអ្វីទេ ហើយប្រាប់ថាចង់ហូបបាយសាច់ជ្រូក។ រួចរូបខ្លួនក៏បានឆ្លើយតបថា នៅទីនេះគ្មានបាយសាច់ជ្រូកទេមានតែបាយឆា បន្ទាប់ពីនិយាយរួចរូបខ្លួនក៏បានជិះម៉ូតូទៅទិញបាយឆាតែម្នាក់ឯង។ ក្រោយពីទិញបាយឆារួចហើយ រូបខ្លួនក៏បានត្រឡប់ទៅវិញ តែពេលទៅដល់ក៏មិនឃើញឈ្មោះ សៅ ម៉ិច នៅទីនោះទេ មិនដឹងបាត់ទៅណា ឃើញមាននៅសល់តែស្បែកជើងប៉ាត់តាពណ៌សមួយគូ ទូរសព្ទដៃមួយគ្រឿង កាបូបស្ពាយពណ៌ខ្មៅចំនួន០១ នឹងអាវក្រៅដៃវែង រួមជាមួយនឹងកង់មួយគ្រឿងរបស់គេ ។ ក្រោយពីរង់ចាំយូរពេកពុំឃើញរូបគេត្រឡប់មកវិញ រូបខ្លួនក៏បានរាយការណ៍ទៅអាជ្ញាធរអប្សរា ដែលនៅក្បែរនោះឲ្យជួយរាយការណ៍ទាក់ទងទៅសមត្ថកិច្ច បានមួយសន្ទុះក៏ស្រាប់តែឃើញមានសមត្ថកិច្ចមកដល់ ហើយបន្តនាំគ្នាដើររកឈ្មោះ សៅ ម៉ិច តែម្ដង ។ រហូតដល់វេលាម៉ោង ១៩ និង ០០នាទី រូបខ្លួនក៏បានឃើញសមត្ថកិច្ចស្រង់ឈ្មោះ សៅ ម៉ិច ចេញពីក្នុងទឹក ពេលនោះក៏បានឃើញ សៅ មុិច បានស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបន្ថែមទៀតថា យោងតាមការបំភ្លឺរបស់បងថ្លៃសព មានឈ្មោះ រ៉ម ខនថារ៉េត ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានអោយដឹងថា ឈ្មោះ សៅ ម៉ិច ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវជាប្អូនថ្លៃរបស់ខ្លួន ពុំដែលមានបញ្ហាអ្វីនោះទេតាំងពីខ្លួនបានបងគេធ្វើជាប្ដីប្រពន្ធ។ ប្រហែលជាមួយអាទិត្យមុន ក្នុងខែឧសភា ឆ្នាំ២០២៣ រូបខ្លួនបានឃើញតាមរយៈហ្វេសប៊ុកគេ ដែលមានឈ្មោះជាអក្សរអង់គ្លេសថា Ly MECH (លីម៉ិច) បានសរសេរនៅក្នុងគណនេយ្យហ្វេសប៊ុកជាអក្សរខ្មែរ សរសេររៀបរាប់ថា រូបគេយំនឹកដល់ឈ្មោះ សាម ឌី ដែលត្រូវជាពួកម៉ាករបស់គេ។ លុះដល់ពេលដែលប្អូនថ្លៃរបស់ខ្លួនឈ្មោះ សៅ ម៉ិច មានសភាពបែបនេះ រូបខ្លួន និងបងប្អូនទាំងអស់គ្នាបានហៅឈ្មោះ សៅ ម៉ិច មកសួរធ្វើតេស្តពីអារម្មណ៍កុំឲ្យគិតខ្លី ពេលដែលពួកខ្លួនធ្វើតេស្តអារម្មណ៍រួចហើយ ក៏បានពន្យល់ណែនាំរូបគេបន្ថែមទៀត។ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ឈ្មោះសៅ ម៉ិច បានធ្វើសកម្មភាពលេបថ្នាំបំណងសម្រាប់ខ្លួននៅផ្ទះ តែពួកខ្លួន និង បងប្អូនចូលទៅទាន់ ហើយបាននាំរូបគេទៅពេទ្យបង្អែកខេត្តសៀមរាបតែម្ដង ពេលដែលចេញពីមន្ទីរពេទ្យបានព្យាបាលរូបគេជាហើយ រូបខ្លួនបានយករូបគេមកផ្ទះ ហើយបាននាំគ្នាដេកយាមទាំងអស់គ្នា។ បន្ទាប់ពីបានមួយថ្ងៃក្រោយចេញពីមន្ទីរពេទ្យ រូបគេបានអាដៃខ្លួនឯងក្នុងបន្ទប់ដេកផងដែរ ពេលនោះពួកខ្លួនព្យាយាមនិយាយលួងលោមគេ តែគេមិនស្ដាប់អ្វីទាំងអស់។ ជាក់ស្ដែងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង១២ និង ០០នាទី ឈ្មោះសៅ ម៉ិច បានជិះកង់ចេញពីផ្ទះម្នាក់ឯង ហើយបងប្អូនឃាត់ដែរ តែគាត់មិនបានស្ដាប់ឡើយ រូបគេក៏ជិះកង់ចេញទៅបាត់ទៅ។ លុះដល់វេលាម៉ោង ១៥ និង ០០នាទី ប្អូនថ្លៃស្រីរបស់ខ្លួនឈ្មោះ សៅ វិស័យសិដ្ឋិ ភេទស្រី បាននិយាយប្រាប់ខ្លួនថាជួយរកឈ្មោះ សៅ ម៉ិច ផងព្រោះគេបានបាត់ខ្លួននៅម្ដុំមាត់កសិន្ធុអង្គរវត្ត។ ពេលដែលទទួលបានព័ត៌មានហើយ រូបខ្លួនក៏ជិះម៉ូតូចេញមករកនៅចំណុចខាងលើទាំងអស់គ្នាតែម្ដង ដើម្បីជួយដើររកគ្នា។ លុះពេលមកដល់វេលាម៉ោង១៩ និង ០០នាទី ក៏ឃើញមានសមត្ថកិច្ចនៅទីនោះបានចុះស្រង់ប្អូនថ្លៃរបស់ខ្លួនឈ្មោះ សៅ ម៉ិច ចេញពីក្នុងទឹក ដែលពេលនោះប្អូនថ្លៃរបស់ខ្លួនបានស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបានបញ្ជាក់ថា ផ្អែកតាមការពិនិត្យសាកសព ឃើញផ្នែកក្បាល ក និង ដងខ្លួននៃសព ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សម្គាល់នោះទេ លើកលែងតែផ្នែក កដៃ ទាំងសងខាង មានស្នាមអារដាច់ស្បែកជាច្រើនកន្លែង ដែលជាស្នាមចាស់។ យោងតាមការបំភ្លឺឈ្មោះ វីរៈ ឬទ្ធី ការបំភ្លឺរបស់បងថ្លៃឈ្មោះ រ៉ម ខនថារ៉េត នឹង ផ្អែកតាមការពិនិត្យសាកសព ជាក់ស្ដែងនៅកន្លែងកើតហេតុយើងសន្និដ្ឋានថា សាកសពបានលង់ទឹកបណ្ដាលអោយស្លាប់ ដោយវិបត្តិផ្លូវចិត្ត ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌអ្វីនោះទេ។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕នាគស